Paris Peace Accords 23 Oct. 1991

Friday, February 17, 2017

លោក​ គឹម សុខ ​ត្រូវ​ តុលាការ ​ចាប់​ខ្លួន ​ក្រោម​សំឡេង​ តវ៉ា | Court sentenced Kim Sok to detention for his criticism

media
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គមដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្តឹង​ពី​បទបរិហាកេរ្តិ៍​។​

លោក​ គឹម សុខ ​ត្រូវ​ តុលាការ ​ចាប់​ខ្លួន ​ក្រោម​សំឡេង​ តវ៉ា

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ១៧ កុម្ភៈ ២០១៧

តុលាការ ​ក្រុង​ភ្នំពេញ ​នៅ​រសៀល​ ថ្ងៃ​ទី១៧ កុម្ភៈនេះ សម្រេច​ ឃុំ​ខ្លួន​ លោក គឹម សុខ អ្នក​វិភាគ ​សម្តីឆៅ​ ដាក់​ពន្ធនាគារ​ ក្រោម​បទ​ចោទ ​ញុះ​ញង់​ ឱ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ​ ជាអាទិ៍ និង​បរិហារ​កេរ្តិ៍​ ជា​សាធារណៈ​។  បណ្តឹង​នេះ ​គឺ​ ធ្វើឡើង​ តាម​បញ្ជា​ ពី​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ប្តឹង​ អ្នក​វិភាគ ​រូប​នេះ​ ថា​ ពីរឿង​ បរិហារកេរ្តិ៍​ បក្សកាន់​អំណាច ​ថា​ ជា​អ្នក​ នៅ​ពី​ក្រោយ ​ការ​សម្លាប់​ លោក​បណ្ឌិត​ កែម ឡី​។  ទន្ទឹម​ នឹង​នេះ ក្រុម ​ប្រជាពល​រដ្ឋ​ ដែល​រួម​មាន​ ទាំង​ព្រះសង្ឃ​ផង បាន​រិះ​គន់​ តុលាការ​ កម្ពុជា ថា អយុត្តិធម៌។

នៅម៉ោង​ប្រមាណ​ជាង​៣​រសៀលនេះ លោក​គឹម សុខ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​រថយន្ត​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​ ខណៈ​ដែល​ប្រជាពល​ដែល​ឈរ​នៅ​ក្រៅ​របង​តុលាការ​មួយ​ក្រុម​ស្រែក​ថា​អយុត្តិធម៌ និង​រិះគន់​តុលាការ​កម្ពុជា​ជា​ខ្លាំង​។ លោកគឹម សុខ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍ជាសាធារណៈ» តាម​ពាក្យ​បណ្តឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោកនាយក​រដ្ឋមន្ត្រី​ដែលបាន​ប្តឹង​អ្នកវិភាគ​រូបនេះ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន​ដុល្លារ ក្រោយ​ការ​អត្ថាធិប្បាយ​ក្នុង​ស្ថានីយ៍​វិទ្យុ​អន្តរជាតិ​មួយ​ជុំវិញ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ តុលាការ​បាន​បញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​លោកគឹម សុខ​គឺគ្មាន​មូល​ដ្ឋាន​ច្បាប់​នោះ​ទេ។

សូម​រំលឹក​ថា​រឿងរាវ​នេះ​ បានកើត​ឡើង​កាលពី​ថ្ងៃ​ទី១៣​ កុម្ភៈ។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី លោក​គឹម សុខ អ្នក​វិភាគ​សង្គម បាន​និយា​យថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ...មិន​ឃើញ​ថា គាត់​ធ្វើ​ដើម្បី​ចង់​បាន​បង្កើន​ប្រជាប្រិយ​ភាព​អី​ទេ... និយាយ​ឱ្យ​ចំ​តែ​ម្តង​ទៅ បន្ត​ប្លន់​អំណាច
។​» 

លោក គឹម សុខ ​បន្ត​ប្រាប់​ អាស៊ី សេរី​ ទៀត​ ថា៖ «ធ្វើ​អស់​ ហ្នឹង​ហើយ សម្លាប់​​ហើយ​អី​ហើយ​ហ្នឹង ទាំង​ចុង​ក្រោយសម្លាប់​ លោក កែម ឡី​ទៀត សម្លាប់​ហើយ​អីហើយ​ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ងើប។ ចឹង​ហើយ​មាន​តែ​វិធីមួយ​ចុង​ក្រោយ​ទេ គឺ​ប្រើ​ច្បាប់។​» ​ 

ពាក្យ​​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឱ្យលោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​បញ្ជា​ឱ្យ​មេធាវី​ប្តឹង​លោក គឹម សុខ ទៅ​កាន់​តុលាការ។

ក្រៅ​ពីបណ្តឹង​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ មួយ​បណ្តឹង​បន្ថែម​ទៀត​ពី​បទ «ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​ការ​សម្លាប់​មនុស្ស​ហើយ រក​មុខ​ឃាតក​មិនឃើញ» ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០លាន​រៀល ដែល​ស្មើ​នឹង​២ពាន់៥រយ​ដុល្លារ។ សរុបលោកគឹម សុខ​មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន​ពីរ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្តឹងក្រោយ​ការ​អត្ថាធិប្បាយ​កាលពីពេលថ្មីៗ​នេះ។​

សូម​កត់​សំគាល់​ថា លោក​គឹមសុខ គ្មាន​មេធាវី​ការ​ពារ​ក្តី​ទេ​ក្នុង​សំណុំរឿង​នេះ។ មុន​ពេល​ចូល​សវនាការ​បំភ្លឺ លោកគឹម សុខ បាន​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​វត្តចាស់​ក្នុង​សង្កាត់​ជ្រោយ​ចង្វា រហូត​ដល់​តុលាការ ដោយ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​ជា​ច្រើន​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ផង​ដែរ។

ព្រះតេជ​គុណ ប៊ុត ប៊ុន​ទិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ជាអ្នក​រិះគន់​រដ្ឋាភិបាល​ផង បាន​តាមដាន​ព្រឹត្តការណ៍​​ពេញ​មួយ​ថ្ងៃ បាន​មាន​សង្ឃ​ដីកា​រិះ​គន់​ថា​ការ​សម្រេច​ឃុំខ្លួន​នេះ គឺ​ជារឿង​អយុត្តិ​ធម៌ ហើយ​មាន​សង្ឃដីកា​បន្ត​ថា ការ​រិះគន់​ប៉ុណ្ណេះ មិនគួរ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។ ប៉ុន្តែ​ទាំង​លោកនាយករដ្ឋ​មន្ត្រី និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ការអត្ថា​ធិប្បាយ​របស់​លោក​គឹម សុខ គឺជាការ​ចោទ​គណបក្ស​កាន់អំណាច​ទាំង​ងងឹត​ងងុល។


ចំពោះការ​ចាប់ខ្លួន​លោក​គឹម សុខ ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា វាជា​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ដែល​គ្មាន​អ្នកណា​ហ៊ាន​អត្ថាធិប្បាយ​ទៀត​ឡើយ៕





No comments:

Post a Comment