តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា) |
HRW ហៅ ការអនុម័ត ច្បាប់ ស្តីពី បក្សនយោបាយ ថា ជាជ័យជំនះ របស់ អំណាច ផ្តាច់ការ
| ២០ កុម្ភៈ ២០១៧
អង្គការ ឃ្លាំងមើល សិទ្ធិមនុស្ស បានចាត់ទុក ការអនុម័ត របស់ រដ្ឋសភា ទៅលើ សេចក្តី ស្នើច្បាប់ ស្តីពី គណបក្ស នយោបាយ ថា ជាជ័យជំនះ របស់ អំណាច ផ្តាច់ការ លើសិន្ធិសញ្ញា សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ១៩៩១។
ក្នុងសេចក្តីប្រកាសចុះថ្ងៃទី២០ខែកុម្ភៈ នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំងមើលសិទ្ធិមនុសុ្ស Human Rights Watch លោក ភីល រ៉ូបីតសាន់ បានចាត់ទុកច្បាប់ស្តីពីគណបក្សនយោបាយថា គោលបំណងនៃច្បាប់នេះ គឺភ្ជង់តម្រង់ទៅកាន់គណបក្សសង្គ្រោះជាតិ។ លោកថា ខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ យុត្តិសាស្ត្ររបស់លោក ហ៊ុន សែន បានបង្ហាញឲ្យកាន់តែច្បាស់តាមរយៈការបំភ័យសម្លុត ស្ថាប័នប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលនានា ដោយប្រើប្រាស់ច្បាប់ក្នុងការបំបិទសំឡេងទាំងអស់នេះ និងតាមរយៈតុលាការដែលស្ថិតក្រោមអំណាចរបស់ខ្លួន។
លោកបន្ថែមថា កម្ពុជាកំពុងដើរសំដៅទៅរកប្រជាធិបតេយ្យមួយ ដែលមានតែឈ្មោះប៉ុណ្ណោះទៅថ្ងៃខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាការលើកឡើងរបស់នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch ជាការបញ្ចេញមតិលក្ខណៈឯកជនរបស់បុគ្គលម្នាក់ ដោយមិនស្របតាមសភាពការណ៍បច្ចុប្បន្នរបស់កម្ពុជា ហើយកម្ពុជាមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់អ្នកណាម្នាក់នោះទេ។ លោកបានបញ្ជាក់ថា ច្បាប់នេះ វាបានការពារលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទៅវិញទេ។
លោកថា៖ «សុំជម្រាបគាត់ថា ច្បាប់អី ក៏ដោយវាមិនខុសទេវាខុសតែមនុស្សដែលអនុវត្តន៍ច្បាប់ហ្នឹងវាខុស។ បើសិនជាមានច្បាប់ហើយ មនុស្សអនុវត្តន៍តាមច្បាប់ឲ្យបានត្រឹមត្រូវទៅ វាអត់មានបញ្ហាកើតឡើងទេ។ អញ្ចឹង អ្នកដែលមានទោសទាំងប៉ុន្មានហ្នឹង សុទ្ធតែអ្នកអនុវត្តន៍ខុសច្បាប់ ត្រូវយល់អញ្ចឹងច្បាប់អត់ខុសទេ តែអ្នកអនុវត្តន៍ទេដែលខុស។ ជាពិសេស អ្នកដែលចង់ធ្វើសកម្មភាពអនាធិបតេយ្យក្រៅច្បាប់ហ្នឹងណាដែលជាអ្នកថ្នាំថ្នាក់ជាមួយច្បាប់នេះ ឬមួយការអនុម័តច្បាប់នេះ។»
ច្បាប់ស្តីពីបក្សនយោបាយដែលសភាអនុម័តហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាកឬរំលាយគណបក្សនយោបាយណាមួយចោលក៏បាន ប្រសិនបើក្រសួងរកឃើញថាគណបក្សនយោបាយនោះ បំពានទៅលើច្បាប់ថ្មីនេះ។
នៅថ្ងៃនេះផងដែរ ស្ថានទូតអាមេរិកបានសម្តែងក្តីបារម្ភ ថាច្បាប់នេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់លិទ្ធិប្រជាជាធិបតេយ្យ ដោយសារការអនុម័តធ្វើឡើងដោយប្រញាប់ និងមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:តែបន្តិចបន្តួចតែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះសមាជិកសភាអាមេរិក និងសមាជិកសភាអឺរ៉ុបបានរិះគន់ទៅលើច្បាប់នេះថា នឹងអាចនាំកម្ពុជាទៅរកការគ្រប់គ្រងតែមួយបក្សទៅថ្ងៃអនាគត ដោយលើកឡើងថាច្បាប់នេះនឹងបើកសិទ្ធិឲ្យរដ្ឋាភិបាល មានអំណាចកាន់តែខ្លាំងឡើងក្នុងការរារាំងបក្សនយោបាយដទៃដែលជាគូរប្រជែងខ្លួនមិនឲ្យធ្វើនយោបាយបាន ហើយទៅថ្ងៃមុខវាជាគ្រោះថ្នាក់មួយនៃដំណើការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
No comments:
Post a Comment