Paris Peace Accords 23 Oct. 1991

Monday, February 6, 2017

សកម្មជន​ បក្ស​ប្រឆាំង​ នៅ​រតនគិរី ​ចោទ​ប៉ូលិស​ គំរាម ​រក​បញ្ជី​ឈ្មោះ​ បេក្ខជន​ ឈរ​ឈ្មោះ​ បោះ​ឆ្នោត | Opposition activists in Ratanakiri accuse police for seeking names of candidates running in election

ផែនទី​ខេត្ត​រតនគិរី។

សកម្មជន​ បក្ស​ប្រឆាំង​ នៅ​រតនគិរី ​ចោទ​ប៉ូលិស​ គំរាម ​រក​បញ្ជី​ឈ្មោះ​ បេក្ខជន​ ឈរ​ឈ្មោះ​ បោះ​ឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៧


សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ស្រុក​ លំផាត់ ខេត្ត​ រតនគិរី ចោទ​ប្រកាន់ ​នាយ​រង​ន គរបាល​ ប៉ុស្តិ៍​ឃុំ​ជ័យឧត្ដម ថា​, មាន​ចេតនា​ គំរាម​កំហែង​ ស្មារតី​ បេក្ខជន​ ឈរ​ឈ្មោះ​ សម្រាប់​ ការ​បោះឆ្នោត ​ក្រុមប្រឹក្សា​ឃុំ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ។   ចំណែក​ មន្ត្រី​ នគរបាល​ បដិសេធ ​ការ​ចោទ​ប្រកាន់ ​នេះ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង ​នៅ​ថ្ងៃ​ ទី​៤ ខែ​កុម្ភៈ មួយ​ថ្ងៃ​ក្រោយ​ ពេល​មន្ត្រី​ ប៉ូលិស​ឃុំ​ សូម ឲ្យ​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ បង្ហាញ​ បញ្ជី​ឈ្មោះ​ បេក្ខជន​ ឈរ​ឈ្មោះ ​បោះឆ្នោត ​ក្រុមប្រឹក្សា​ឃុំ​ ដែល​ទើប​ បញ្ចប់ ​ធ្វើ​បញ្ជី​ឈ្មោះ​ បញ្ជូន​ទៅ ​ថ្នាក់​ជាតិ។


អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​លំផាត់ លោក ស្វិន វេវ បញ្ជាក់​ថា នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ស្នើ​សុំ​បញ្ជី​ឈ្មោះ​នោះ​ដើម្បី​គេ​ថត​បញ្ជូន​ទៅ​អធិការ​ប៉ូលិស​ស្រុក ដែល​ករណី​នេះ​លោក​ថា ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សកម្មជន​គណបក្ស​នយោបាយ និង​ជា​ការ​គំរាមកំហែង​បេក្ខជន​ឲ្យ​ភ័យ​ខ្លាច។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​គណបក្ស​កាន់​អំណាច​បញ្ឈប់​ការ​បំភិតបំភ័យ​នេះ​ដើម្បី​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិ​ចូល​រួម​ផ្នែក​នយោបាយ​ពេញ​លេញ៖ «ដើម្បី​បំបាក់​ស្មារតី​ទើប​ឈរ​ឆ្នាំ​នេះ​ពី​មុន​អត់​ជាប់​ទេ ជ័យឧត្ដម​ហ្នឹង»

​គណៈកម្មការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បញ្ចប់​ធ្វើ​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ដើម្បី​បញ្ជូន​បញ្ជី​ឈ្មោះ​នេះ​ទៅ​គណបក្ស​ថ្នាក់​ជាតិ សម្រេច​និង​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​នេះ​ទៅ​គណៈកម្មការ​ជាតិ រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ពិនិត្យ​ចុះ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ។ បញ្ជី​ឈ្មោះ​នោះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ពីរ​លេខ​រៀង​ទី​១ ​ដល់​លេខ​រៀង​ទី​១០ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ការ​សំងាត់ មិន​បញ្ចេញ​បញ្ជី​​ឈ្មោះ​ឲ្យ​ដឹង​នៅ​ឡើយ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​រង​នគរបាល​ប៉ុស្តិ៍​ឃុំ​ជ័យឧត្ដម លោក ម៉ៅ ឡាត់ ចាត់​ទុក​ថា ជា​ការ​យល់​ច្រឡំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​លោក​​មិន​បាន​ស្នើ​សុំ​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នោះ​ទេ ក៏ប៉ុន្តែ​បាន​ស្នើ​សុំ​ស្រង់​ស្ថិតិ​បញ្ជី​ឈ្មោះ​តំណាង​គណបក្ស​នានា ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ឃុំ​តាម​ការ​ណែនាំ​របស់​អធិការ​ស្រុក។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ហេតុផល​ត្រឹមត្រូវ ពីព្រោះ​​លោក​បាន​ពោល​ពាក្យ​ស្នើ​សុំ​ក្នុង​នាម​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា៖ «ខាង​សន្តិសុខ​ឲ្យ​ខ្ញុំ​ស្រង់​ណា! បើ​គាត់​ថា អត់​មាន​ខ្ញុំ​ក៏​អត់​បង្ខំ​ដែរ គាត់​ក៏​ធ្វើ​ការ​ខាង​នោះ ខ្ញុំ​ក៏​ធ្វើការ​​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍»

គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​ឆ្នោត​កាល​ពី​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ជ័យឧត្ដម អាណត្តិ​ទី​៤ ដែល​មាន​សមាសភាព ៥​រូប គ្រា​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​តំបន់​នោះ​ដែរ។
ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ថា បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​នានា ដែល​គ្រោង​ដាក់​បញ្ជី​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត។ លោក​ថា នេះ​ជា​សិទ្ធិ​សម្រេច​របស់​សាមី​មន្ត្រី​គណបក្ស ប្រសិន​មាន​ការ​ស្នើ​សុំ​បញ្ជី​ឈ្មោះ​បេក្ខជន​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​អ្វី​ផង មិន​ដឹង​ការ​ពិត ឬ​ម៉េច អា​ហ្នឹង​អាស្រ័យ​សម្របសម្រួល​គ្នា​ទៅ​របស់​គេ​​តើ​សិទ្ធ​របស់​គណបក្ស»

​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំណត់​ឲ្យ​គណបក្ស​នយោបាយ​នានា ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧៕



No comments:

Post a Comment