បក្ស កាន់អំណាច កំពុង ប្រមូល ហត្ថលេខា តំណាងរាស្ត្រ ធ្វើវិ សោធនកម្ម ច្បាប់ បក្ស នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៧
នៅពេលនេះ គណបក្ស ប្រជាជន កម្ពុជា កំពុង ប្រមូល ហត្ថលេខា តំណាងរាស្ត្រ នៃគណបក្សនេះ ដើម្បី ដាក់ទៅសភា សម្រាប់ ស្នើធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពី គណបក្ស នយោបាយ តាមការ ចង់បាន របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទាក់ទង រឿងនេះ ប្រធាន ក្រុម តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ទាមទារ ឲ្យគណបក្ស កាន់អំណាច កែច្បាប់នេះ ឲ្យមាន ប្រយោជន៍ ដល់គ្រប់ គណបក្ស នយោបាយ។
មិន មានអ្វី ដែលជាឧបសគ្គ ចំពោះ គណបក្ស ប្រជាជន កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅធ្វើ វិសោធនកម្ម ឬកែច្បាប់ ស្ដីពី គណបក្ស នយោបាយ ដែលគណបក្សនេះ យល់ថា ធ្វើបាន កាន់តែ លឿន កាន់តែ ល្អ ព្រោះ យល់ ថា, មាត្រាខ្លះ នៃច្បាប់ ហួសសម័យ ដូច្នេះ ត្រូវ ធ្វើ ឲ្យទាន់ សភាពការណ៍។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា ក្រុមប្រឹក្សាផ្នែកច្បាប់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពចម្រុះមកពីក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការទី៦ នៃរដ្ឋសភា ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី កំពុងពិនិត្យមើលសេចក្ដីព្រាងថ្មី។ ទោះយ៉ាងនេះក្ដី លោក សុខ ឥសាន មិនទាន់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា កែប្រែមាត្រាណាខ្លះនៅឡើយទេ ដោយលោកបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ មិនមែនកែត្រឹមការហាមមិនឲ្យអ្នកមានទោសធ្វើជាប្រធាន និងអនុប្រធានគណបក្សនយោបាយប៉ុណ្ណោះទេ៖ «យើង ត្រូវ ធ្វើឲ្យ ស្របតាម សភាពការណ៍ ជាក់ស្ដែងថ្មី, ហើយ ដែលយើង ឆ្លងកាត់ ការអនុវត្ត កន្លងទៅ។ មានចំណុចណា ខ្វះចន្លោះ យើង ត្រូវ បំពេញ បន្ថែម។ យើង ធ្វើនេះ មិនមែន សំដៅទៅ បុគ្គល ក ឬបុគ្គល ខ នោះទេ។ យើង ធ្វើ សម្រាប់ បុគ្គល ក និងបុគ្គល ខ នៃគណបក្ស នយោបាយ ទាំងអស់។»
ច្បាប់ស្ដីពីគណបក្សនយោបាយដែលមាន ១១ជំពូក ៤៥មាត្រា បានបង្កើតឡើងកាលពីឆ្នាំ១៩៩៧។ តាមច្បាប់តំណាងរាស្ត្រ មួយភាគបួន ឬជាង ៣០រូបនៃតំណាងរាស្ត្រសរុប អាចស្នើសុំធ្វើវិសោធនកម្មច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា សំណើកែប្រែច្បាប់គណបក្សនយោបាយនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រមូលហត្ថលេខារបស់តំណាងរាស្ត្រពី ៤០រូបទៅ ៥០រូប។
បើតាមលោក សុខ ឥសាន បែបផែននៃដំណើរការធ្វើវិសោធនកម្មច្បាប់មានដំណាក់កាលដូចជា ក្រោយពីបានប្រមូលហត្ថលេខារបស់តំណាងរាស្ត្ររួចហើយ ត្រូវប្រគល់ទៅគណៈអចិន្ត្រៃយ៍សភា ហើយគណៈអចិន្ត្រៃយ៍បញ្ជូនទៅគណៈកម្មការជំនាញនៃរដ្ឋសភា និងបន្ទាប់ពីគណៈកម្មការជំនាញត្រួតពិនិត្យរួចហើយ ត្រូវប្រគល់ត្រឡប់មកគណៈអចិន្ត្រៃយ៍សភាវិញ ទើបគណៈអចិន្ត្រៃយ៍កំណត់ថ្ងៃប្រជុំសភាដើម្បីអនុម័ត។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ សម្ដែងការហួសចិត្តចំពោះគម្រោងធ្វើវិសោធនកម្មនេះ ព្រោះលោកប្រាប់ថា ច្បាប់ស្ដីពីគណបក្សនយោបាយមិនទាន់អនុវត្តបានគ្រប់មាត្រាផង ស្រាប់តែពេលនេះត្រូវធ្វើវិសោធនកម្មទៀត។ លោកយល់ថា ដើម្បីឲ្យការធ្វើវិសោធនកម្មនេះមានសមធម៌ ត្រូវកំណត់ហិរញ្ញវត្ថុរបស់គណបក្សនយោបាយក្នុងពេលធ្វើការឃោសនាឲ្យស្មើៗគ្នា។ ផ្ទុយពីលោក ហ៊ុន សែន លោក សុន ឆ័យ នៅតែយល់ថា ប្រធាន ឬអនុប្រធានគណបក្សមួយ ប្រសិនបើសមាជិកនៃគណបក្សនោះគាំទ្ររួចហើយ មិនត្រូវមានច្បាប់ណាហាមប្រាមនោះទេ៖ «មេបក្ស នៅក្នុង គណបក្ស នយោបាយ ដែលមាន ការគាំទ្រ ពីសមាជិក របស់គេ ត្រូវតែ ការពារ មានសមាជិក របស់គាត់ ដែលមាន សិទ្ធិដោះដូរ មិនត្រូវ មានច្បាប់ ណា ហាមប្រាម នោះទេ។»
លោក សុន ឆ័យ ក៏ចង់ឃើញវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតបន្ថែមទៀត ដើម្បីហាមមិនឲ្យមន្ត្រីយោធា និងមន្ត្រីរដ្ឋប្រើអំណាច និងតួនាទីរបស់ខ្លួនទៅឃោសនាគាំទ្រគណបក្សនយោបាយ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ក្នុងពេលកំពុងមានវិបត្តិនយោបាយដូចនេះ មិនត្រូវធ្វើវិសោធនកម្មច្បាប់នយោបាយឡើយ ព្រោះនឹងដាក់បន្ទុកទៅគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល។ លោកបន្តទៀតថា ច្បាប់ស្ដីពីគណបក្សនយោបាយសព្វថ្ងៃ នៅប្រើប្រាស់បាន ដែលមិនទាន់ហួសសម័យនៅឡើយទេ៖ «ប្រុងធ្វើវិសោធនកម្មដូចប្រញាប់ពេក។ ខ្ញុំមើលទៅវិសោធនកម្មនេះ មិនមែនជួយដល់គណបក្សនយោបាយទេ បែរជាធ្វើឲ្យផុយស្រួយទៅវិញទេ។»
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែមករា ប្រាប់ទៅក្រុមការងាររបស់លោក គួរលុបឈ្មោះគណបក្សនយោបាយដែលបានបញ្ជូនឈ្មោះទៅក្រសួងមហាផ្ទៃ រួចហើយ ប៉ុន្តែមិនអាចរកស្នាមមេដៃអ្នកគាំទ្រ ៤.០០០នាក់ក្នុងរយៈពេលកំណត់។ ចំណុចមួយទៀត លោក ហ៊ុន សែន ចង់យកគំរូតាមប្រទេសថៃ ដោយកំណត់ថា បើប្រធានគណបក្សណាប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ត្រូវរំលាយគណបក្សចោល និងហាមមេដឹកនាំ និងគណៈកម្មការនាយកនៃគណបក្សមិនឲ្យធ្វើនយោបាយក្នុងរយៈពេលណាមួយ។
ចំណុចមួយទៀត លោក ហ៊ុន សែន ទាមទារឲ្យលុបឈ្មោះគណបក្សណាដែលទទួលជំនួយពីបរទេស ប៉ុន្តែបើជំនួយរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស អនុញ្ញាតឲ្យទទួលបាន។ ចំណុចរសើបមួយទៀត លោក ហ៊ុន សែន នៅតែនិយាយដដែលថា នឹងហាមមិនឲ្យអ្នកមានទោស ធ្វើជាប្រធាន និងអនុប្រធានគណបក្សនយោបាយ។ ចំណែកលោក សម រង្ស៊ី ហៅឥរិយាបថចុងក្រោយរបស់លោក ហ៊ុន សែន បែបនេះ ថាព្រោះលោកនាយករដ្ឋមន្ត្រីកំពុងភ័យស្លន់ស្លោខ្លាចចាញ់ឆ្នោត៕
No comments:
Post a Comment