Paris Peace Accords 23 Oct. 1991

Saturday, February 18, 2017

មន្ត្រី​ បក្ស​ កាន់អំណាច​ ថា, ការ​កែ​ប្រែ​ ច្បាប់​ នយោបាយ​ នឹង​ទៅមុខ ​ទោះ​ សង្គម​ស៊ីវិល​ ស្នើ​ ឲ្យ​បញ្ឈប់ | Ruling party official says amendment to law on political [parties to go ahead in spite of civil society's request to end process]

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី​ បក្ស​ កាន់អំណាច​ ថា, ការ​កែ​ប្រែ​ ច្បាប់​ នយោបាយ​ នឹង​ទៅមុខ ​ទោះ​ សង្គម​ស៊ីវិល​ ស្នើ​ ឲ្យ​បញ្ឈប់

RFA / វិទ្យុ អាស៊ី សេរី | ១៨ កុម្ភៈ ២០១៧

v


មន្ត្រី​ គណបក្ស​ ប្រជាជន​ កម្ពុជា អះអាង​ ថា, ការ​ធ្វើ​ វិសោធនកម្ម​ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ នឹង​មិន​ ថយក្រោយ​ ឡើយ។   ការ​បញ្ជាក់​ ជំហរ​ ជា​ថ្មី​ទៀត របស់​ មន្ត្រី​បក្ស​ កាន់អំណាច​ នេះ ធ្វើ​ឡើង​បន្ទាប់ ពី​សម្ព័ន្ធ​ កំណែទម្រង់​ ការបោះឆ្នោត (ERA) ដែល​កាល ពី​ថ្ងៃ ​ទី​១៧ កុម្ភៈ ស្នើ​បក្ស​ កាន់អំណាច​ មិន​ឲ្យ​ អនុម័ត ​វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ។


ការ​ស្នើ​របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​នេះ នៅ​មុន​ពេល​រដ្ឋសភា​គ្រោង​បើក​ការប្រជុំ នៅ​ថ្ងៃចន្ទ ទី​២០ កុម្ភៈ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​ឈាន ដល់​ការ​រារាំង​មេ​បក្ស​ប្រឆាំង មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត លើក​ឡើង​ថា ខ្លឹមសារ​នៃ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​ច្បាប់ គឺ​មិន​ស្របតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស សិទ្ធិ​ចូលរួម សកម្មភាព​ក្នុង​ជីវភាព​នយោបាយ សេរីភាព​បង្កើត​គណបក្ស​នយោបាយ និង​សេរីភាព​បញ្ចេញមតិ។ បន្ថែម​ពីលើ​នេះ សេចក្ដី​ស្នើ​ច្បាប់​ក៏​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល នៃ​បក្ស​កាន់​អំណាច​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​ផ្សេងៗ និង​រឹតត្បិត​សកម្មភាព នយោបាយ​របស់​គណបក្ស និង​ឈាន​ដល់​ការ​រំលាយ​គណបក្ស​នយោបាយ​ទៀត​ផង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ខ្លួន សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​បញ្ជាក់​ថា នៅ​ពេល​ដែល ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់ បក្ស​កាន់អំណាច​មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់ គណបក្ស​នយោបាយ​ដោយ​ឯក​បក្ស​នោះ​ទេ។

ទោះជា​យ៉ាងណា មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា នឹង មិន​មាន​ដកថយ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​ឡើយ។ លោក​ថា ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់ នៅ​ពេល​ខាងមុខ គឺ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សភា​ពេញ​អង្គ ដែល​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា អាច​ចូលរួម​បាន ប៉ុន្តែ​បើ​បក្ស​ប្រឆាំង​មិន​ចូលរួម លោក​ថា វា​ជា​រឿង​របស់​បក្ស​ប្រឆាំង៖ «ពីព្រោះ​ទុក​ច្បាប់​ហ្នឹង​អនុវត្ត​២០​ឆ្នាំ​ហើយ វា​កើតឡើង​បញ្ហា​មួយ​ចំនួន​មិន​ស្របតាម សភាពការណ៍​ថ្មី ហើយ​ទុក​ដល់​ណា​ទៀត យើង​បង្កើត​ច្បាប់​នេះ​មិនមែន​សំដៅ លើ​បក្ស​ប្រឆាំង​មួយ​ទេ គឺ​សម្រាប់​គណបក្ស​ទាំងអស់​ដែល​មាន​នៅ​កម្ពុជា​៧១ គណបក្ស​ហ្នឹង គឺ​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​ទាំងអស់ ហើយ​មិនមែន​ជា​ការ​រឹតត្បិត​សិទ្ធិ សេរីភាព​គណបក្ស​នយោបាយ​ទេ តែ​ផ្ទុយទៅវិញ​គឺជា​ការ​ការពារ​សិទ្ធិ​សេរីភាព​គណបក្ស នយោបាយ​ដែល​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​ផង និង​ក្នុង​ការ​ប្រកួតប្រជែង​ការបោះឆ្នោត​ផង»

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់ គណបក្ស​នយោបាយ​ដែល​រារាំង​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង និង ឈាន​ដល់​ការ​រំលាយ​គណបក្ស បើ​មេ​បក្ស​មានទោស។

ការ​ថ្លែង​ចង់​កែប្រែ​ច្បាប់​នេះ ស្រប​ពេល​ដែល​លោក ហ៊ុន សែន ដឹង​ថា មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ។ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត មើល​ឃើញ​ថា ការ​កែប្រែ​ច្បាប់​នេះ គឺជា​ចេតនា​រារាំង ឬ​បំបិទ​ការចូលរួម​សកម្ម និង​ការ​ប្រកួតប្រជែង​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨ ខាងមុខ។

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បញ្ជាក់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​គោរព​សិទ្ធិ សេរីភាព​ខាង​នយោបាយ និង​ការប្រកួតប្រជែង​នៃ​គណបក្ស​នយោបាយ ស្របតាម​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អង្គការសហប្រជាជាតិ​ត្រូវ​បន្ត​ធានា​និង​គោរព៕



No comments:

Post a Comment