អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev |
មន្ត្រី នាំពាក្យ បក្សកាន់អំណាច ចំអក ថា, ជីវិត នយោបាយ លោក សម រង្ស៊ី ជិតចប់ហើយ
RFA / វិទ្យុ អាស៊ី សេរី | ១១ កុម្ភៈ ២០១៧
ការខ្វែង គំនិតគ្នា តាមផ្លូវ នយោបាយ រវាង បក្សធំៗ២ ដែលមាន អាសនៈ ក្នុងសភា កាន់តែ មិនអាច ឈានទៅរក ការផ្សះផ្សា បាន។
សារនយោបាយ និងសម្ដី ឆ្លើយឆ្លង ឌឺដង ឲ្យគ្នា ទៅវិញទៅមក បានជំរុញ ឲ្យវិវាទនេះ កាន់តែ រីកធំឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ។
ក្នុងដំណាក់កាល ចុងក្រោយនេះ មេ បក្សប្រឆាំង បានហៅ សំណើ ធ្វើវិសោធនកម្ម មាត្រា មួយចំនួន នៃច្បាប់ ស្ដីពី បក្សនយោបាយ របស់ សមាជិកសភា ថា ជាអាយ៉ង របស់ បក្សប្រជាជន កម្ពុជា។
ប្រតិកម្ម របស់ មន្ត្រី ជាន់ខ្ពស់ គណបក្ស កាន់អំណាច នៅពេលនេះ ស្របពេល ប្រមុខ ដឹកនាំ បក្សប្រឆាំង បានរិះគន់ ធ្ងន់ៗ ដោយចោទប្រកាន់ សមាជិក សភា ថា, គ្រាន់តែ ជាឧបករណ៍ សម្រាប់ ឲ្យបក្ស កាន់អំណាច ប្រើប្រាស់ ក្នុងន័យ ខ្ទប់សំឡេង បក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។
លោក សុខ ឥសាន មន្ត្រី នាំពាក្យ គណបក្ស ប្រជាជន កម្ពុជា ចំអក ឲ្យលោក សម រង្ស៊ី ថា, សម្ដី របស់ មេបក្សប្រឆាំងនេះ លែងមាន ឥទ្ធិពលត ទៅទៀតហើយ, ហើយ ក៏ជាសម្ដី ដែលកើតឡើង ច្រំដែលៗ អស់ពេល ជាច្រើនឆ្នាំ មកហើយ។
លោក ព្រមានថា ជីវិត នយោបាយ របស់លោក សម រង្ស៊ី នេះ ដើរជិតដល់ ទីបញ្ចប់ ទៅហើយ ឈប់ខ្លាំង ទៀតទៅ។ ហើយ ម្យ៉ាងទៀតចង់ដឹង ថា, តើ ច្បាប់ ដែលកំពុង តែ តាក់តែង ពេលនេះ មានប្រសិទ្ធភាព បែបណានោះ? លោក ផ្ដាំទៅលោក សម រង្ស៊ី ត្រូវ រង់ចាំមើល បន្តិចសិនចុះ៖ «វា មិនមែន រឿងអីចម្លែកទេ ដែលលោក សម រង្ស៊ី និយាយ ពេលនេះ។ គាត់ ធ្លាប់និយាយ ជាច្រើន មកហើយ។ ទីងមោង ឬវា មិនទីងអីហ្នឹង ចាំមើលទៅ។ អាទិត្យក្រោយ ហ្នឹង គេ សម្រេច អនុម័ត។ តើ គេ អនុម័តច្បាប់ បាន ឬមិនបាន។»
បើទោះជាបែបណា លោក សម រង្ស៊ី បានបង្ហោះសារនយោបាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី១១ ខែកុម្ភៈ ដោយចាត់ទុកថា ច្បាប់ដែលសមាជិកសភារបស់បក្សកាន់អំណាច កំពុងតាក់តែងឡើងនេះ នឹងមិនមានឥទ្ធិពលទៅលើទិដ្ឋភាពនយោបាយអ្វីឡើយ នៅកម្ពុជា។
បន្ថែមពីលើនេះទៀត មេដឹកនាំបក្សប្រឆាំងដែលហ៊ុមព័ទ្ធទៅដោយបណ្ដឹងស្អេកស្កះ បានហៅរដ្ឋសភាថា គ្រាន់តែជាទីងមោងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបង្កើតសំណុំរឿងជាច្រើននៅតុលាការរបស់រូបលោកនេះ គ្រាន់តែជាលេសដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយច្បាប់នេះនឹងនាំឲ្យកម្ពុជា មានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចក្នុងសម័យកុម្មុយនិស្ត។
ទាក់ទិនរឿងនេះ សេចក្ដីជូនដំណឹងរបស់រដ្ឋសភាឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៣ កុម្ភៈ ពិនិត្យលើសសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ។
ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង នៅក្រោយពេលមេដឹកនាំបក្សប្រជាជន ព្រមានឡាយឡុងទីស្នាក់ការបក្ស និងបង្កកទ្រព្យសម្បត្តិនានា របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣១ ខែមករា។ វិធានការក្ដៅរបស់លោក ហ៊ុន សែន នេះ ជាថ្នូរនឹងសំណងដែលលោកទាមទារក្នុងរឿងក្ដីរបស់លោកចំនួន ១លានដុល្លារ និងសំណុំរឿងដែលលោក សម រង្ស៊ី ចាញ់ក្ដីមន្ត្រីបក្សប្រជាជនដទៃទៀត។
លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយយល់ឃើញថា ការចង់ចាញ់ចង់ឈ្នះរបស់អ្នកនយោបាយ នឹងមិននាំឲ្យចំណេញអ្វីដល់ជាតិទេ។ ផ្ទុយទៅវិញ លោក គឹម សុខ បញ្ជាក់ថា, នេះ ជាវិធីសាស្ត្រ ដែលបក្ស កាន់អំណាច មិនចង់ ឲ្យមាន ការបោះឆ្នោត មួយ ដោយសេរីភាព, ត្រឹមត្រូវ, និងយុត្តិធម៌ ឡើយ៖ «រឿងជាក់ស្ដែង គណបក្ស កាន់អំណាច មិនមែន ធ្វើក្នុង គោលដៅ ឃើញចំណេញ ឬមិនឃើញ ចំណេញ ដោយកិត្តិយសទេ។ អ្វី ដែលគេ ធ្វើ សព្វថ្ងៃ មិនមែន ត្រៀមខ្លួន ទៅកាន់ ការបោះឆ្នោតទេ, គឺ ត្រៀមខ្លួន ទៅបន្ត ប្លន់អំណាច នៅក្នុង រូបភាព មួយ ដែលគេ ហៅថា រដ្ឋប្រហារ អចិន្ត្រៃយ៍។»
នេះពុំមែនទើបជាលើកទីមួយទេ ដែលសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ធ្វើច្បាប់ចាត់ការទៅលើដៃគូប្រកួត។ បក្សកាន់អំណាច ធ្លាប់ធ្វើច្បាប់ជាហូរហែរួចមកហើយ ដើម្បីបង្ក្រាបទៅលើបក្សនយោបាយណាដែលយល់ឃើញថា នាំឲ្យមានឧបសគ្គដល់បក្សកាន់អំណាច។ ច្បាប់ឯកពន្ធនភាពតាក់តែងឡើងដើម្បីប្រឆាំងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងច្បាប់ប្រឆាំងអ្នកដែលមិនទទួលស្គាល់ថា ពុំមានរបបខ្មែរក្រហម ចាត់ការទៅលើលោក កឹម សុខា ជាដើម៕
No comments:
Post a Comment