លោក ហេង សំរិន និងលោក ហ៊ុន សែន ក្នុងពិធីខួបលើកទី៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា នៅទីស្នាក់ការគណបក្សប្រជាជន (ប្រភពរូបភាពពី ហ្វេសប៊ុកនាយករដ្ឋមន្ត្រី) |
បក្ស កាន់អំណាច ឲ្យស្ថាប័នរដ្ឋ ត្រៀម យកមេឃុំ, ចៅសង្កាត់ ដែលមិន ជាប់ឆ្នោត
| ២៣ កុម្ភៈ ២០១៧
ជាថ្មី ម្តងទៀត គណបក្ស ប្រជាជន កម្ពុជា បានណែនាំ ឲ្យប្រធាន ស្ថាប័នរដ្ឋ នីមួយៗ ទទួលយក បេក្ខជន របស់ខ្លួន ដែលគណបក្សនេះ ថា ពុំ បានជាប់ឈ្មោះ នៅក្នុងការ បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ។
នៅក្នុងលិខិតចុះថ្ងៃទី១៦កុម្ភៈ២០១៧ ដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យ «ប្រធាន ស្ថាប័នរដ្ឋ នីមួយៗ ត្រូវ ទទួលយក មេឃុំ-ចៅសង្កាត់។ ជំទប់ ទី១ ជំទប់ ទី២ និងសមាជិក ក្រុមប្រឹក្សា ដែលមិន បានជាប់ឈ្មោះ នៅអណត្តិ ឆ្នាំ២០១៧ ដោយធ្វើការ តែងតាំង ជាជំនួយការ។»
លិខិត បញ្ជាក់ថា «មេឃុំ-ចៅសង្កាត់ មានឋានៈ ស្មើ អនុប្រធាន នាយកដ្ឋាន។ ជំទប់ ទី១ ជំទប់ ទី២ មានឋានៈ ស្មើ ប្រធាន ការិយាល័យ, និងសមាជិក ក្រុមប្រឹក្សា មានឋានៈ ស្មើ អនុប្រធាន ការិយាល័យ។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា៖ «នេះជាគម្រោងគិតទុកជាមុនរបស់គណបក្ស ព្រោះធ្វើអ្វីមិនមែនចៃដន្យ សុទ្ធតែមានផែនការ និងគោលការណ៍ច្បាស់លាស់។»
លោកបន្តថា គ្រាន់តែណែនាំមន្ត្រីថា្នក់ខ្ពស់ៗ ដែលពាក់ព័ន្ធនឹងក្រុមការងារចុះទៅមូលដ្ឋានឲ្យគិតគូរក្នុងករណីណាដែលកើតឡើងជាយថាហេតុ។ លោកបន្ថែមថា៖ «មិនមែនជាការត្រៀមចាញ់ទេ។»
កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ មានលិខិតមួយទៀតក្នុងន័យប្រហែលគ្នានេះ ដែលលោកស្រី ម៉ែន សំអន បានប្រាប់ឲ្យរដ្ឋមន្ត្រីនៅតាមក្រសួង និងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួន ដែលមិនបានជាប់ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។
កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជា មាន១ ៦៣៣ឃុំ-សង្កាត់ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ចំនួនឃុំ-សង្កាត់នេះ បានកើនឡើងបន្ថែមទៀតដោយរដ្ឋាភិបាលបំបែកឃុំនិងសង្កាត់ខ្លះជាពីរ ឬជាបី ហើយក្នុងចំណោមមេឃុំ និងចៅសង្កាត់ទាំងនោះ ភាគច្រើនលើសលប់ គឺមកពីគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment