Paris Peace Accords 23 Oct. 1991

Sunday, February 26, 2017

[Vietnamization: Border, Ratanakiri] អាជ្ញាធរ ​ស្ថាបនា ផ្លូវ​ ក្រវាត់ ​ព្រំដែន​ ខេត្ត​ រតនគិរី​ បាន​ប្រមាណ ​៥០​ គីឡូម៉ែត្រ

ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided

អាជ្ញាធរ ​ស្ថាបនា ផ្លូវ​ ក្រវាត់ ​ព្រំដែន​ ខេត្ត​ រតនគិរី​ បាន​ប្រមាណ ​៥០​ គីឡូម៉ែត្រ

RFA / វិទ្យុ អាស៊ី សេរី ២៦ កុម្ភៈ ២០១៧




ការ​ឈូស​ឆាយ ​ស្ថាបនា​ ផ្លូវ​ តាម​តំបន់​ ខ្សែ​ក្រវាត់ ​ព្រំដែន​ ខេត្ត​ រតនគិរី ជាប់​ខេត្ត​ កន្ទុំ និង​ខេត្ត​ យ៉ាឡាយ ប្រទេស​ វៀតណាម ជា​លើក​ដំបូង ដើម្បី​ អភិវឌ្ឍ​ វិស័យ​ គមនាគមន៍​ តាម​តំបន់ ​ព្រំដែន បាន​លទ្ធផល ​ប្រមាណ ៥០​ គីឡូម៉ែត្រ​ ហើយ។  រីឯ​ អាជ្ញាធរ​ មូលដ្ឋាន​ ដែល​មាន ​ប្រជាពលរដ្ឋ​ សង់​លំនៅឋាន ​នៅ​កៀក​ នឹង​ខ្សែ​ក្រវាត់ ​ព្រំដែន​ ដែល​អាច​ ប៉ះពាល់​ ទៅ​នឹង​គម្រោង ​ធ្វើ​ផ្លូវ ត្រៀម​អប់រំ​​ប្រ ជាពលរដ្ឋ​ អំពី ​ការ​អភិវឌ្ឍ​ ផ្លូវ​នេះ។


ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង​ដែល​សង់​នៅ​កៀក​ខ្សែ​ក្រវាត់​ព្រំដែន​ក្នុង​ភូមិ​តាង៉ា ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស អាច​ប៉ះពាល់​ដល់​ការ​ស្ថាបនា​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន ក៏ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​អះអាង​ថា នឹង​ចលនា​ឲ្យ​អ្នក​ភូមិ​ប្ដូរ​កន្លែង​រស់នៅ ហើយ​ផ្តល់​ដី​សម្រាប់​ការ​ស្ថាបនា​ផ្លូវ​នេះ។

កង​វិស្វកម្ម​នៃ​កង​ខេមរភូមិន្ទ ចាប់​ធ្វើ​ការ​ឈូស​ឆាយ​ផ្លូវ​ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣០ ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ដើម​ខែ​មករា រហូត​បច្ចុប្បន្ន​បាន​មក​ដល់​បង្គោលព្រំ​ដែន​លេខ​២៥ ឋិត​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស មាន​ប្រវែង​ប្រមាណ ៥០​គីឡូម៉ែត្រ។

មេ​ឃុំ​ញ៉ាង លោក រចំ សឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា តំបន់​ដែល​កង​វិស្វកម្ម​កំពុង​ឈូស​ឆាយ​ផ្លូវ គឺ​ជា​ភូមិ​ប្រជាពលរដ្ឋ​សង់​លំនៅឋាន​នៅ​ចម្ងាយ​ពី ២០ ទៅ ៥០​ម៉ែត្រ​ពី​ខ្សែ​ក្រវាត់​ព្រំដែន។ ហេតុ​នេះ ប្រសិន​បើ​គ្មាន​ជម្រើស អាជ្ញាធរ​នឹង​រក​ដី​នៅ​ទីតាំង​ផ្សេង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​តាំង​លំនៅឋាន​ថ្មី ហើយ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ទីនោះ​សម្រាប់​ចូលរួម​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន៖ «ចាំ​មើល​កន្លែង​ណា​ត្រូវ​ប៉ះ ឲ្យ​ឃុំ​ទៅ​មើល​ជាក់ស្តែង កន្លែង​ណា​យើង​អាច​វាង​បាន។ បើ​សិន​ប៉ះ យើង​អាច​ហៅ​ឲ្យ​គាត់​មក​សម្របសម្រួល​គ្នា»


ខ្សែ​ក្រវាត់​ព្រំដែន​ពី​បង្គោល​ព្រំដែន​លេខ​៣០ ទៅ​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​១ ចំណុច​មុំ​បី​នៃ​តំបន់​កន្ទុយ​នាគ មាន​ប្រវែង​ប្រមាណ​ជាង ២០០​គីឡូម៉ែត្រ។ រាជ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ផ្លូវ​ការ​រួច​រាល់​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ក៏ប៉ុន្តែ​ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣១ ដល់​លេខ​៣៩ កំពុង​ឋិត​ក្រោម​ការ​ប្រទាញប្រទង់​គ្នា​នៅ​ឡើយ។

មេ​បញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​២០៣ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី លោក បុត្រ ពិលី កត់​សម្គាល់​ថា ការ​ស្ថាបនា​ផ្លូវ​មិន​មាន​បាតុភាព​អ្វី​ធំ​ដុំ​ជាមួយ​ភាគី​វៀតណាម នោះ​ទេ។ ដោយឡែក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឋិត​ក្នុង​តំបន់​ស្ថាបនា​ផ្លូវ សមត្ថកិច្ច​កំពុង​រក​វិធី​ដោះស្រាយ​តាម​ដែល​អាច​ធ្វើ​បាន។ លោក​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ការ​ឈូស​ឆាយ​ទៅ​ដល់​ភូមិ​តាំង​លំនៅឋាន ហេតុ​នេះ​អាជ្ញាធរ​នឹង​ពិនិត្យ​ដោះស្រាយ​ជាក់ស្តែង៖ «កន្លែង​ហ្នឹង​ចំ​ភូមិ មិន​ដឹង​ធ្វើ​ម៉េច! ចាំ​មើល​ថ្ងៃ​ច័ន្ទ ទៅ​ដល់​កន្លែង​ហ្នឹង​ហើយ ចាំ​ខ្ញុំ​ឲ្យ​ភូមិ​ចូលរួម»


តាម​ការ​គ្រោង​ទុក ការ​ស្ថាបនា​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​ខេត្ត​រតនគិរី ចាប់​ពី​បង្គោល​ព្រំដែន​លេខ​១ ដល់​បង្គោល​ព្រំដែន​លេខ​៤០ ជាប់​នឹង​ខេត្ត​មណ្ឌលគិរី នឹង​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​រយៈពេល ១០០​ថ្ងៃ។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា ការ​ស្ថាបនា​ផ្លូវ​បាន​លទ្ធផល​ល្អ បើ​ទោះ​បី​អាជ្ញាធរ​វៀតណាម ចង់​ឲ្យ​ភាគី​កម្ពុជា ធ្វើ​ផ្លូវ​នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ខ្សែ​ក្រវាត់​ព្រំដែន​ក៏ដោយ។ លោក​ថា ភាគី​កម្ពុជា បាន​សម្របសម្រួល និង​ស្ថាបនា​ផ្លូវ​នៅ​កៀក​បំផុត​ពី​ខ្សែ​ក្រវាត់​ព្រំដែន​តាម​តែ​អាច​ធ្វើ​បាន៖ «កន្លង​មក​យើង​មាន​បញ្ហា​ដែរ គេ​មក​ឃាត់​យើង។ គេ​ចង់​ឲ្យ​យើង​ថយ​រហូត​ដល់ ១០០​ម៉ែត្រ។ អត់​ទេ! យើង​ប្រកាន់​ជំហរ​របស់​យើង។ គេ​ក៏​អត់​ធ្វើ​អ្វី​ដែរ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា កង​វិស្វកម្ម​នឹង​បន្ត​ធ្វើ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ ជាពិសេស​ចាប់​ពី​បង្គោល​លេខ​៣១ ដល់​បង្គោល​លេខ​៤០ ជាប់​ព្រំដែន​ខេត្ត​មណ្ឌលគិរី៕


No comments:

Post a Comment