Paris Peace Accords 23 Oct. 1991

Tuesday, February 14, 2017

[Vietnamization: Border, Tbaung Khmum] ពលរដ្ឋ ​ស្រុក​មេមត់​ បារម្ភ​ ខ្លាច​ បាត់បង់​ ដី​ស្រែ​ចម្ការ​ ដោយសារ​ គម្រោង​ ធ្វើ​ផ្លូវ​ ក្រវាត់​ ព្រំដែន | Residents in Memot fear loss of farmland due to plan to build road encircling border

ពលរដ្ឋ​ចង្អុល​បង្ហាញ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna
ពលរដ្ឋ​ចង្អុល​បង្ហាញ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ពលរដ្ឋ ​ស្រុក​មេមត់​ បារម្ភ​ ខ្លាច​ បាត់បង់​ ដី​ស្រែ​ចម្ការ​ ដោយសារ​ គម្រោង​ ធ្វើ​ផ្លូវ​ ក្រវាត់​ ព្រំដែន


RFA / វិទ្យុ អាស៊ី សេរី ១៣ កុម្ភៈ ២០១៧




ប្រជាពលរដ្ឋ ​នៅ​ឃុំ​ ដារ ស្រុក ​មេមត់ ខេត្ត​ ត្បូងឃ្មុំ ជាច្រើន​ គ្រួសារ លើក​ឡើង​ ពី​ផល​ប៉ះពាល់ ​ដី​ស្រែ​ចម្ការ ដោយសារ​ គម្រោង ​ធ្វើ​ផ្លូវ​ ខ្សែ​ក្រវាត់ ​ព្រំដែន​ កម្ពុជា-វៀតណាម ពី​សំណាក់ ​រាជ​រដ្ឋាភិបាល​ ខ្មែរ។  ដី​ស្រែ​ចម្ការ​ របស់​ ពលរដ្ឋ​ខ្លះ គឺ​ ប៉ះពាល់​ មួយ​ចំណែក, ហើយ​ ខ្លះ​ទៀត​ ប៉ះពាល់ ​ទាំងស្រុង ​តែ​ម្តង ប្រសិន​បើ​ គម្រោង​ ធ្វើ​ផ្លូវ​នេះ​ យក​តាម​អ្វី ​ដែល​អាជ្ញាធរ​ បោះ​បង្គោល​ កំណត់​នោះ។

សម្រែក​ ពី​ក្តី​បារម្ភ​ ខ្លាច​បាត់បង់​ ដី​ចម្ការ​ ពី​សំណាក់​ ប្រជា​កសិករ​ នៅ​ឃុំ​ដារ បន្ទាប់​ ពី​ផ្លូវ​ ខ្សែ​ក្រវាត់​ តាម​ព្រំដែន ​ចាប់​ផ្តើម​ចេញ ​ជា​រូបរាង​ ឡើង។  គម្រោង​នេះ ធ្វើ​ឲ្យ​ ពលរដ្ឋ​ ភ្ញាក់​ផ្អើល ពីព្រោះ​ កសិករ ​ទាំងនោះ​ មិន​បាន ​ដឹង​ជា​មុន​សោះ, ប៉ុន្តែ​ ស្រាប់​តែ​ ឃើញ​មាន​ ការ​ឈូស​ឆាយ​ ផ្លូវ​មួយ​ខ្សែ​ ក្នុង​ទឹក​ដី​ ខ្មែរ​ ចម្ងាយ​ ប្រមាណ ៣០ ទៅ ៥០​ម៉ែត្រ​ ពី​បង្គោល ​ព្រំដែន។

ប្រជា​កសិករ​រីករាយ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ប្រសិន​បើ​គម្រោង​នោះ​មិន​បណ្ដាល​ឲ្យ​ពួក​គាត់​ទឹក​ភ្នែក ហើយ​ប្រសិន​បើ​គម្រោង​នោះ​ប៉ះពាល់​ប្រជាពលរដ្ឋ រាជ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជូន​ពួក​គាត់​ជា​មុន។

ពលរដ្ឋ​នៅ​ឃុំ​ដារ មួយ​រូប លោកស្រី សុខ ពៅ មាន​ប្រសាសន៍​ទាំង​អួល​ដើមក​ថា ដី​របស់​គាត់​ចម្ងាយ​ពី​បង្គោល​ព្រំដែន​ជាង ១០០​ម៉ែត្រ ប៉ុន្តែ​អាជ្ញាធរ​បោះ​បង្គោល​ក្នុង​ដី​ចម្ការ​ម្រេច​របស់​លោកស្រី​ដើម្បី​រៀបចំ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន គឺ​ស្ទើរ​តែ​អស់​ដី​គាត់​តែ​ម្តង។ 

លោកស្រី ​បញ្ជាក់​ ថា,  ចម្ការ​ម្រេច ​របស់​ លោកស្រី​ ទើប​ នឹង​ដាំ​ បាន ២​ឆ្នាំ ដោយ​ចំណាយ ដើមទុន ​ជាង ៣​ម៉ឺន​ ដុល្លារ, ហើយ ​ទើប​ ផ្តល់​ផល​ បាន​មួយ​ឆ្នាំ។  ប្រសិន​បើ​ គេ​ ឈូស​ឆាយ គ្រួសារ​ លោកស្រី​ កាន់​តែ ​ជួប​ការ​ លំបាក៖ «បោះ​បង្គោល ​ខាង​ខ្មែរ​យើង​ហ្នឹង បោះ​ធ្វើ​ ព្រំដែន​ ចូល​ក្នុង​ចម្ការ​ម្រេច ​អស់ ១៤​ជួរ នៅ​សល់​ខ្ញុំ​ហ្នឹង ​តែ ៨​ជួរ​, ទេ គឺ​ ចូល​ច្រើន​ណាស់»

ខ្សែ​ក្រវាត់​ព្រំដែន ត្បូងឃ្មុំ ២០១៧ ៨៥៥
បង្គោល​ឈើ​ដែល​អាជ្ញាធរ​ខាង​កង​វិស្វកម្ម និង​ខាង​ភាគី​វៀតណាម កំណត់​ដើម្បី​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​តាម​ព្រំដែន​ស្ថិត​នៅ​លើ​ដី​ចម្ការ​ម្រេច​របស់​លោកស្រី សុខ ពៅ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna


ផ្លូវ​ដែល​ធ្វើ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ឃុំ​ដារ ពេល​នេះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ។ ផ្លូវ​នោះ​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​នឹង​កសាង​ផ្លូវ​ទំហំ ២២​ម៉ែត្រ ប៉ុន្តែ​ការ​ឈូស​ឆាយ​កន្លង​មក គឺ​មាន​ទំហំ ៦ ទៅ ៧​ម៉ែត្រ​ប៉ុណ្ណោះ និង​មិន​ទាន់​យក​ជា​ផ្លូវការ​នៅ​ឡើយ។ អាជ្ញាធរ​បាន​បោះ​បង្គោល​ដែល​មាន​បាញ់​ថ្នាំ​ពណ៌​ក្រហម​នៅ​ក្នុង​ដី​ចម្ការ​ម្រេច​របស់​កសិករ ដោយ​ចម្ការ​ខ្លះ​មាន​បង្គោល​បី ខ្លះ​មាន​បង្គោល​ចំនួន​២ ពី​ផ្លូវ​ដែល​គេ​ទើប​នឹង​ឈូស​ឆាយ។

ប្រជាពលរដ្ឋ​ អះអាង​ ថា, គម្រោង​ធ្វើ​ផ្លូវ​នេះ គឺ​ អាច​ប៉ះពាល់​ កសិករ​ នៅ​ឃុំ​ដារ ជាង១០០ ​គ្រួសារ។  [Plan will impact over 100 families.]

កសិករ​ មួយ​រូប​ទៀត លោក សូ សាវឿន មាន​ប្រសាសន៍ ​ថា,  ដី​ របស់​លោក ​នៅ​ក្បែរ​ ព្រំដែន​ ជាង ១​ហិកតារ នឹង​អាច​ ប៉ះពាល់​ ទាំងស្រុង ប្រសិន​បើ​ អាជ្ញាធរ​ ឈូស​ឆាយ​ តាម​បង្គោល​ ពណ៌​ក្រហម ដែល​អាជ្ញាធរ ​វៀតណាម ទើប​តែ​ កំណត់​ឲ្យ។  ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​ភូមិ​គឺ​មិន​បាន​ដឹង​ទេ​ចំពោះ​គម្រោង​ធ្វើ​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​ពេល​នេះ ស្រាប់​តែ​ឃើញ​កម្លាំង​កង​វិស្វកម្ម​ចុះ​ឈូស​ឆាយ​តែ​ម្តង។

លោក​បារម្ភ​ចំពោះ​គម្រោង​នេះ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ភូមិ​របស់​លោក​រស់​ពឹង​ផ្អែក​លើ​ដាំ​ចម្ការ​ម្រេច ឬ​កៅស៊ូ ហើយ​ប្រសិន​បើ​គេ​ឈូស​ឆាយ​អស់ នឹង​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ​ឡើយ៖ «ខ្ញុំ​ មិន​ដឹង​ ថា, គេ​ ធ្វើ​ប៉ុន្មាន​ អី​ប៉ុន្មាន​ ទេ​, បង!  ប៉ុន្តែ​ គ្រាន់​តែ​ ដឹង​ថា គេ ​ឈូស​សា​មុន គឺ​ គេ​ ឈូស​ ខាង​ត្បូង​ ម្រេច។ ដល់​ឥឡូវ​ គេ​ ដាក់​ខាង​ជើង​ ម្រេច​វិញ។  ដល់​អ៊ីចឹង ​ខ្ញុំ​ ដូចជា​ឆ្ងល់ ​ដែរ​នេះ»


ផ្លូវ​ខ្សែ​ក្រវាត់​តាម​ព្រំដែន​នៅ​ឃុំ​ដារ ដែល​រាជ​រដ្ឋាភិបាល​កំពុង​សាងសង់​ពេល​នេះ គឺ​មាន​ប្រវែង ២ ទៅ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវ​ជាតិ​លេខ​៧។

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ផល សុភ័ក្ត្រ ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គម្រោង​ធ្វើ​ផ្លូវ​ក្បែរ​ព្រំដែន រាជ​រដ្ឋាភិបាល​មិន​កសាង​នៅ​ជាប់​បង្គោល​ព្រំដែន ដែល​រដ្ឋ​បាន​កំណត់​រួច​ទៅ​ហើយ​នោះ បែរ​ជា​កសាង​ដល់​ក្នុង​ចម្ការ​ម្រេច​ពលរដ្ឋ​ទៅ​វិញ៖ «វាស់​ថា​យក​តែ ២០​ម៉ែត្រ ឥឡូវ​ជាង ១០០​ម៉ែត្រ​ហើយ​ដល់​ម្រេច​ប្រជាជន។ ហើយ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ថ្នាក់​លើ​ជួយ​ដោះស្រាយ​កុំ​ឲ្យ​ប្រជាជន​គ្នា​កំពុង​រង​ទុក្ខ»

ជំទប់​ទី​១ ឃុំ​ដារ លោក ធី ប៊ុនហាក់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​គម្រោង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នេះ គឺ ៥​ថ្ងៃ​មុន​ពេល​ឈូស​ឆាយ​ប៉ុណ្ណោះ។ លោក​មិន​ទាន់​ដឹង​ប្រាកដ​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​ប៉ះពាល់​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា ឲ្យ​តែ​កសិករ​មាន​ដី​ក្បែរ​ព្រំដែន គឺ​ប៉ះពាល់​ទាំងអស់៖ «យើង​សម្រួល​ថា​ឲ្យ​កង​វិស្វកម្ម​ហ្នឹង​គេចៗ នៅ​កន្លែង​ណា​គេច​បាន ហើយ​យើង​បាន​និយាយ​គ្នា ហើយ​បាន​ឯកភាព​គ្នា​អ៊ីចឹង ប៉ុន្តែ​ស្អែក​ឡើង​វៀតណាម មិន​ព្រម​ទេ គេ​ថា​យក​តាម​គោលការណ៍​ថ្នាក់​ជាតិ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា លោក​មិន​អាច​និយាយ​បាន​ទេ ពីព្រោះ​មិន​មាន​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​នៅ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​មាន​របាយការណ៍​ពី​ប្រជាពលរដ្ឋ​ប៉ះពាល់​ទេ​ណា។ ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ»

បង្គោល​រណប​លេខ​២ ខ្សែ​ក្រវាត់​ព្រំដែន ត្បូងឃ្មុំ ២០១៧ ៨៥៥
បង្គោល​រណប​លេខ​២ ចន្លោះ​បង្គោល​ព្រំដែន​លេខ​១១០ និង​លេខ​១១១ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna


នៅ​ពេល​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចុះ​ជួប​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ គឺ​មាន​ប៉ូលិស​នគរបាល​ការពារ​ព្រំដែន​ឃុំ​ដារ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាច្រើន​នាក់ តាម​ឃ្លាំ​មើល​សកម្មភាព​រហូត។

មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ឃុំ​ដារ លោក គ្រី ខេមរា មិន​និយាយ​អ្វី​ឡើយ ដោយ​លើក​ឡើង​ថា បើ​ចង់​ដឹង​អំពី​បញ្ហា​នេះ គឺ​សួរ​ថ្នាក់​លើ។ ដ្បិតតែ​មេ​ប៉ុស្តិ៍​រូប​នេះ​មិន​បាន​និយាយ​អ្វី​ក៏ដោយ ប៉ុន្តែ​លោក​ព្យាយាម​តាមដាន​សកម្មភាព​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី និង​អង្គការ​សិទ្ធិ​មនុស្ស​ជាប់​ជានិច្ច។ មេ​ប៉ុស្តិ៍​ដដែល​បាន​សួរ​ឈ្មោះ​ពួក​យើង ហើយ​ថែម​ទាំង​កត់​ស្លាក​លេខ​ម៉ូតូ បើ​ទោះ​បី​ក្រុម​អង្គការ និង​អ្នក​យក​ព័ត៌មាន​ពាក់​ប័ណ្ណ​សម្គាល់​ក៏ដោយ។ ក្រៅ​ពី​នេះ លោក​ថត​រូបភាព ឬ​ថត​សំឡេង​របស់​ពួក​យើង ពិសេស​ថត​សំឡេង​គ្រប់​ប្រភព​ដែល​អាស៊ីសេរី​សម្ភាស និង​កត់​ឈ្មោះ ព្រម​ទាំង​អាសយដ្ឋាន​ពលរដ្ឋ​ទាំងនោះ ជាដើម។

ទាក់ទង​នឹង​ទង្វើ​ទាំងនេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត បញ្ជាក់​ថា គឺ​ជា​រូបភាព​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «រដ្ឋាភិបាល​គាត់​អាច​ដឹង​ការពិត​តាម​សារព័ត៌មាន ព្រោះ​អី​របាយការណ៍​ស្រុក​យើង​គេ​លែង​ជឿ គឺ​គាត់​ជឿ​លើ​ព័ត៌មាន។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​នៅ​មូលដ្ឋាន​ព្យាយាម​បិទ​ព័ត៌មាន»

លោក​បន្ថែម​ថា សកម្មភាព​របស់​សមត្ថកិច្ច​បែប​នេះ គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្អប់​កាន់​តែ​ខ្លាំង ម្យ៉ាង​ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​កើត​ឡើង​ទៀត បង្ហាញ​កាន់​តែ​ច្បាស់​ថា របាយការណ៍​ចេញ​ពី​ថ្នាក់​ក្រោម គឺ​ជា​ព័ត៌មាន​មិន​ពិត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​មិន​បាន​ដឹង​ជា​មុន គឺ​នាំ​ឲ្យ​ខាត​ប្រយោជន៍ ពិសេស​ប្រយោជន៍​ប្រជាជន​តែ​ម្តង។ លោក​ថា រាល់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់ រាជ​រដ្ឋាភិបាល​ត្រូវ​ពិភាក្សា ឬ​ផ្តល់​ព័ត៌មាន​ទាំងនោះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​ចូលរួម​ដោះស្រាយ​ជា​មុន ប្រសិន​បើ​គម្រោង​នោះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់។ លោក​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ការងារ​តាម​បែប​អភិបាលកិច្ច​ល្អ រាជ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​មុន ទើប​អភិវឌ្ឍ​ជា​ក្រោយ៖ «អ៊ីចឹង​ការ​បំភ្លឺ​គ្នា ការ​ពិគ្រោះ​យោបល់​គ្នា ការ​ព្រមព្រៀង​មួយ​រវាង​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នោះ ខ្ញុំ​គិត​ថា​គឺ​ជា​ជម្រើស​ល្អ​បំផុត»

លោក សន ជ័យ បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺ​ធានា​ថា​ការ​ដោះស្រាយ​របស់​រាជ​រដ្ឋាភិបាល​មិន​បាន​បន្លំ ឬ​ចាប់​បង្ខំ​ប្រជាពលរដ្ឋ ម្យ៉ាង​បង្ហាញ​ពី​គោល​នយោបាយ​អភិវឌ្ឍន៍​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជូន​កសិករ​ពិត​ប្រាកដ៕



No comments:

Post a Comment