Paris Peace Accords 23 Oct. 1991

Thursday, February 16, 2017

[Vietnamization: Logging, Tbaung Khmum] សង្គម​ស៊ីវិល ​ស្នើ​រដ្ឋាភិបាល ​ស៊ើប​អង្កេត ​ភាព​ មិន​ ប្រក្រតី​ នៃ​ការ​ នាំ​ឈើ​ ទៅ​វៀតណាម | Civil society requests govt to investigate irregular export process of timber to Vietnam

រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna
រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

សង្គម​ស៊ីវិល ​ស្នើ​រដ្ឋាភិបាល ​ស៊ើប​អង្កេត ​ភាព​ មិន​ ប្រក្រតី​ នៃ​ការ​ នាំ​ឈើ​ ទៅ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៧




មន្ត្រី​ សង្គម​ស៊ីវិល ​ដែល​ធ្វើ​ ការងារ​ ពាក់ព័ន្ធ​ ធនធាន​ ធម្មជាតិ   លើក​ឡើង​ ថា, រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ ពាក់ព័ន្ធ ត្រូវ​ ស៊ើប​អង្កេត​ ជុំវិញ ​របាយការណ៍ ​ស្ដីពី​ ចំនួន​ឈើ​ នាំ​ចេញ​ ទៅ​ប្រទេស ​វៀតណាម   កាល​ពី​ឆ្នាំ​ ២០១៦ មាន​ភាព​ មិន​ ប្រក្រតី។  ការ​ស្នើ​នេះ បន្ទាប់​ ពី​មាន ​របាយការណ៍ ​របស់​ គយ​វៀតណាម បង្ហាញ​ ថា, ទិន្នន័យ​ នាំ​ឈើ​ចេញ​ ទៅ​ប្រទេស​ វៀតណាម គឺ ​មាន​ទំហំ​ ច្រើន​ ជាង​ទិន្នន័យ​ របស់​ គយ​ខ្មែរ​ រាប់​សិប​ដង។  ភាព​ខុស​ប្លែក​ គ្នា​នេះ សង្គម​ស៊ីវិល​ ថា, ​អាច​មាន​ អំពើ​ ពុក​រលួយ​ ជា​ប្រព័ន្ធ ​តែ​ម្តង។


មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស ពិសេស​ទៅ​ប្រទេស​វៀតណាម ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ព្រម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ ដើម្បី​ជៀសវាង​បាត់បង់​លុយ​របស់​ជាតិ និង​ជា​វិធានការ​មួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ថែម​ទៀត។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក សេង សុខហេង បញ្ជាក់​ថា បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏ដោយ ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ បន្ថែម​ពី​នេះ ដើម្បី​ឆ្លើយ​ទៅ​នឹង​ព័ត៌មាន​ស្ដីពី​ទិន្នន័យ​ខុស​គ្នា​រវាង​គយ​ខ្មែរ និង​គយ​វៀតណាម លើ​បញ្ហា​នាំ​ឈើ​ចេញ លោក​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ការពិត ជៀសវាង​ធ្វើ​ឲ្យ​ករណី​នេះ​ដូច​គ្នា​ទៅ​នឹង​ករណី​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ៖ «រឿង​នេះ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា។ បាន​ន័យ​ថា រដ្ឋាភិបាល​តែ​ម្តង ក្រសួង​ពាក់ព័ន្ធ»

ទិន្នន័យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​មាន​ភាព​ខុស​គ្នា​ខ្លាំង​រវាង​អគ្គនាយកដ្ឋាន​គយ​កម្ពុជា និង​គយ​វៀតណាម នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (Cambodia Daily) កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។ ព្រឹត្តិបត្រ​នេះ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៦ ចំនួន​ឈើ​នាំ​ចេញ​ពី​កម្ពុជា ចូល​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​ហាមឃាត់​តាំង​ពី​ខែ​មករា យ៉ាង​ណា​ក៏ដោយ។

ជាង​នេះ​ទៀត អត្ថបទ​ដដែល​បង្ហាញ​ថា ទិន្នន័យ​គយ​វៀតណាម ស្ដីពី​ចំនួន​ឈើ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា គឺ​មាន​ជិត ២០​ម៉ឺន​ម៉ែត្រ​គូប (១៧១.៤៣៨​ម៉ែត្រ​គូប) ខណៈ​អគ្គនាយកដ្ឋាន​គយ​កម្ពុជា បង្ហាញ​មាន​ចំនួន​ជាង ៤​ពាន់​ម៉ែត្រ​គូប (៤.២៣០​ម៉ែត្រ​គូប) ប៉ុណ្ណោះ។ ចំនួន​នេះ លោក សេង សុខហេង យល់​ថា អាច​មាន​ច្រើន​ជាង​របាយការណ៍​គយ​វៀតណាម ទៀត ពីព្រោះ​ករណី​នាំ​ឈើ​ចេញ​ទៅ​វៀតណាម តាម​ច្រក​ព្រំដែន​តូចៗ ឬ​ច្រក​របៀង គឺ​តែងតែ​កើត​មាន​ឡើង​ជា​រឿយៗ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា បេសកកម្ម​របស់​គណៈកម្មាធិការ​ជាតិ គឺ​នៅ​តែ​បន្ត។ បេសកកម្ម​ទាំងនោះ​មាន​ដូចជា ការ​ត្រួត​ពិនិត្យ​បទល្មើស​ក្នុង​ព្រៃ ការ​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវ ទាំង​ឈើ​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ត្រួត​ពិនិត្យ​តាម​ព្រំដែន ព្រម​ទាំង​ត្រួត​ពិនិត្យ​កន្លែង​ធ្វើ​អាជីវកម្ម​ឈើ​ទាំងអស់ ជាដើម។

លោក​បន្ថែម​ថា របាយការណ៍​តាម​បណ្ដា​ខេត្ត​ស្ដីពី​ការ​នាំ​ឈើ​ដោយ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម កន្លង​មក គឺ​មិន​មាន​ទេ ប៉ុន្តែ​អាច​មាន​ករណី​លួចលាក់​តាម​ច្រក​របៀង​ខ្លះ។ ចំណែក​របាយការណ៍​គយ​វៀតណាម ដែល​បង្ហាញ​ថា មាន​ឈើ​ចូល​ពី​ស្រុក​ខ្មែរ​យ៉ាង​ច្រើន ដែល​ខុស​គ្នា​ទៅ​នឹង​របាយការណ៍​គយ​កម្ពុជា គឺ​គណៈកម្មាធិការ​នេះ​មិន​បាន​យក​មក​ពិភាក្សា​ទេ ព្រោះ​មន្ត្រី​ធ្វើ​ការ​តាម​ជំនាញ​រៀង​ខ្លួន៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង ចំពោះ​របាយការណ៍​ផ្សេង​គឺ​យើង​មិន​អាច​ទទួល​ស្គាល់​បាន​ទេ គឺ​យើង​ទទួល​បាន​តែ​របាយការណ៍​ដែល​ជា​ជំនាញ»

គណៈកម្មាធិការ​ជាតិ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ ដោយ​មាន​ទិសដៅ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​នៅ​ភូមិភាគ​ឦសាន ពិសេស​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។ លើស​ពី​នេះ ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​បទល្មើស និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បង្កើត​ឡើង​ប្រមាណ​បី​ខែ គឺ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជិត ១០​ម៉ឺន​ម៉ែត្រ​គូប និង​ដាក់​ដេញ​ថ្លៃ​លក់​បាន​តម្លៃ​ជិត ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​កន្លង​ទៅ។ លើស​ពី​នេះ ថែម​ទាំង​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចំនួន​ជិត ៦០​ករណី។

លោក អេង ហ៊ី មិន​ទាន់​អាច​សរុប​របាយការណ៍​បង្ក្រាប​បទល្មើស​ចុង​ក្រោយ​បាន​ទេ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឲ្យ​ពលរដ្ឋ ឬ​ឈ្មួញ​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​បទល្មើស ឲ្យ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ហើយ​មេខ្លោង​ធំៗ អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន មិន​មែន​ចាប់​បាន​តែ​ជន​តូចតាច​ដូច​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​នោះ​ឡើយ។

លោក សេង សុខហេង មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​ឈ្មួញ​ធំៗ​មិន​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​ឈ្មួញ​ធំៗ​មួយ​ចំនួន​ជា​មន្ត្រី​អាជ្ញាធរ និង​មាន​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រាជ​រដ្ឋាភិបាល​តែ​ម្តង។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន។ ចំណែក​របាយការណ៍​ស្ដីពី​ចំនួន​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​វៀតណាម មាន​ភាព​ខុស​គ្នា​ដូច​មេឃ និង​ដី​ពេល​នេះ គឺ​បង្ហាញ​ពី​ចំណុច​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង និង​បង្ហាញ​ថា​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ភាព​ខុស​គ្នា​រវាង​តួលេខ​គយ​ខ្មែរ និង​គយ​វៀតណាម បង្ហាញ​ថា​វា​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ អ៊ីចឹង​ទាមទារ​ឲ្យ​មាន​ការ​ចុះ​អង្កេត»

លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​ដែរ​ថា កន្លង​ទៅ​ធ្លាប់​មាន​ព័ត៌មាន​ស្ដីពី​ភាព​ខុស​គ្នា​រវាង​ប្រទេស​វៀតណាម និង​រាជ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​នាំ​ឈើ​ចេញ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ។ លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​គឺ​ជា​អ្នក​ដាក់​សម្ពាធ​ដល់​រាជ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​ការងារ​ទាំងនេះ ព្រម​ទាំង​ចាប់​ជន​ល្មើស​ដែល​ជា​មន្ត្រី​ឧកញ៉ា​ធំៗ​មួយ​ចំនួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕




No comments:

Post a Comment