Paris Peace Accords 23 Oct. 1991

Monday, February 20, 2017

[Vietnamization: Military, Border, Indochina] ឡាវ​ បញ្ជូន ​យោធា ​រារាំង​ កង​វិស្វកម្ម​ កម្ពុជា​ មិន​ឲ្យ​ ស្ថាបនា​ ផ្លូវ​ តាម​ព្រំដែន | Laos sent troops to block Cambodian military from building road (inside Cambodia) along the border

យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided

ឡាវ​ បញ្ជូន ​យោធា ​រារាំង​ កង​វិស្វកម្ម​ កម្ពុជា​ មិន​ឲ្យ​ ស្ថាបនា​ ផ្លូវ​ តាម​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ១៩ កុម្ភៈ ២០១៧


សមត្ថកិច្ច​ ការពារ ​ព្រំដែន​ ខែត្រ ស្ទឹងត្រែង ឲ្យ​ដឹង ​ថា, ប្រទេស ​ឡាវ បាន​បញ្ជូន​ កង​កម្លាំង​ យោធា​ ប្រដាប់​អាវុធ មក​រារាំង ​កង​កម្លាំង​ វិស្វកម្ម​ របស់​ កម្ពុជា មិន​ឲ្យ​ ស្ថាបនា​ ផ្លូវ​ តាម​បណ្តោយ​ ព្រំដែន​ នៅ​ចំណុច ​អូរ​ តាក់​ឡាវ នៃ​ឃុំ​ ថ្មកែវ ស្រុក​ សៀមប៉ាង ខែត្រ ​ស្ទឹងត្រែង។  ចំណែក​ មេ​បញ្ជាការ​ ប្រតិបត្តិការ​សឹក ​រង ​ខែត្រ​ ស្ទឹងត្រែង អះអាង​ ថា, កម្ពុជា កសាង​ផ្លូវ​ តាម​បន្ទាត់​ ព្រំដែន​ លើ​ទឹក​ដី​ របស់​ខ្លួន​ ផ្អែក​តាម​ ផែនទី​ របស់​ បារាំង។


យោធា​ឡាវ មក​ពី​ខែត្រ​អាត្ថាពឺ ប្រទេស​ឡាវ បាន​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា រយៈពេល ៤​ថ្ងៃ​មក​ហើយ ដោយ​ហាម​មិន​ឲ្យ​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

នគរបាល​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ទាហាន​ឡាវ ចំនួន​ពីរ​រថយន្ត​ធំៗ​ប្រដាប់​ដោយ​អាវុធ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ បាន​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​សាង​ផ្លូវ​នេះ។ លោក​ថា តំបន់​នោះ​ឆ្លង​ទន្លេ​សេកុង សម្បូរ​ដោយ​ព្រៃ​ភ្នំ ពុំ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ឡើយ ហើយ​ផ្ទៃដី​ជាង ៦០​គីឡូម៉ែត្រ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពុំ​ទាន់​បោះ​បង្គោល​ព្រំដែន​ផ្លូវការ​នៅ​ឡើយ៖ «គណៈកម្មការ​ព្រំដែន​ពុំ​ទាន់​ចែក​ដី​គ្នា​ត្រឹម​ណា ពុំ​ទាន់​បោះ​បង្គោល ប៉ុន្តែ​ទីនោះ​វា​ជា​តំបន់​ដី​ខ្មែរ​យើង​ហើយ​ពី​មុន​មក​នោះ។ វា​នៅ​ឆ្ងាយ​ណាស់​តំបន់​នោះ ដែល​ពុំ​ទាន់​ដោះស្រាយ​ដាច់​ដូច​នៅ​ខាង​អូរ​តាក់​ឡាវ គឺ​នៅ​ទាំងអស់ ពុំ​ទាន់​ចែក​គ្នា​ដាច់​ទេ។ គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ចរចា​គ្នា​មិន​ទាន់​ត្រូវ​ទេ»


កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ជាង ១៥០​គីឡូម៉ែត្រ។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ថ្លែង​បញ្ជាក់​ថា បាតុភាព​នេះ​មិន​អាច​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នោះ​ទេ ហើយ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​ព្រំដែន​នៅ​តំបន់​នោះ​ផ្អែក​តាម​ផែនទី​បារាំង និង​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រួច​ហើយ ក៏ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​បោះ​បង្គោល​ជា​ផ្លូវការ។ លោក​ថា កម្លាំង​វិស្វកម្ម​នៅ​តែ​បន្ត​អភិវឌ្ឍ​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ពោល​កសាង​បណ្ដើរ ចរចា​បណ្ដើរ។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​ផ្លូវ​តាម​ព្រំដែន​សាងសង់​ត្រឹម ៨០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន៖ «យើង​សម្របសម្រួល​បញ្ហា​តិចតួច តែ​យើង​ធ្វើ​បណ្ដើរ​រំដោះ​បណ្ដើរ។ ឡាវ ចេះ​តែ​មាន​បញ្ហា​ជាមួយ​យើង​រហូត យើង​ធ្វើ​ផ្លូវ ពេល​គាត់​ធ្វើ​ផ្លូវ យើង​មិន​ដែល​ទៅ​សួរនាំ​គាត់​ផង តំបន់​មិន​ទាន់​បោះ​បង្គោល និង​តំបន់​មិន​ទាន់​បោះ​បង្គោល​ឡាវ ធ្វើ​ផ្លូវ​ហើយ​មុន​ហើយ​ទៀត»


ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៣​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​រាជ​រដ្ឋាភិបាល​រួច​ហើយ និង​រង់ចាំ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នោះ។ លោក​ថា បញ្ហា​នេះ​ភាគី​ឡាវ នៅ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​ទៅ​លើ​ការ​កំណត់​ព្រំដែន​នៅ​ឡើយ​ទេ បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​បញ្ហា​មួយ​ចំនួន ដែល​ត្រូវ​បន្ត​ជជែក​ពិភាក្សា​គ្នា៖ «មាន​ការ​ស្នើសុំ​ខាង​ភាគី​ឡាវ ឲ្យ​យើង​ទុក​ពេលវេលា​ចរចា​សិន។ កន្លែង​ដែល​ពុំ​មាន​បញ្ហា​ទេ គឺ​យើង​បន្ថែម​ដី ឬ​ដាក់​លូ​បន្ថែម​ទៀត​ឲ្យ​វា​ស្អាត ព្រោះ​កន្លង​មក​យើង​បាន​ត្រឹម​កៀរ​បើក​មុខ​ផ្លូវ​បាន​ប្រហែល​ជាង ២៥០​គីឡូម៉ែត្រ»


ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​មតិ​ថា ការ​សាងសង់​ផ្លូវ​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ជា​មធ្យោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​ងាយ​ស្រួល​ដឹក​ជញ្ជូន​កសិផល ជាពិសេស​ផ្លូវ​នេះ​ក៏​ជា​របង​មួយ​ជួយ​ការពារ​មិន​ឲ្យ​ប្រទេស​ជិត​ខាង​រំលោភ​ទឹក​ដី​បាន​ត​ទៅ​ទៀត។ លើស​ពី​នេះ លោក​ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍ​បន្ថែម មាន​ទីផ្សារ អគ្គិសនី សាលារៀន គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ប្រែ​ក្លាយ​ជា​ច្រក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មក​រស់នៅ​ចិញ្ចឹម​ជីវិត​បង្កើន​សេដ្ឋកិច្ច​ជាតិ៖ «ការ​អភិវឌ្ឍ​តាម​ព្រំដែន បើ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ប្រកប​របរ​រក​ស៊ី​មាន​ទីផ្សារ អាច​ពង្រឹង​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា បាន។ ខ្ញុំ​គិត​ថា វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្រពិចស្រពិល​នៃ​បញ្ហា​ព្រំដែន​ដែរ»

កាល​ពី​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ មក​ទល់​ពេល​នេះ ឡាវ បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​នោះ​ដោយសារ​ភាគី​កម្ពុជា មិន​ឲ្យ​ឡាវ ដឹក​សម្ភារ​សំណង់​ចូល​ក្នុង​តំបន់​នោះ៕



No comments:

Post a Comment