លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ |
លោក ហ៊ុន សែន ប្ដេជ្ញា រក្សា សន្តិភាព ឲ្យបាន ទោះ ក្នុងតម្លៃណា ក៏ដោយ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កុម្ភៈ ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា រក្សាសន្តិភាព ឲ្យបាន ទោះ ក្នុងតម្លៃណា ក៏ដោយ, ហើយ មិន ត្រូវ យកបញ្ហា សិទ្ធិមនុស្ស មកបង្ក ជាបញ្ហា នៅកម្ពុជា នោះឡើយ។ រីឯ អ្នកវិភាគ ចាត់ទុក ថា, ការប្រកាស របស់លោក ហ៊ុន សែន ជាការ គំរាមកំហែង ច្រើនជាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែលើកឡើងជាញឹកញាប់ពីតម្លៃនៃសន្តិភាព ហើយលោកថែមទាំងព្រមានកម្ទេចអ្នកណាដែលហ៊ានធ្វើបដិវត្តន៍ពណ៌ ឬចង់បំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា មិនត្រូវយកបញ្ហាសិទ្ធិមនុស្សមកបង្កជាបញ្ហា និងអសន្តិសុខនៅកម្ពុជា នោះឡើយ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏បានព្រមានឲ្យត្រៀមក្ដារមឈូស បើជនណាចង់ធ្វើបដិវត្តន៍ពណ៌។
ការប្រកាសរក្សាសន្តិភាពនៅពេលនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ដើម្បីបង្កើន និងទាក់ទាញភ្ញៀវទេសចរ ព្រោះកាលណាបើសង្គមមួយមិនមានសន្តិភាព និងស្ថិរភាពហើយនោះ គឺគ្មានអ្នកទេសចរណាទៅលេងកម្សាន្តឡើយ។ លោកបានលើកឧទាហរណ៍ថា តំបន់ប្រាសាទអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានសក្ដានុពលបំផុតរបស់កម្ពុជា មិនមែនទើបកើតមាននាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែមូលហេតុដែលក្នុងទសវត្សរ៍ឆ្នាំ៧០ មិនមានភ្ញៀវទេសចរមកលេងកម្សាន្ត ដោយសារតែភ្លើងសង្គ្រាម។
ការប្រកូកប្រកាសអំពីរឿងការពារសន្តិភាពនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុក (facebook) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំងផ្លូវចិត្ត (ខាងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះគាបសង្កត់អ្នកចាញ់។ នេះហើយគឺជាមូលហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅៗ ដូចពាក្យស្លោកមួយបានចែងថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ។»
រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា គាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន សែន អំពីការការពារសន្តិភាព ប៉ុន្តែលោកចង់ឃើញកម្ពុជា មានសន្តិភាពតាមបែបប្រជាធិបតេយ្យ។
លោក សូ ចន្ថា បញ្ជាក់ថា រហូតមកដល់ពេលនេះ គឺលោកមើលមិនឃើញថា មានចលនាណាមួយដែលនាំឲ្យកើតមានសង្គ្រាម ឬអស្ថិរភាពនៅក្នុងសង្គមនោះទេ។ ចំពោះការប្រកាសរបស់លោក ហ៊ុន សែន ពេលនេះ លោកយល់ថាអាចជាការគំរាមកំហែងច្រើនជាង៕
No comments:
Post a Comment