យុវជន គង់ រ៉ៃយ៉ា ពេលទើបត្រូវបានដោះលែងឲ្យមានសេរីភាពពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Ou Banung |
យុវជន គង់ រ៉ៃយ៉ា រិះគន់ ស្ថានភាព រស់នៅ ក្នុងគុក ក្រោយរួចទោស
RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៧
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខពន្ធនាគារព្រៃស យុវជន គង់ រ៉ៃយ៉ា អះអាងថា ឆ្លងកាត់ការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះនោះមក រូបគេកាន់តែមានស្មារតីរឹងមាំ និងមានឆន្ទៈមោះមុតក្នុងការជួយសង្គមជាតិបន្តទៅទៀត។ ទន្ទឹមគ្នានេះ លោកផ្ញើសារទាំងក្លាហានថា ការចាប់ខ្លួនលោកមិនអាចបំបាក់ស្មារតីយុវជនបាននោះទេ។
ស្ថិតក្នុងសម្លៀកបំពាក់ខោកីឡាជើងខ្លី និងអាវឆ្នូតដៃវែង មានក្រមាបង់កផង យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមានគ្រួសារ និងញាតិមិត្តប្រមាណ ២០នាក់ រួមទាំងព្រះសង្ឃ ៣ ទៅ ៤អង្គផង រង់ចាំទទួលស្វាគមន៍ប្រកបដោយភាពរីករាយលាយឡំជាមួយទឹកភ្នែក។
ក្រោយរួចខ្លួនមិនបានប៉ុន្មាននាទីផង យុវជន គង់ រ៉ៃយ៉ា ក៏បានថ្លែងរិះគន់ខ្លាំងៗអំពីភាពរញ៉េរញ៉ៃនៅក្នុងពន្ធនាគារ ដូចជាការប្រើប្រាស់គ្រឿងញៀន ការជក់បារី ល្បែងស៊ីសង និងបញ្ហាលំបាកមួយចំនួនទៀត។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា បានទេ នៅថ្ងៃទី២២ ខែកុម្ភៈ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ រីឯមន្ត្រីពន្ធនាគារមួយចំនួនទៀតក៏មិនលើកទូរស័ព្ទដែរ។
យុវជន គង់ រ៉ៃយ៉ា ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីយុវជនរូបនេះប្រកាសធ្វើបដិវត្តន៍ពណ៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីឆ្នាំ២០១៥។
ក្រោយជាប់ទោស ព្រោះរឿងបដិវត្តន៍ពណ៌ យុវជន គង់ រ៉ៃយ៉ា បញ្ជាក់ថា លោកឈប់ប្រើពាក្យបដិវត្តន៍ពណ៌ទៀតហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់យោធាផង សុទ្ធតែបានគំរាមបង្ក្រាបមិនឲ្យមានបដិវត្តន៍ពណ៌នេះឡើយ។ លោក ហ៊ុន សែន ក៏បានព្រមានថែមទៀតនៅពេលថ្មីៗនេះថា ឲ្យត្រៀមក្ដារមឈូស បើជនណាចង់ធ្វើបដិវត្តន៍ពណ៌។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការសរសេររបស់យុវជន គង់ រ៉ៃយ៉ា គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ និងពុំបានបណ្ដាលឲ្យមានភាពវឹកវរក្នុងសង្គមដូចការចោទប្រកាន់ពីរដ្ឋាភិបាលនោះឡើយ ព្រមទាំងចាត់ទុកការចោទប្រកាន់ និងដាក់ទោសលើយុវជន គង់ រ៉ៃយ៉ា ថា ជាការគំរាមកំហែង និងបំបិទសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដទៃទៀត។
លោក កាំង គង់ ដែលជាឪពុករបស់យុវជន គង់ រ៉ៃយ៉ា ថ្លែងថា លោកនៅតែគាំទ្រចំពោះសកម្មភាពកូនប្រុសដែលប្ដេជ្ញាជួយសង្គមជាតិ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពកូន។
ក្រៅពីធ្វើខ្លួនជាយុវជនសកម្មក្នុងការងារសង្គមនោះ លោក គង់ រ៉ៃយ៉ា ក៏នឹងវិលត្រឡប់ទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យឡើងវិញ បន្ទាប់ពីខាតពេលអស់ចំនួន ៣ឆ្នាំ៕
No comments:
Post a Comment