Paris Peace Accords 23 Oct. 1991

Wednesday, March 22, 2017

[Demographic Vietnamization: Fishing, Kampot] សមត្ថកិច្ច​ ខេត្ត​កំពត ​នឹង​ផាក​ពិន័យ ​ប្រជា​នេសាទ​ វៀតណាម ​១៦​នាក់​ ចូល​នេសាទ​ ខុស​ច្បាប់ | Kampot authority fines 16 Vietnamese nationals for illegal fishing

អ្នក​នេសាទ​សហគមន៍​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត រៀប​ចំ​ទូក​ចេញ​ទៅ​នេសាទ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
អ្នក​នេសាទ​សហគមន៍​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត រៀប​ចំ​ទូក​ចេញ​ទៅ​នេសាទ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Vohar Cheath

សមត្ថកិច្ច​ ខេត្ត​កំពត ​នឹង​ផាក​ពិន័យ ​ប្រជា​នេសាទ​ វៀតណាម ​១៦​នាក់​ ចូល​នេសាទ​ ខុស​ច្បាប់

RFA / វិទ្យុ អាស៊ី សេរី | ២១ មិនា ២០១៧



សមត្ថកិច្ច​ ជំនាញ​ ជលផល ​ខេត្ត​កំពត កំពុង​ បំពេញ​ នីតិវិធី​ តាម​ច្បាប់​ ស្ដីពី​ ជលផល ដើម្បី​ ផាក​ពិន័យ ​ប្រជា​នេសាទ ​ជនជាតិ​ វៀតណាម ដែល​បាន ​ឆ្លង​ចូល ​នេសាទ ​ក្នុង​ដែន​សមុទ្រ ​ទឹក​រាក់ ​នៃ​ខេត្ត​ កំពត។   ប្រជា​នេសាទ​ នៅ​ខេត្ត​ កំពត សាទរ​ ចំពោះ​ ចំណាត់ការ​ របស់​ សមត្ថកិច្ច​ ទៅ​លើ​ អ្នក​នេសាទ​ ជនជាតិ​ វៀតណាម នេះ, ហើយ ​ស្នើ​ឲ្យ​ ចំណាត់ការ​នេះ​ ត្រូវ​ ធ្វើ​ឡើង ​ឲ្យ​បាន​ ទៀងទាត់។


នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត លោក ស សុរិន បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ មីនា ថា សមត្ថកិច្ច​នឹង​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ជលផល​ចំពោះ​ប្រជា​នេសាទ​វៀតណាម ចំនួន ១៦​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន។ លោក​បញ្ជាក់​ដោយ​ខ្លី​ថា សមត្ថកិច្ច​នឹង​ពិន័យ​អ្នក​ទាំងនោះ​តាម​ច្បាប់ តែ​មិន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ ព្រោះ​ឧបករណ៍​នេសាទ​របស់​អ្នក​ទាំងនោះ​មិន​ដល់​ថ្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ជំនាញ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​ផាក​ពិន័យ​ប្រជា​នេសាទ​វៀតណាម ទាំងនោះ​ចំនួន​ប៉ុន្មាន​នោះ​ទេ៖ «យើង​ធ្វើ​តាម​ច្បាប់​ស្ដីពី​ជលផល។ យើង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ក៏ប៉ុន្តែ​ការ​ប្រើ​ឧបករណ៍​នេះ​វា​មិន​ពាក់ព័ន្ធ​បញ្ជូន​ទៅ​តុលាការ ដូច​ការ​ប្រើ​ឧបករណ៍​ឆក់​ទេ»


កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា កន្លង​ទៅ សមត្ថកិច្ច​ជំនាញ​ជលផល សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ប្រព្រឹត្ត​ដោយ​ប្រជា​នេសាទ​វៀតណាម ចំនួន ៤​ទូក​នៅ​ភូមិសាស្ត្រ​សមុទ្រ​ខេត្ត​កំពត។ ក្រុម​សមត្ថកិច្ច​ចាប់​បាន​ទូក​នេសាទ​ចំនួន ៣​គ្រឿង និង​ឃាត់​ខ្លួន​អ្នក​នេសាទ​វៀតណាម ចំនួន ១៦​នាក់។

ប្រជា​នេសាទ​ជនជាតិ​ចាម នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត លោក ម៉ាត់ សុះ សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​ក្រុម​អ្នក​នេសាទ​វៀតណាម ដែល​តែង​ឆ្លង​ចូល​មក​នេសាទ​ក្នុង​ដែន​ទឹក​រាក់​នៃ​សមុទ្រ​ខេត្ត​កំពត ក៏ប៉ុន្តែ​អ្នក​នេសាទ​រូប​នេះ​ចង់​ឃើញ​ការ​អនុវត្ត​របស់​សមត្ថកិច្ច ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ទៀងទាត់ និង​មាន​ប្រសិទ្ធភាព៖ «ជា​ការ​ត្រេកអរ​ណាស់​ដែល​សមត្ថកិច្ច​ខំ​ប្រឹង​ការងារ​បាន​ច្រើន ហើយ​ទទួល​លទ្ធផល​បាន​ល្អ​ដែរ ប៉ុន្តែ​ខ្ញុំ​សូម​សំណូមពរ​ទៅ​អនាគត​ទៅ ឲ្យ (សមត្ថកិច្ច) ខំ​ធ្វើ​ការងារ​ឲ្យ​បាន​ស្អិតល្មួត និង​ហ្មត់ចត់ ហើយ​និង​ព្យាយាម​បាន​ច្រើន​ទៅ​ទៀត»


មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ គាំទ្រ​ចំពោះ​ការ​ផាក​ពិន័យ​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ស្រប​តាម​ច្បាប់​ជលផល ក៏ប៉ុន្តែ​លោក​ស្នើ​សមត្ថកិច្ច​តាមដាន​ករណី​នេះ​ឲ្យ​បាន​ជាប់លាប់ ហើយ​បើ​រក​ឃើញ​ថា ក្រុម​អ្នក​នេសាទ​វៀតណាម នោះ​មិន​រាងចាល​ទេ សមត្ថកិច្ច​គួរ​តែ​បញ្ជូន​ពួក​គេ​ទៅ​តុលាការ។

លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ទប់ស្កាត់​បទល្មើស​នេសាទ​សមុទ្រ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​ទំនាស់​ដែល​អាច​កើត​មាន​ឡើង​រវាង​ក្រុម​អ្នក​នេសាទ​ខ្មែរ និង​វៀតណាម៖ «ភាគី​វៀតណាម ដែល​មាន​ទូក​ធំៗ​មក​អូស​ក្នុង​ដែន​ទឹក​រាក់​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ទូក​តូចតាច​នេះ​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។ ទី​ពីរ ធ្វើ​ឲ្យ​ខូចខាត ឬ​ក៏​បំផ្លាញ​កូន​ត្រី កូន​បង្គា ធ្វើ​ឲ្យ​បាត់បង់​នូវ​ធនធាន​សមុទ្រ​ហ្នឹង បើ​សិន​ជា​នៅ​តែ​មាន​ការ​ប្រព្រឹត្ត​បែប​ហ្នឹង ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​វា​អាច​នាំ​ឲ្យ​ជម្លោះ​កាន់​តែ​កើត​ឡើង​កាន់​តែ​ខ្លាំង អាច​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើងៗ»

ប្រជា​នេសាទ​នៅ​ខេត្ត​កំពត អះអាង​ថា បទល្មើស​នេសាទ​សមុទ្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត កើត​មាន​កាន់​តែ​ខ្លាំង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​ជា​ញឹកញាប់ ក្រុម​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​មាន​មូលដ្ឋាន​នៅ​កោះត្រល់ តែង​ចូល​មក​នេសាទ​យ៉ាង​ជ្រៅ​ក្នុង​ដែន​ទឹក​កម្ពុជា ហើយ​តែង​ប៉ះ​ទង្គិច​ជាមួយ​ពួក​គាត់។ 

ការ​ប៉ះ​ទង្គិច​ភាគច្រើន ប្រជា​នេសាទ​ខ្មែរ​ជា​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង ដោយសារ​ក្រុម​ជនជាតិ​វៀតណាម មាន​ទូក​ធំ​ជាង និង​មាន​ឧបករណ៍​ច្រើន​ជាង។ ជាក់ស្តែង កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ ឌុល អៃយ៉ូប ដែល​ជា​កម្មករ​ទូក​នេសាទ​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត ត្រូវ​បាន​អ្នក​នេសាទ​ជនជាតិ​វៀតណាម សម្លាប់ រួច​បោះ​សព​ចោល​ទៅ​ក្នុង​ទឹក​សមុទ្រ។

ផ្ដើម​ចេញ​ពី​បញ្ហា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទ​រាប់​រាយ​នាក់​នៅ​ខេត្ត​កំពត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​បិទ​ផ្លូវ​នៅ​គល់​ស្ពាន​ព្រែក​កំពត កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ចាត់​វិធានការ​ចំពោះ​ក្រុម​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​បាន​ឆ្លង​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា។

ប្រជា​នេសាទ លោក ម៉ាត់ សុះ បញ្ជាក់​ថា តាំង​ពី​ផ្ទុះ​ការ​តវ៉ា​មក នេះ​ជា​ករណី​ទី​មួយ​ហើយ​ដែល​មាន​ក្រុម​ប្រជា​នេសាទ​វៀតណាម ចូល​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាត់​វិធានការ​ភ្លាមៗ។ លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​អនុវត្ត​បែប​នេះ​ទៅ​ថ្ងៃ​មុខ​ទៀត ដើម្បី​ថែរក្សា​ធនធាន​ក្នុង​សមុទ្រ​សម្រាប់​ប្រជា​នេសាទ​នៅ​ខេត្ត​កំពត៕




No comments:

Post a Comment