ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី (រូបកណ្ដាល) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ RFA/Cheu Sideth |
គណៈកម្មាធិការ សិទ្ធិមនុស្ស រដ្ឋាភិបាល ថា, លោក ហ៊ុន សែន មានស្នាដៃ លើកកម្ពស់ សិទ្ធិមនុស្ស ប៉ុនមហាមេឃ
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិនា ២០១៧
ប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្ស របស់ រដ្ឋាភិបាល ថ្លែងថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានស្នាដៃ ការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស ធំធេង ប៉ុនមហាមេឃ តែ គ្មាន នរណា មើលឃើញ និងផ្ដល់ ពានរង្វាន់ឡើយ បែរ ជានាំគ្នា និយាយ បន្តុះបង្អាប់ ទៅវិញ។
ការថ្លែងបែបនេះ ដើម្បីឆ្លើយតបទៅក្រុមសមាជិកសភាអាស៊ានមួយក្រុម ដែលរកឃើញថា ការរំលោភបំពានសិទ្ធិមនុស្ស និងការរំខានយាយីគណបក្សប្រឆាំងនៅកម្ពុជា កំពុងរុញច្រានឲ្យរបបលទ្ធិប្រជាធិបតេយ្យរំកិលដល់មាត់ទ្វារមរណៈ។
មន្ត្រីរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ចាត់ទុកក្រុមសមាជិកសភាអាស៊ានមួយក្រុម កាលពីថ្ងៃទី២០ មីនា ដែលបានចេញរបាយការណ៍ស្ដីពី សំឡេងជួងមរណៈនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាជាការចេញរបាយការណ៍ខុសពីការពិត ហើយក្រុមសមាជិកសភាអាស៊ានទាំងនេះគ្រាន់តែជាក្រុមដ៏តូចមួយ ដែលមិនតំណាងឲ្យក្របខ័ណ្ឌសភាអាស៊ានដែលគេទទួលស្គាល់ឡើយ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៧ មីនា ថា រយៈពេលកន្លងទៅ កម្ពុជា មិនដែលធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ជុំវិញបញ្ហាសិទ្ធិមនុស្សឡើយ បើទោះជាដឹងថាប្រទេសជាសមាជិកអាស៊ានខ្លះមានការរឹតត្បិតសិទ្ធិសេរីភាព ការវាយតំណាងរាស្ត្រ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងកម្ពុជា ក្ដី។
លោកបន្តថា ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស គឺអាស្រ័យលើទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសនីមួយៗ និងមិនអាស្រ័យលើស្តង់ដារសិទ្ធិមនុស្សនៃប្រទេសណាមួយ ដែលប្រទេសមួយទៀតត្រូវយកគំរូតាមឡើយ។
លោក កែវ រ៉េមី ក៏បានអួតសរសើរពីស្នាដៃប៉ុនមហាមេឃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំដោះប្រជាជនពីរបបកាប់សម្លាប់ខ្មែរក្រហម និងការធ្វើនយោបាយឈ្នះៗដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ដែលជាការស្រោចស្រង់ឡើងវិញនូវសិទ្ធិរស់រានជាមូលដ្ឋានរបស់ពលរដ្ឋ។
ប្រតិកម្មច្រានចោលរបាយការណ៍របស់សមាជិកសភាអាស៊ាន និងបង្អួតមកវិញនូវស្នាដៃការពារសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន ដ៏ធំធេងនៅពេលនេះ បន្ទាប់ពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) មកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាដើម បានចេញផ្សាយរបាយការណ៍ជាសាធារណៈនៅថ្ងៃទី២០ មីនា ដែលជារបាយការណ៍ចងក្រង និងវិភាគលើការវាយប្រហារសមាជិកសភា ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការរំលោភនីតិវិធីជុំវិញអភ័យឯកសិទ្ធិសភា ការរំលោភបំពានលើរូបរាងកាយ និងចុងក្រោយការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចរំលាយគណបក្សប្រឆាំងនៅកម្ពុជា ថាប្រៀបដូចជាអាវុធដ៏គ្រោះថ្នាក់មួយចាក់សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលមានការវាយបង្ក្រាប និងការបាញ់សម្លាប់កម្មករតវ៉ាអហិង្សាទាមទារដំឡើងប្រាក់ខែ ការបង្ក្រាបលើក្រុមតវ៉ាគណបក្សប្រឆាំងនៅក្បែរទីលានប្រជាធិបតេយ្យ និងការវាយតំណាងរាស្ត្រគណបក្សប្រឆាំងទាំងកណ្ដាលថ្ងៃត្រង់នៅខាងមុខរដ្ឋសភា ជាដើម គឺសុទ្ធសឹងតែជាព្រឹត្តិការណ៍ធំៗនាំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាន់តែរងការរិះគន់យ៉ាងខ្លាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា លោកមិនចាប់អារម្មណ៍នឹងការចេញមុខច្រានចោលរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅពេលនេះឡើយ ព្រោះវាជាវប្បធម៌របស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងរិះគន់បកវិញថាជារបាយការណ៍លម្អៀង និងមាននិន្នាការនយោបាយ នៅពេលមានអង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ និយាយដល់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែអ្វីដែលជាការយល់ឃើញរបស់លោក អំ សំអាត គឺរបាយការណ៍មួយៗ គឺតែងមានការសំអាងទៅលើការរកឃើញ និងសង្កេតឃើញ ដែលរដ្ឋាភិបាលគួរតែយកមកគិតពិចារណា។
របាយការណ៍ពីសមាជិកសភាអាស៊ានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនាំឲ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី លាលែងពីប្រធានបក្ស គឺជាបរិបទបង្ក្រាបថ្មីមកលើអ្នកប្រឆាំង ហើយការវាយដំសមាជិកសភា សង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាល គឺជាការទប់ស្កាត់មិនឲ្យមានអ្នកនិយាយប្រឆាំងរដ្ឋាភិបាល។ សកម្មភាពបែបនេះ នាំឲ្យអន្តរាយដល់ការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ ហើយនាំឲ្យកម្ពុជា ក្លាយជាប្រទេសផ្ដាច់ការ ស្ថិតក្រោមការដឹកនាំដោយគណបក្សតែមួយ។
អ្នកតាមដានស្ថានការណ៍នយោបាយ លោក សូ ចន្ថា យល់ថា របាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដែលចេញផ្សាយ ហាក់ស៊ីគ្នាទៅនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិសេរីភាពនៅកម្ពុជា។ លោកថ្លែងថា ប្រសិនបើស្ថានភាពនយោបាយត្រូវបានគេរំលោភ និងអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ នឹងធ្វើឲ្យប្រជាប្រិយភាពរបស់កម្ពុជា ត្រូវបាត់បង់នៅលើឆាកអន្តរជាតិ។
អ្នកវិភាគនយោបាយបញ្ជាក់ថា ប្រសិនបើការលើកឡើងរបស់អន្តរជាតិ អាចជាផលចំណេញសម្រាប់ប្រជាជន និងប្រទេសជាតិ រដ្ឋាភិបាលគួរធ្វើការកែប្រែដើម្បីឲ្យសមស្របទៅនឹងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពគោលការណ៍សិទ្ធិមនុស្ស៕
No comments:
Post a Comment