អតីតស្នងការក្រុងភ្នំពេញ លោក ហេង ពៅ នៅតុលាការកំពូល កាលពី៣០ ខែកញ្ញា ឆ្នាំ២០១៤។ RFA |
លោក ហេង ពៅ ប្រតិកម្ម នឹងឆ្មាំ ពន្ធនាគារ ដែលរឹតត្បិត មិន ឲ្យឆ្លើយ សំណួរ របស់ អ្នកកាសែត
RFA
លោក ហេង ពៅ ថ្លែងថា, «ខ្ញុំ អត់និយាយអី ប៉ះពាល់ ដល់រឿង នយោបាយទេ។ ខ្ញុំ អត់ធ្វើ សន្និសីទ កាសែត ទេ។ លោកឯង រករឿងខ្ញុំ រហូត។ ខ្ញុំ មិនមែន ធ្វើសន្និសីទ កាសែត ទេ, តែ ខ្ញុំ ចង់ប្រាប់ លោកឯង ឈប់ធ្វើ បាបខ្ញុំ, ឈប់ធ្វើ បាបខ្ញុំ ទៅ។ ធ្វើបាបខ្ញុំប៉ុណ្ណឹង បានហើយ។ លោកឯង ចង់ ឲ្យខ្ញុំ ននៀល នៅទីនេះ ឬយ៉ាងម៉េច? ខ្ញុំ គ្រាន់តែ ចង់ប្រាប់ អ្នកកាសែត ថា, ពេល ដែលខ្ញុំ មិនព្រម ស៊ីលុយចោរ បែរ ជាយកខ្ញុំ មកកាត់ទោស...។»
ស្ថិតក្នុងដំណើរប៉ាំងពៀចៗ ដោយគ្មានជាប់ខ្នោះដៃ ខុសពីជនជាប់ចោទដទៃទៀត និងសម្ដីម៉ាត់ៗ ឆ្លើយតបនឹងអ្នកសារព័ត៌មានបណ្ដើរផង លោក ហេង ពៅ ដែលអមទៅដោយឆ្មាំពន្ធនាគារ២ ទៅ ៣នាក់ ក្រោយចេញពីបន្ទប់សវនាការ បានព្យាយាមជំទាស់ទៅនឹងការរារាំងម្ដងហើយម្ដងទៀត របស់កងសន្តិសុខដែលនាំខ្លួនអតីតស្នងការក្រុងភ្នំពេញនេះ ពីពន្ធនាគារមកតុលាការកំពូល កាលពីព្រឹកថ្ងៃទី១៥ ខែមីនា។
ក្នុងពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានលើកពេលសវនាការ ដោយសារអវត្តមានមេធាវីការពារក្ដី គឺលោក កៅ ស៊ូផា លោក ហេង ពៅ បដិសេធថា លោកពុំមានជាប់ទាក់ទិននឹងអំពើស៊ីសំណូកសូកប៉ាន់ក្នុងទំហំទឹកប្រាក់ប្រមាណ ២ម៉ឺន ៤ពាន់ដុល្លារ ក្នុងសំណុំរឿងគ្រឿងញៀន កាលពីឆ្នាំ២០០៩ នោះឡើយ។ ផ្ទុយទៅវិញ លោកបានជំទាស់មិនឲ្យមន្ត្រីនគរបាលថ្នាក់ក្រោមនៅខណ្ឌទួលគោក ទទួលយកសំណូកពីចោរចាប់ជំរិត និងរកស៊ីគ្រឿងញៀនម្នាក់ឈ្មោះ ចាន់ សៀប ជាថ្នូររួចផុតពីការប្រឈមចំពោះមុខច្បាប់។ លោកបន្តថា, «និយាយរឿងគេកាត់ទោសខ្ញុំថ្ងៃនេះ គឺចោរសូកលុយខ្ញុំ ២ម៉ឺន ៤ពាន់ដុល្លារ ហើយខ្ញុំបដិសេធមិនស៊ី។ ខ្ញុំថានគរបាលនៅទួលគោកកុំស៊ី។ ហើយតុលាការបែរជាដោះលែង។ ហើយជិត ២០ឆ្នាំក្រោយ តុលាការបែរជាយករឿងហ្នឹងមកដាក់ទោសខ្ញុំទៅវិញ។ ហើយឃើញចោរប្លន់ពេញភ្នំពេញទេ? ឃើញគ្រឿងញៀនពេញប្រទេសទេ? ចុះបើមេនគរបាលធ្វើរបៀប ហេង ពៅ អ៊ីចឹងមានចោរមានគ្រឿងញៀនអ៊ីចឹងដែរ?»
ជុំវិញរឿងនេះ អាស៊ីសេរី ពុំអាចសុំការបំភ្លឺបានទេពីលោក កៅ ស៊ូផា មេធាវីការពារក្ដីឲ្យលោក ហេង ពៅ នៅថ្ងៃទី១៥ ខែមីនា។ ក៏ប៉ុន្តែលោក កៅ ស៊ូផា ធ្លាប់អះអាងថា កូនក្តីរបស់ខ្លួនធ្លាប់បដិសេធថា ពុំមានជាប់ពាក់ព័ន្ធរឿងក្ដីនេះ តាំងពីដំណាក់ជំនុំជម្រះនៅតុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០០៩ មកម្ល៉េះ។ លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ ក្រៅពីមានសំណុំរឿងមួយនេះហើយ លោកក៏នៅមានរឿងក្ដីនៃបទឧក្រិដ្ឋចំនួន ៧ករណីផ្សេងទៀតដែរ ក្នុងពេលគ្រងតំណែងជាស្នងការក្រុងភ្នំពេញ។
បើគិតសំណុំរឿងទាំង៧នេះ ដោយមិនទាន់បូកសរុបករណីគ្រឿងញៀននេះមួយទៀតនៅឡើយផង លោក ហេង ពៅ ត្រូវបានតុលាការផ្ដន្ទាទោសសរុបជាង ៩៤ឆ្នាំរួចទៅហើយ។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (Licadho) យល់ឃើញថា ការបញ្ចេញឬកពាររបស់ឆ្មាំពន្ធនាគារ ដោយពុំអនុញ្ញាតឲ្យលោក ហេង ពៅ បានផ្ដល់ដំណឹងដល់ក្រុមអ្នកកាសែត គឺពុំមានចែងក្នុងបញ្ញត្តិនៃច្បាប់ឡើយ។ លោកបន្តថា «មិនមានច្បាប់ណាដែលតម្រូវឲ្យធ្វើអ៊ីចឹងទេ ព្រោះគាត់មានសិទ្ធិដែរ។ យើងឃើញអ្នកផ្សេងៗក៏មានសិទ្ធិក្នុងការនិយាយជាមួយសារព័ត៌មានដែរតើ។»
លោក ហេង ពៅ ដែលស្ថិតក្នុងសម័យកាលនៃការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករ គឺលោក ជា វិជ្ជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលអនុរក្សពន្ធនាគារបញ្ជូនចូលរថយន្តវិញថា ពេលក្រោយនឹងបានដឹងអ្នកដែលបាញ់សម្លាប់អតីតមេសហជីពដ៏ល្បីល្បាញគឺលោក ជា វិជ្ជា ហើយ។
អតីតស្នងការក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធទៅដោយបណ្ដឹងស្អេកស្កះ ត្រូវបានរដ្ឋាភិបាលចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០០៦។ ការបញ្ជូនខ្លួនតាមជើងហោះហើរដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងពេលលោក ហេង ពៅ ទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួនផ្នែកនយោបាយនៅប្រទេសហ្វាំងឡង់ (Finland )៕
The prison guard standing next to Heng Pov (on the left of phot0) is very stupid and dumb. This prison guard was worried to lose his job if he did not do anything to prevent the journalists and reporters from interviewing Heng Pov. This prison guard has no shame for working for the illegal CPP government led by the Vietnaemse/Yuon puppet Hun Sen and the CPP courts that are controlled by Hun Sen.
ReplyDelete