Paris Peace Accords 23 Oct. 1991

Tuesday, March 28, 2017

«បញ្ហា ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ នៅ​តែ ​ជា​បញ្ហា​ ប្រឈម ​ដរាប​ណា​ លោក ហ៊ុន សែន នៅ​កាន់​ អំណាច» | "Human rights problems in Cambodia continue to be a problem as long as Hun Sen holds on to power"

http://www.rfa.org/khmer/news/human-rights/interview-phil-robertson-03112015042925.html/phil-robbertson-620.jpg/image
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​កម្ពុជា បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​ឲ្យ​ប្រទេស​វៀតណាម។ រូបថត​ខែ​មីនា ឆ្នាំ​២០១៥

«បញ្ហា ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ នៅ​តែ ​ជា​បញ្ហា​ ប្រឈម ​ដរាប​ណា​ លោក ហ៊ុន សែន នៅ​កាន់​ អំណាច»

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិនា ២០១៧




អ្នក​តាម​ដាន​ អំពី​ ស្ថានការណ៍​ នយោបាយ និង​សិទ្ធិ មនុស្ស​ អះអាង​ ថា,  កម្ពុជា​ នឹង​មិន​អាច ​ងើប​មុខ ​រួច​ ខាង​ការ​ គោរព​ សិទ្ធិមនុស្ស​ លើ​ឆាក​ អន្តរជាតិ​ បាន​ទេ ដរាបណា​ កម្ពុជា ស្ថិត​ក្រោម ​ការ​ដឹកនាំ​ របស់​លោក ហ៊ុន សែន។  ទោះ​ ជា​យ៉ាង​ណា​ ក៏ដោយ មន្ត្រី​ សិទ្ធិមនុស្ស​ រដ្ឋាភិបាល​ កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា អះអាង​ ថា, លោក ហ៊ុន សែន គួរ​តែ​ ទទួល​បាន ​ពានរង្វាន់​ ផ្នែក​សិទ្ធិមនុស្ស។

​មន្ត្រី​ អង្គការ​ ឃ្លាំមើល​ សិទ្ធិមនុស្ស ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ គណៈកម្មាធិការ​ សិទ្ធិមនុស្ស​ របស់​ រដ្ឋាភិបាល​ ទីក្រុង​ ភ្នំពេញ ថា​ ជា​គណៈកម្មាធិការ​ កំប្លុកកំប្លែង​ ដើម្បី​ ទប់ទល់​ នឹង​ការ ​រិះគន់ ​របស់ ​មជ្ឈដ្ឋាន​ ខាង​ក្រៅ។

នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ីសេរី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ជា​គណៈកម្មការ​មួយ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព​មិន​មាន​វិជ្ជាជីវៈ និង​មិន​មាន​ស្តង់ដារ​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នោះ​ឡើយ។

លោក ហ្វីល រ៉ូប៊ឺតសុន«គណៈកម្មាធិការ​ សិទ្ធិមនុស្ស ​របស់​ រដ្ឋាភិបាល​ កម្ពុជា គ្មាន ​ឯករាជ្យ​ ទាល់​តែ​សោះ,  ហើយ​ ស្ថាប័ន​នេះ​ ស្ថិត​ក្រោម​ ការ​បញ្ជា ​របស់ ​ខុទ្ទកាល័យ​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។  គ្មាន ​អ្នក​ណា​ ខ្វល់ និង​គ្មាន ​ការ​ទទួល​ស្គាល់ ​ពី​ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស​ របស់ ​អង្គការ ​សហប្រជាជាតិ ឬ​ពី​ការិយាល័យ ​នៃ​ឧត្ដម​ ស្នងការ​ ទទួលបន្ទុក ​សិទ្ធិមនុស្ស ​ឡើយ។  ស្ថាប័ន​នេះ​គ្មាន ​បាន​ការ​អ្វី​ ទាំង​អស់​, សូម្បី​តែ ​ប្រជាពលរដ្ឋ​ ក៏​មិន​ ពឹង​ពាក់​ ដើម្បី​ ជួយ​ដោះស្រាយ​ វិបត្តិ​ ឲ្យ​ពួកគេ ​បាន​ដែរ។   ខ្ញុំ​ យល់​ថា, វា​ មិន​មែន​ ជា​អង្គការ​ ដែល​មាន​ អំណាច​ នោះ​ទេ,  តែ​ វា​ គ្រាន់​តែ ​ជា​ស្ថាប័ន​ មួយ​ ដែល​បង្កើត​ឡើង ​សម្រាប់ ​ដើរ​ចូលរួម​ ប្រជុំ​ ពី​នេះ ​ពី​នោះ​ ប៉ុណ្ណោះ»


ការ​អះអាង​របស់​លោក ហ្វីល រ៉ូប៊ឺតសុន គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា ថា លោក ហ៊ុន សែន មាន​ស្នាដៃ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ធំធេង​ប៉ុន​មហា​មេឃ តែ​គ្មាន​នរណា​មើល​ឃើញ និង​ផ្ដល់​ពានរង្វាន់​ឡើយ ហើយ​បែរ​ជា​នាំគ្នា​រិះគន់​ទៅ​វិញ។

លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​តែ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​ពិភពលោក៖ «ពាន​រង្វាន់​សន្តិភាព​ជូន​គាត់ ឬ​ពាន​រង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ជូន​គាត់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អា​ចំណុច​ពីរ​សំខាន់​នេះ​ត្រូវ​បាន​គេ​បំភ្លេច បង្អាប់ បង្កាច់ បន្ទោស ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​គុណសម្បត្តិ​ស្មើ​មហា​មេឃ​នៅ​ទទួល។ ខ្ញុំ​មិន​ដឹង​ថា តើ​និយាយ​របៀប​ម៉េច»

​ការ​អះអាង​របស់​លោក កែវ រ៉េមី ហាក់​ផ្ទុយ​នៅ​នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ​អន្តរជាតិ​ដែល​ឃ្លាំមើល​អំពី​សន្តិភាព សេរីភាព សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា ជំងឺ​ដែល​កម្ពុជា កំពុង​មាន​គឺ​ភាព​អមនុស្សធម៌ អសមធម៌​ក្នុង​សង្គម ការ​បាត់បង់​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ ភាព​ទន់​ខ្សោយ​នៃ​វប្បធម៌​រិះគន់​ដើម្បី​ស្ថាបនា និង​អំពើ​និទណ្ឌភាព​ជាដើម។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ការ​នាំ​ខ្លួន​ជន​ដៃដល់ ឬ​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​ខ្នាត​ធំៗ​ជា​ច្រើន​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ ដូចជា​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ករណី​ឃាតកម្ម​លើ​អ្នក​ឃ្លាំមើល​បរិស្ថាន លោក ឈុត វុទ្ធី ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត និង​ករណី​តារាភាពយន្ត​អ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម។

​យ៉ាង​ហោច​ណាស់​មាន​អ្នក​នយោបាយ​ចំនួន​ជិត ៣០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ។ អ្នក​ទាំង​នោះ​រួមមាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​រូប​ទៀត។
​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​បដិសេធ​ថា កម្ពុជា​គ្មាន​អ្នក​​ទោស​នយោបាយ​នោះ​ឡើយ ប៉ុន្តែ​មាន​តែ​អ្នក​នយោបាយជាប់ទោសដោយសារ​​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ទល់​ឆ្នាំ​២០១៧ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក បាន​បន្ត​អោយ​ពិន្ទុ​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​បាត​តារាង​រហូត​ហើយ​ផ្ដល់​ចំណាត់​ថ្នាក់​ដល់​កម្ពុជា ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ដោយសារ​មាន​ការ​គាប រឹតត្បិត​លំហ​សេរីភាព​របស់​សង្គម​ស៊ីវិល និង​ការ​យាយី​លើ​គណបក្ស​ប្រឆាំង។

​ទោះជា​យ៉ាង​ណា​ក៏ដោយ សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ហាក់​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ម្នាក់ ដែល​តែង​អះអាង​ថា ខ្លួន​គឺ​ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ ថា​តើ​ប្រទេស​អាច​មាន​ស្ថិរភាព ឬ​អាច​មាន​សង្គ្រាម​ទៅ​បាន​នោះ។

​កាល​ពី​ចុង​ខែ​កុម្ភៈ លោក ហ៊ុន សែន គំរាម​រួច​ជា​ស្រេច​ទៅ​ហើយ ក្នុង​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​ណា​ដែល​ហ៊ាន​ចេញ​មុខ​ប្ដូរ​របប​ដឹកនាំ​របស់​លោក៖ «ដោយ​តម្លៃ​ណា​ក៏ដោយ អ្នក​ត្រូវ​យល់​ឲ្យ​បាន​ថា សន្តិភាព​ពិបាក​ណាស់។ ទម្រាំ​រក​បាន​ប្រើ​មនុស្ស​រាប់​ជំនាន់ ហើយ​អស់​ជីវិត​មនុស្ស​ច្រើន​ណាស់។ ជំនាន់​អាមេរិកាំង អស់​មនុស្ស​ជាង​កន្លះ​លាន​នាក់ ជំនាន់ ប៉ុល ពត អស់​មនុស្ស បី​លាន​នាក់។ ចង់​សម្លាប់ ហ៊ុន សែន មួយ ចង់​ផ្ដួល ហ៊ុន សែន មួយ តើ​នឹង​មាន​ស្អី​នៅ​ពេល​ខាង​មុខ? នេះ​ជា​ចំណុច​ដាក់​ជា​សំណួរ​តើ​ខ្លួន​នឹង​នៅ​មាន​ស្ថិរភាព​អង្គុយ​របៀប​ហ្នឹង​ទេ?»

​ការ​គំរាម​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​គេ​ឃើញ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ម្តងៗ។ ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​សមាជិកសភា​អាស៊ាន​មួយ​ក្រុម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា បាន​ចាត់​ទុក​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា ស្ថិត​នៅ​ច្រក​ទ្វារ​មរណៈ។

ក្រុម​នេះ​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ចងក្រង និង​វិភាគ​លើ​ការ​វាយ​ប្រហារ​សមាជិក​សភា ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​អភ័យឯកសិទ្ធិ​សភា ការ​បំពាន​លើ​រូបរាងកាយ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក ហ្វីល រ៉ូប៊ឺតសុន លើក​ឡើង​បន្ត​ទៀត​ថា ប្រសិនបើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ ធ្វើ​ឡើង​ដោយ​ទាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ មែន នោះ​កម្ពុជា នឹង​ជួប​មហា​វិបត្តិ​ដ៏​ធំ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ថ្កោលទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​អាច​ដើរ​ចេញ​ពី​កម្ពុជា តាម​រយៈ​ការ​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ដល់​កម្ពុជា។ លោក​បន្ត​ថា ពេល​នោះ​កម្ពុជា នឹង​ជួប​នូវ​ភាព​វឹកវរ​ចលាចល​ពេញ​ផ្ទៃ​ប្រទេស ហើយ​នាំ​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ជួប​គ្រោះ​មហន្តរាយ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ៕


No comments:

Post a Comment