![]() |
| លោក គឹម សុខ (ក្នុងឯកសណ្ឋានអ្នកទោស) អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពេលបញ្ជូនចេញពីសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ RFA/Rann Samnang |
លោក គឹម សុខ ថា, គេ ចង់ឲ្យ លោក ធ្វើជាមនុស្ស ស្នូល ក្នុងការ អនុវត្ត ផែនការ បក្ស កាន់អំណាច
RFA / វិទ្យុ អាស៊ី សេរី | ១០ មីនា ២០១៧
ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បានកោះហៅ អ្នកឃ្លាំមើល បញ្ហាសង្គម និងនយោបាយ លោក គឹម សុខ នៅព្រឹកថ្ងៃ ទី១០ ខែមីនា មកសាកសួរ បន្ថែម ទាក់ទង ក្រោមបទ បរិហារកេរ្តិ៍ ជាសាធារណៈ និងញុះញង់ ឲ្យមាន ភាពវឹកវរ ចលាចល ដល់សន្តិសុខ សង្គម បន្ទាប់ ពីលោក អត្ថាធិប្បាយ ទាក់ទង នឹងការ សម្លាប់ បណ្ឌិត កែម ឡី។ ប៉ុន្តែ លោក បានអះអាង ថា, តុលាការ មិន បានសាកសួរ អ្វី ដល់លោកទេ ដោយសារតែ មេធាវី របស់លោក សូម ពន្យារពេល។
មុនឡើង រថយន្ត បញ្ជូនទៅកាន់ ពន្ធនាគារ ព្រៃ ស វិញ, លោក គឹម សុខ បានថ្លែង ដោយខ្លី ថា មានការ បង្ខិតបង្ខំ ឲ្យលោក ធ្វើជាមនុស្ស ស្នូល ក្នុងការ អនុវត្ត ផែនការ នយោបាយគណ បក្ស ប្រជាជន កម្ពុជា សម្រាប់ ជំនាន់ថ្មី បើ សិនជាលោក ចង់បាន ការដោះលែង។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ បានអះអាងបន្ទាប់ពីចេញពីបន្ទប់សាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានការរឹតបន្តឹងពីកងសន្តិសុខមិនឲ្យនិយាយប្រាប់អ្នកសារព័ត៌មាននោះថា តុលាការមិនបានសាកសួរអ្វីដល់លោកទេ ដោយសារតែមេធាវីរបស់លោកសុំពន្យារពេល។ ប៉ុន្តែលោកឆ្លៀតនិយាយយ៉ាងតក់ក្រហល់ថា មានអ្នកដាក់លក្ខខណ្ឌអោយលោកជាថ្នូរនឹងការដោះលែង៖ «តុលាការអត់មានសួរអីខ្ញុំទេ! គេចង់ឲ្យខ្ញុំក្លាយជាមនុស្សស្នូលក្នុងការអនុវត្តផែនការនយោបាយគណបក្សប្រជាជនកម្ពុជា សម្រាប់ជំនាន់ថ្មី បើសិនជាខ្ញុំចង់បានការដោះលែង»
បើទោះជាយ៉ាងណា លោក គឹម សុខ ពុំមានពេលវេលានិយាយអោយបានច្បាស់លាស់ថា អ្នកណាជាអ្នកដាក់លក្ខខណ្ឌ ហើយមូលហេតុអ្វីទើបគេត្រូវការរូបលោកនោះឡើយ ដ្បិតលោកត្រូវកងសន្តិសុខបង្ខំបញ្ជូនចេញពីតុលាការភ្លាមៗ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់។ ជាក់ស្ដែងការតស៊ូ និងកាន់កាប់អំណាចជិត ៤០ឆ្នាំមកនេះ ពុំមានវត្តមានលោក គឹម សុខ ចូលរួមចំណែកនោះទេ៖ «វាគ្រាន់តែជាមោទនភាពបុគ្គលគាត់តែប៉ុណ្ណោះទេ តើគាត់មានសារសំខាន់អីទៅ? គណបក្សប្រជាជន ខ្ញុំយល់ថា មានធនធានមនុស្សគ្រប់គ្រាន់ ហើយមិនបាច់ទៅពឹងពាក់អីលោក គឹម សុខ ទេ។ ពីដើមមកយើងធ្វើតាំងពី១៩៧៩ រហូតមកដល់ថ្ងៃនេះ មានដែលមានមុខ គឹម សុខ ឯណានៅក្នុងការងាររបស់គណបក្ស វាអត់ទេ!» (សើច...)
កាលពីថ្ងៃទី៦ ខែមីនា គឺពេលដែលលោក គឹម សុខ ត្រូវបញ្ជូនទៅសាលាឧទ្ធរណ៍ចូលរួមសវនាការបណ្ដឹងសុំនៅក្រៅឃុំ លោកបានអះអាងស្រដៀងគ្នាម្ដងរួចមកហើយ ដោយបានស្នើឲ្យលោក ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅក្នុងពន្ធនាគារ និងគំរាមដាក់លោកក្នុងគុកងងឹត ដោយឲ្យលោកសរសេរលិខិតសុំទោសជាថ្នូរបាននៅក្រៅឃុំ។
មេធាវីការពារក្ដីរបស់លោក គឹម សុខ គឺលោកមេធាវី ជូង ជូងី ឲ្យដឹងថា លោកមិនបានចូលរួមស្ដាប់ការសាកសួរនៅថ្ងៃទី១០ ខែមីនា ទេ ដោយលោកបានដាក់ពាក្យពន្យារពេលការសួរចម្លើយ ព្រោះតែលោកជាប់រវល់ ប៉ុន្តែតុលាការនៅតែបញ្ជូនកូនក្ដីរបស់លោកមក។ លោកមេធាវីបញ្ជាក់ថា ក្នុងដំណាក់កាលចៅក្រមស៊ើប និងដំណាក់កាលអយ្យការ លោក គឹម សុខ មិនទាន់បានផ្ដល់ចម្លើយពាក់ព័ន្ធអង្គហេតុនៅឡើយទេ ដោយរង់ចាំពឹងមេធាវី។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃទី១០ ខែមីនា បានកោះហៅអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដើម្បីសាកសួរបន្ថែមទាក់ទងបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោកអត្ថាធិប្បាយទាក់ទងនឹងការសម្លាប់បណ្ឌិត កែម ឡី។
លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។
រដ្ឋាភិបាលដែលមានលោកមេធាវី គី តិច ជាតំណាង ក៏បានប្ដឹងលោក គឹម សុខ មួយករណីទៀតដែរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយចោទលោក គឹម សុខ ថាបរិហារកេរ្តិ៍រដ្ឋាភិបាល ថាបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស។ បណ្ដឹងលើកទី២នេះ លោក ហ៊ុន សែន ទាមទារជំងឺចិត្តចំនួន ១០លានរៀល។
កាលពីថ្ងៃទី៦ ខែមីនា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បិទបញ្ចប់សវនាការអសាធារណៈ ដោយច្រានចោលបណ្ដឹងរបស់លោកមេធាវី ជូង ជូងី ដែលស្នើសុំឲ្យលោក គឹម សុខ បាននៅក្រៅឃុំបណ្ដោះអាសន្ន។
ជុំវិញការស្នើសុំឲ្យលោក គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្ននោះ មេធាវីរបស់លោក គឹម សុខ គ្រោងនឹងបន្តប្ដឹងសាទុក្ខទៅតុលាការកំពូលទៀត៕

No comments:
Post a Comment