តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅខាងមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។ RFA/Morm Moniroth |
«គ.ជ.ប. នៅរក្សាទុក បញ្ជីឈ្មោះ បេក្ខជន បក្សសង្គ្រោះជាតិ បើ ទោះបី មានបញ្ហា លក្ខន្តិកៈបក្ស»
RFA / វិទ្យុ អាស៊ី សេរី | ២៩ មិនា ២០១៧
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ្រាន់តែការខុសឆ្គង ការរៀបចំសមាជរបស់គណបក្សដែលមិនស្របនឹងលក្ខន្តិកៈ នោះមិនមែនជារឿងដែលត្រូវលុបបញ្ជីគណបក្ស និងបេក្ខជនគណបក្សសង្គ្រោះជាតិ ចេញនោះទេ ព្រោះ គ.ប.ជ បានទទួលស្គាល់បញ្ជីឈ្មោះបេក្ខជនគណបក្សសង្គ្រោះជាតិ តាំងពីមុនគណបក្សបក្សនេះធ្វើសមាជវិសាមញ្ញមកម្ល៉េះ៖ «ការទទួលចុះឈ្មោះគណបក្សក្នុងបញ្ជីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ដោយ គ.ជ.ប នេះ ក៏ស្របទៅតាមច្បាប់ ពីព្រោះនៅក្នុងឱកាសនោះ លោក កឹម សុខា គាត់ជាអនុប្រធានគណបក្ស អ៊ីចឹងគាត់បានស៊ីញ៉េលើលិខិតផ្ទេរសិទ្ធិទៅឲ្យតំណាងរបស់គាត់នៅថ្នាក់ឃុំ-សង្កាត់ ដើម្បីចុះហត្ថលេខាសម្គាល់ទៅលើបេក្ខជននៃគណបក្សនយោបាយរបស់គាត់។»
លោកបន្តថា ប្រការដែលលើកឡើងថា អាចមានការប្រព្រឹត្តផ្ទុយទៅនឹងលក្ខន្តិកៈបក្សក្នុងការបើកសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា នោះ គឺជាជំហររបស់ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ។
កាលពីថ្ងៃទី២២ ខែមីនា ក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅគណបក្សសង្គ្រោះជាតិ ដោយបានបញ្ជាក់ថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលជ្រើសរើសក្បាលម៉ាស៊ីនបក្ស មានលោក កឹម សុខា ជាប្រធាន និងអនុប្រធានបីរូបទៀត គឺអនុវត្តផ្ទុយនឹងមាត្រា៤៧ ចំណុចទី២ នៃលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ព្រោះបើតាមលក្ខន្តិកៈបក្សនេះ សមាជដូច្នេះ អាចធ្វើទៅបានទាល់តែចាំក្រោយ ១៨ខែ គិតចាប់ពីថ្ងៃប្រធានគណបក្សលាលែងសិន។
លោក កឹម សុខា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលលាលែងពីគណបក្សកាលពីថ្ងៃ១១ ខែកុម្ភៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមកែច្បាប់ដើម្បីរម្លាយគណបក្សណាដែលមានប្រធាន ឬអនុប្រធានជាអ្នកមានទោស។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតែអះអាងថា គណបក្សខ្លួនធ្វើត្រឹមត្រូវតាមលក្ខន្តិកៈបក្ស។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់បញ្ជាក់ថា លក្ខន្តិកៈបក្សមិនបានហាមឃាត់មិនឲ្យធ្វើសមាជរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនោះទេ។ ម្យ៉ាងទៀតលោកលើកឡើងថា ច្បាប់វិសោធនកម្មថ្មីស្ដីពីគណបក្សនយោបាយត្រូវតែនាំគ្នាគោរពតាម ទោះបីជាគណបក្សសង្គ្រោះជាតិ មិនចូលរួមលើកដៃអនុម័តយ៉ាងណាក្ដី៖ «យើងគោរពច្បាប់ប្រទេសហើយ ទោះបីយើងមិនគាំទ្រច្បាប់នោះក៏ដោយ កាលណាអនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា និងឡាយព្រះហស្តដោយព្រះមហាក្សត្រហើយយើងត្រូវគោរព។»
លោក សុន ឆ័យ យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាងនាមឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានទទួលស្គាល់ក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិ តាមរយៈសមាជនេះដែរ។ ទោះលោកមិនអាចស្មានត្រូវពីជម្រៅចិត្តរបស់លោក ហ៊ុន សែន ក្នុងអបអរសាទរលោកប្រធានថ្មីរបស់បក្សសង្គ្រោះជាតិក្ដី ក៏លោកចាត់ទុកឥរិយាបថបែបនេះថាជាកត្តាផ្សំមួយទៀត៖ «នាយករដ្ឋមន្ត្រី ធម្មតាលោកមិនដែលធ្វើអីប្រថុយប្រថានទេ។ គាត់អាចមានបំណងយ៉ាងណាយើងមិនដឹងទេ ប៉ុន្តែលោកទទួលស្គាល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនទទួលស្គាល់ ជូនពរ អាហ្នឹងក៏ជាកត្តាមួយបញ្ជាក់ថា វាមិនមានអីខុសទេ។»
ក្រោយពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់សមាជរបស់គណបក្សសង្គ្រោះជាតិមក គណបក្សនេះចាត់តាំងមន្ត្រីជាន់ខ្ពស់ ៥រូប ដើម្បីជជែកដោះស្រាយបញ្ហាជាមួយក្រសួង។ ជាការឆ្លើយតបក្រសួងមហាផ្ទៃ បានយល់ព្រមជួបគ្នាដោយចាត់តាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ដែលជំនួបនេះធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៩ ខែមីនា នេះ៕
CNRP are losers.
ReplyDelete9:50 AM
DeleteYOU are the senile Yuon loser.