Paris Peace Accords 23 Oct. 1991

Saturday, March 18, 2017

បក្ស​ប្រឆាំង ​សម្រេច​ លុប​ ពាក្យ​ស្លោក «ដក ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ត្រ» | Opposition party decides to delete slogan "Remove commune chief serving party, Put in commune chief serving people"

តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth

បក្ស​ប្រឆាំង ​សម្រេច​ លុប​ ពាក្យ​ស្លោក «ដក ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ត្រ»

RFA | ១៧ មិនា ២០១៧

ពាក្យ​ស្លោក «ដូរ​ មេឃុំ​ បម្រើ​បក្ស​, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ត្រ» របស់​ គណបក្ស​ប្រឆាំង ត្រូវ​ រង​ការ​ រិះគន់ និង​ប្រតិកម្ម​ យ៉ាង​ខ្លាំង​ ពី​បក្ស​ កាន់​អំណាច ក្រោយ ​ត្រូវ​ បាន​​ដាក់​ចេញ​ នៅ​ក្នុង​សារ​ នយោបាយ​ របស់​ខ្លួន។  ដើម្បី​ បញ្ចៀស​ ពី​ភាព​ ចម្រូងចម្រាស និង​កុំ​ ឲ្យ​មើល​ឃើញ​ ពី​ការ​វិវាទ ​ផ្នែក​នយោបាយ​ កាន់​តែ​ វែង​ឆ្ងាយ​ ទៅ​ទៀត, គណបក្ស​ ប្រឆាំង ​សម្រេច​ ថា នឹង​មិន​ ប្រើប្រាស់ ​ពាក្យ​ស្លោក​នេះ ​ក្នុង​យុទ្ធនាការ ​ស្វែង​រក​ សំឡេង​ឆ្នោត​ ខាង​មុខ​ ទៀត​នោះ​ទេ។


នេះ​អាច​ចាត់​ទុក​ថា ជា​ការ​បញ្ជាក់​ជំហរ​លើក​ទី​១​​ហើយ​ពី​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​សារ​នយោបាយ​នេះ​ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រតិកម្ម និង​គំរាម​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​នោះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា លោក សុន ឆ័យ បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​នយោបាយ​គណបក្ស​ប្រឆាំង​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត និង​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ​នេះ គឺ​គណបក្ស​នឹង​មិន​ប្រើ​ពាក្យ​ស្លោក​នេះ​ទៀត​ទេ៖ «គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​គោលនយោបាយ ៥​ចំណុច​ដែល​ចែកចាយ​ទៅ​ពលរដ្ឋ។ នឹង​មិន​មាន​ចែង​ពាក្យ​ស្លោក​នេះ​ទេ»

កម្ពុជា​នឹង​ចាប់​ផ្ដើម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ ដែល​មាន​ឃុំ-​សង្កាត់​សរុប​ចំនួន ១.៦៤៦​ នៅ​ទូទាំង​ប្រទេស។

គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ភ្លាមៗ ក្រោយ​សារ​នយោបាយ​ដែល​បក្ស​ប្រឆាំង​ដាក់​ចេញ​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា កន្លង​ទៅ​នេះ ទាក់ទិន​ពាក្យ​ស្លោក "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ"។ ប៉ុន្តែ​ពាក្យ​ស្លោក​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​មិន​ពេញ​ចិត្ត​នេះ បក្ស​ប្រឆាំង​ធ្លាប់​ប្រើប្រាស់​រួច​មក​ហើយ កាល​ពី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ឆ្នាំ​២០១២។

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​ទាន់​ទុក​ចិត្ត​ថា ជំហរ​លុប​ពាក្យ​ស្លោក​នេះ អាច​ប្រាកដ​មួយ​រយ​ភាគរយ​នោះ​នៅ​ឡើយ​ទេ៖ «យើង​ខ្ញុំ​ស្វាគមន៍​ហើយ​បញ្ហា​ហ្នឹង ប៉ុន្តែ​នេះ​ប្រហែល​ជា​បណ្ដោះអាសន្ន​ទេ​តាម​មើល។ គាត់​និយាយ​អ៊ីចឹង កាល​ណា​មាន​ឱកាស​គាត់​ថែម​ទៀត​ហើយ ព្រោះ​មិន​ទាន់​ដក​ចេញ​ពី​គោលនយោបាយ​ទាំង ៥​ចំណុច​នោះ​ទេ។ អ៊ីចឹង​យើង​ជឿជាក់​លុះ​ត្រា​តែ​គាត់​បង្ហាញ​ជំហរ​ច្បាស់លាស់ ហើយ​អនុវត្ត​ជាក់ស្ដែង​ថា ដក​ចេញ​ហើយ ទុក​តែ​៤ អា​ហ្នឹង​បាន​វា​ច្បាស់»

យ៉ាង​នេះ​ក្តី អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា យល់​ឃើញ​ថា វា​ហាក់​ដូច​ជា​ចម្លែក​ដែល​សុខៗ​បក្ស​កាន់​អំណាច​ចាប់​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​បក្ស​ប្រឆាំង​រឿង​ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ​នេះ។

ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា អ្នកស្រី​​ថា ពុំ​មាន​បញ្ញត្ត​នៃ​ច្បាប់​ណា​មួយ​រក​ឃើញ​ថា សារ​នយោបាយ​បែប​នេះ​ត្រូវ​មាន​ទោស​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា​នេះ​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រឈម ខណៈ​គណបក្ស​នេះ​ត្រូវ​ប្រឈម​នូវ​បណ្ដឹង​ជា​ច្រើន​រួច​មក​ហើយ។ ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិបាក​នឹង​យល់​ថា តើ​ពាក្យ​ស្លោក​នោះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ត្រង់​ណា ថា​តើ​ចំណុច​ត្រង់​ណា​ជា​បទឧក្រិដ្ឋ​ចេញ​មក​ពី​ការ​ប្រើ​ពាក្យ​ស្លោក​នោះ? ពីព្រោះ​ថា មេ​ឃុំ មន្ត្រី​ឃុំ និង​មន្ត្រី​រាជការ​ទាំង​អស់​គួរ​បម្រើ​ប្រជារាស្ត្រ​អ៊ីចឹង​ហើយ។ ការ​ដាក់​មេ​ឃុំ ឬ​ដក​មេ​ឃុំ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​ពេញ​ចិត្ត​របស់​ប្រជាជន​ចំពោះ​មេ​ឃុំ​ទាំង​នោះ​ទេ ហើយ​នោះ​គឺ​ជា​ដំណើរការ​ធម្មតា​នៃ​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ​មេ​ឃុំ​ណា​ដែល​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​ នឹង​ទទួល​បាន​តំណែង​បន្ត​ទៀត។ ចំណែក​មេ​ឃុំ​ណា​បម្រើ​រាស្ត្រ​មិន​បាន​អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ចេញ។ នេះ​ហើយ​ជា​ហេតុផល​ដែល​ត្រូវ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នោះ។ ងាក​មក​ពាក្យ​នោះ​វិញ ខ្ញុំ​បាន​ស្រាវជ្រាវ​មើល​ច្បាប់​ជា​ច្រើន រួម​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ តែ​ខ្ញុំ​នៅ​តែ​រក​មិន​ឃើញ​ថា មាន​បញ្ញត្តិ​ជា​ដុំ​កំភួន​ណា​មួយ​ដែល​ធ្វើ​ជា​មូលដ្ឋាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ប្រើ​ពាក្យ​ស្លោក​នោះ​ឡើយ»

ហេតុផល​ដែល​នាំ​ឲ្យ​សារ​នយោបាយ​នេះ ចាក់​ចំ​បេះដូង​បក្ស​កាន់​អំណាច ហើយ​នាំ​ឲ្យ​មាន​ប្រតិកម្ម​នេះ ត្រូវ​បាន​លោក សុខ ឥសាន ពន្យល់​ថា ទី​១ នេះ​ជា​ការ​មើល​ងាយ​ចំពោះ​មេ​ឃុំ ឬ​ចៅ​សង្កាត់ ទោះ​បី​មេ​ឃុំ ឬ​ចៅ​សង្កាត់​ទាំង​នោះ​មក​ពី​ខាង​បក្ស​នយោបាយ​ណា​មួយ​ក៏ដោយ ធាតុ​ពិត ពួក​គេ​ក៏​ត្រូវ​បម្រើ​ការងារ​សម្រាប់​ប្រយោជន៍​សាធារណៈ​ដែរ។ ទី​២ នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​ដល់​តួនាទី និង​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​ពលរដ្ឋ។

ជុំវិញ​ភាព​ចម្រូងចម្រាស​រឿង​សារ​នយោបាយ​នេះ គណបក្ស​កាន់​អំណាច​អះអាង​ថា អាច​នឹង​ប្ដឹង​ទៅ​តុលាការ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នេះ ប្រសិន​បើ​ការ​ដោះស្រាយ​ក្នុង​ដំណាក់កាល​ក្រសួង​មហាផ្ទៃ និង គ.ជ.ប មិន​ដាច់​ស្រេច ជាពិសេស​សារ​នយោបាយ​នេះ​នៅ​តែ​លេច​ឮ​មិន​ឈប់ឈរ​ទៀត។ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ហេតុផល​តែ​ម្យ៉ាង​គត់​ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​មិន​សប្បាយ​ចិត្ត​នឹង​សារ​នយោបាយ​នេះ អាច​បារម្ភ​ចំពោះ​ជោគ​វាសនា​នៃ​លទ្ធផល​ឆ្នោត​ខាង​មុខ ជា​ជាង​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មេ​ឃុំ-​ចៅ​សង្កាត់៕




1 comment:

  1. Anonymous1:56 PM

    Pretty soon, Dictator & Traitor Hun Sen will sue the CNRP and / or its high ranking members every time Hun has constipation.

    ReplyDelete