Paris Peace Accords 23 Oct. 1991

Thursday, March 30, 2017

គណបក្ស​ ប្រឆាំង​ ថា, ​ជំនួប ​រឿង​លក្ខន្តិកៈ​ គណបក្ស​ ជាមួយ ​ក្រសួង​ មហាផ្ទៃ​ ត្រូវ​ បរាជ័យ | Opposition party says meeting to disucss party internal rules with Interior Ministry a failure

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។

គណបក្ស​ ប្រឆាំង​ ថា, ​ជំនួប ​រឿង​លក្ខន្តិកៈ​ គណបក្ស​ ជាមួយ ​ក្រសួង​ មហាផ្ទៃ​ ត្រូវ​ បរាជ័យ

RFA / វិទ្យុ អាស៊ី សេរី | ៣០ មិនា ២០១៧

ជំនួប​ ទ្វេ​ភាគី ​រវាង ​គណបក្ស​ ប្រឆាំង និង​ក្រសួង ​មហាផ្ទៃ បាន​បិទ​បញ្ចប់​ ទៅ​វិញ​ហើយ​ ក្រោយ​ចំណាយ​ពេល​ ជាង ១​ម៉ោង កាល​ពី​រសៀល​ ថ្ងៃ​ទី​២៩ ខែ​មីនា។  អនុប្រធាន ​គណបក្ស​ ប្រឆាំង​ អះអាង​ ថា, ជំនួប ​ទ្វេ​ភាគី​ ដែល​ផ្ដោត​ ការ​ពិភាក្សា​ លើ​រឿង​ ពាក្យ​ស្លោក ដូរ​ មេ​ឃុំ​ បម្រើ​បក្ស, ដាក់​ មេ​ឃុំ​ បម្រើ​រាស្ត្រ និង​លក្ខន្តិកៈ​ស្ដីពី​គណបក្ស​នយោបាយ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ស្រប​ពេល​ គណបក្ស​ប្រឆាំង ​ទាត់​ចោល ​កិច្ច​ប្រជុំ ដើម្បី​ បញ្ចប់​ ភាព​ប្រេះស្រាំ ​ផ្នែក​ នយោបាយ​នេះ, មន្ត្រី​ ក្រសួង​ មហាផ្ទៃ បាន​បញ្ជាក់​ ថា នឹង​បន្ត​ តាមដាន ​ទៀត ​ពី​ជំហរ​ របស់ ​គណបក្ស​ ប្រឆាំង ថា, ​តើ​ នឹង​ប្ដូរ​ ឥរិយាបថ​ រឿង ​សមាជ ​វិសាមញ្ញ​ ដែល​ធ្វើ​ ខុស​លក្ខន្តិកៈ​ នេះ​ ដែរ​ទេ, ហើយ ​ចុង​ក្រោយ ​អាច ​នឹង​ត្រូវ​ ប្រើប្រាស់​ នីតិវិធី​ ដែល​ក្រសួង​ មហាផ្ទៃ មាន​អំពី​ច្បាប់​ ស្ដីពី​ លក្ខន្តិកៈ​ គណបក្ស​ នយោបាយ, ហើយ​ បើ​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ​ មិន​ព្រមកែ ​ទៅ​តាម​ លក្ខន្តិកៈ ​ដូច​ដែល ​បាន​ចុះ ​រួច​ហើយ​នៅ​ក្រសួង ​មហាផ្ទៃ ទេ​នោះ ជាពិសេស​ រឿង​ ការ​រុះរើ​ ក្បាល​ម៉ាស៊ីន​ គណបក្ស អាច​ប្រឈម ​នឹង​ការ​ ដោះស្រាយ ​តាម​ផ្លូវ​ច្បាប់​ហើយ។

ប្រាក់ សំអឿន ២០១៧ ១៤៤០
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​បិទ​ទ្វារ ដែល​ប្រើ​ពេល​ជាង ១​ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា នៅ​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ខាង​ក្រសួង​មិន​ទាន់​មាន​វិធានការ​អី​តឹងរ៉ឹង​នៅ​ឡើយ​ទេ ហើយ​នៅ​បន្ត​ឃ្លាំ​មើល​ទៀត​អំពី​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់​ឃើញ​ថា សមាជ​វិសាមញ្ញ និង​ពាក្យ​ស្លោក​ជា​រឿង​ត្រឹមត្រូវ​ទៀត ខាង​ក្រសួង​អាច​ត្រូវ​បង្ខំ​ចិត្ត​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ហើយ។ លោក​បន្ត​ថា, «តាម​ពិត​ជា​ជំហាន​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​លក្ខន្តិកៈ​តម្កល់ អា​ហ្នឹង​គេ​មាន​ជំហាន​របស់​គេ​នៅ​ក្នុង​ការ​អនុវត្ត។ យើង​ជូន​ដំណឹង​ឲ្យ​គាត់​កែប្រែ បើ​គាត់​មិន​កែប្រែ អា​ហ្នឹង​វា​មាន​អី​បន្តបន្ទាប់​ទៀត»


ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អនុប្រធាន​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា តាម​ពិត​អ្វី​ដែល​គណបក្ស​ប្រឆាំង​អនុវត្ត​រឿង​រើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស នោះ​វា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នីមួយៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បន្ត​ថា ការ​សើរើ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ វា​មិន​ខុស​អី​ពី​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​ដទៃ​ឡើយ។ លោក​បន្ត​ថា, «កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ដូច​សមាគម អា​ហ្នឹង​ជា​រឿង​ឯកជន​របស់​គណបក្ស​ទេ វា​អត់​មាន​រឿង​អី​ទេ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ក្រសួង​មហាផ្ទៃ គេ​បាន​ចូល​មក​ជ្រៅ​ដែរ​ហ្នឹង។ អា​ហ្នឹង​ចាំ​យើង​ពិនិត្យ​ទៅ​តាម​ហ្នឹង»


ក្រៅ​ពី​នេះ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​នៅ​សេសសល់​នេះ ជា​ការ​ជួប​គ្នា​ដែល​គ្មាន​លទ្ធផល​អ្វី​ឡើយ។ ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់ ទាំង​តំណាង​ក្រសួង​មហាផ្ទៃ និង​ភាគី​ខាង​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​អះអាង​ថា ក្រៅ​ពី​ជំនួប​មិន​មាន​ផល​ចំណេញ និង​បាន​ត្រឹម​ស្គាល់​គ្នា​ហើយ ដោយឡែក​សម្រាប់​ជំនួប​លើក​ក្រោយ​ទៀត នឹង​មិន​មាន​ទៀត​នោះ​ដែរ។

ទាក់ទិន​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឲ្យ​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ថា សមាជ​វិសាមញ្ញ​ដើម្បី​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​ប្រការ​៤៧ ត្រេ​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​នយោបាយ។

ប្រាប់​ក្រុម​អ្នក​កាសែត​ក្រៅ​កិច្ច​ប្រជុំ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ជំនួប​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ មីនា គឺ​ខាង​ក្រសួង​មហាផ្ទៃ ពុំ​មាន​ដំណោះស្រាយ​អ្វី​ថ្មី​ក្រៅ​ពី​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ដូច​ដែល​លិខិត​ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​រួច​ហើយ​នោះ​ឡើយ។

បើ​ទោះ​ជា​បែប​ណា គណបក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ថា នឹង​នៅ​តែ​បន្ត​អនុវត្ត​ដូច​សេចក្ដី​សម្រេច​ដែល​មាន​ស្រាប់​ដដែល។ ម្យ៉ាង​ទៀត លក្ខន្តិកៈ​ចាស់ និង​ថ្មី លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។

ភ្លាមៗ​ក្រោយ​សមាជ​វិសាមញ្ញ​បាន​ជ្រើសរើស​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាលែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​សាទរ​ចំពោះ​មុខ​តំណែង​នេះ​ភ្លាម​ដែរ។ បញ្ហា​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា នេះ​អាច​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ ចំពោះ​ការ​រុះរើ​ក្បាល​ម៉ាស៊ីន​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ។

ផ្ទុយ​ពី​នេះ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា រឿង​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​សារ​គាំទ្រ​បេក្ខភាព​លោក កឹម សុខា វា​គឺ​ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​ចំពោះ​ក្រសួង​មហាផ្ទៃ វិញ គឺ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​របស់​គណបក្ស​ប្រឆាំង ត្រូវ​តែ​ដោះស្រាយ។ លោក​បន្ត​ថា, «សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​ជា​ប្រធាន​បក្ស​មួយ​ដោយឡែក ហើយ​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​មួយ​ដោយឡែក។ រឿង​ហ្នឹង​គឺ​ដាច់​ពី​គ្នា អត់​មាន​ជាប់​គ្នា អត់​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ។ ប៉ុន្តែ​មួយ​ក្នុង​នាម​រដ្ឋាភិបាល ខ្ញុំ​ជា​អ្នក​អនុវត្ត​ច្បាប់ ត្រូវ​តែ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា ប្រសិន​បើ​វិបត្តិ​នយោបាយ​នេះ​នៅ​តែ​មិន​អាច​បញ្ចប់​ភាព​ជាប់​គាំង​បាន​ទេ មាន​ន័យ​ថា គណបក្ស​ប្រឆាំង​ត្រូវ​ត្រឡប់​ទៅ​អនុវត្ត​កម្មវិធី​នយោបាយ​ដូច​មុន​ថ្ងៃ​សមាជ​វិសាមញ្ញ​គណបក្ស​ឡើង​វិញ ទើប​អាច​បញ្ចប់​វិបត្តិ​នៅ​ពេល​នេះ។

តំណាង​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ព្រម​កែ​តម្រូវ​ដូច​លិខិត​របស់​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​នោះ អ្វីៗ​នឹង​ត្រូវ​បញ្ចប់​ហើយ។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​ចាត់​ទុក​ថា នេះ​ជា​សេចក្ដី​សម្រេច​សម្រាប់​បទបញ្ជា​ផ្ទៃ​ក្នុង​បក្ស​របស់​ស្ថាប័ន​នីមួយៗ​ប៉ុណ្ណោះ ដែល​វា​ពុំ​មែន​ជា​ច្បាប់​កំណត់​តម្រូវ​ឡើយ។ ប៉ុន្តែ​រឿង​នេះ អាច​ចាត់​ទុក​ថា​អាច​ជា​ការ​ចាប់​បង្ខំ ឬ​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​បក្ស​នយោបាយ​ដទៃ​របស់​ក្រសួង​មហាផ្ទៃ ដែល​វា​ពុំ​ចាំបាច់​ឡើយ៕

គណបក្ស​ប្រឆាំង​អះអាង​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​បក្ស​ប្រឆាំង

គណបក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ និង​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​នេះ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សព្វផ្សាយ​មុន​នេះ​បន្តិច​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង។ បន្ថែម​ពី​លើ​នេះ មិន​ជំទាស់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ អ្វី​ដែល​នៅ​ខ្វែង​គំនិត​គ្នា​នោះ គណបក្ស​ប្រឆាំង​នឹង​រក​ដំណោះស្រាយ​សមស្រប៕

No comments:

Post a Comment