កម្មកររោងចក្រកាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co.,
Ltd.] នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
សម្រាកព្យាបាលនៅគ្លីនិកឯកជនមួយក្រោយពីដួលសន្លប់កាលពីព្រឹកថ្ងៃទី៤
មីនា ឆ្នាំ២០១៦។
RFA/Sorn Chanratha
|
កម្មករ រោងចក្រ នៅចោមចៅ ជាង ៣០នាក់ ដួលសន្លប់ និងទន់ ដៃជើង
RFA / វិទ្យុ អាស៊ី សេរី |១៨ មិនា ២០១៧
កម្មករ ចំនួន ជាង ៣០នាក់ នៅរោងចក្រ ធាន ស៊ុង (Tien Sung) ស្ថិតនៅភូមិ ព្រៃព្រីង ខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បានដួលសន្លប់ និងទន់ដៃជើង ចំនួន ២ថ្ងៃ ជាប់គ្នា ដោយសារ ហេតុការណ៍ ឆេះបំពង់ បូមខ្យល់ នៃម៉ាស៊ីន ភ្លើង។ យ៉ាងណា កម្មករ ដែលរងគ្រោះ បានវិលត្រឡប់ ទៅផ្ទះ វិញហើយ បន្ទាប់ ពីបាន នាំទៅ សម្រាក ព្យាបាល នៅមន្ទីរពេទ្យ, ប៉ុន្តែ ស្ថិតនៅក្រោម ការតាមដាន ឃ្លាំមើល ករណី អ្នកមានបញ្ហា នៅមាន ស្ថានភាព មិនទាន់ស្រួល។
កម្មករជាង ១០នាក់បន្ថែមទៀតបានទន់ដៃជើង និងមានអាការៈមិនស្រួលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារឥទ្ធិពលនៃក្លិនមិនល្អក្នុងរោងចក្រ ដែលបានឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង កាលពីថ្ងៃទី១៧ មីនា។
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា កម្មករដែលចូលធ្វើការថ្ងៃទី១៨ ខែមីនា មានសភាពទន់ដៃជើង មានអារម្មណ៍ភិតភ័យ និងតក់ស្លុត បន្ថែមនោះ គឺដោយសារធុំក្លិនឆ្ងៀមនិងឈឺក្បាលសល់ពីចំហាយកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ដោយហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង ធ្វើឲ្យហុយផ្សែងចូលទៅក្នុងអាគារផលិតកម្ម។
លោកថា កាលពីព្រឹកថ្ងៃ១៧ ខែមីនា មានកម្មករចំនួន ២០នាក់បានដួលសន្លប់ដោយគិតថា រោងចក្រឆេះ ទើបចុចកណ្ដឹងប្រកាសអាសន្នដែលធ្វើឲ្យកម្មករផ្អើល។ លោកបានបន្ទោសថា បញ្ហានេះមកពីរដ្ឋបាលខ្វះការយល់ដឹងពីវិធានការផ្សេងៗ៖ «បើយើងពិនិត្យជាក់ស្ដែងគឺពាក់ព័ន្ធទៅនឹងបំពង់ភ្លើងវាធ្លាយ ហើយផ្សែងបានធ្លាយចូលក្នុងរោងចក្រក៏បានណែនាំឲ្យខាងរោងចក្របើកកង្ហារបឺតយកក្លិនចេញ ព្រោះផ្សែងហ្នឹង ធុំឆ្ងៀមវាធ្វើឲ្យកម្មករឈឺក្បាល វិលមុខ ទន់ដៃទន់ជើងទៅ។»
លោក ជាវ ប៊ុនរិទ្ធ បន្តថា ក្រុមការងារគណៈកម្មការទប់ស្កាត់ករណីដួលសន្លប់បានចុះទៅពិនិត្យលក្ខណៈបច្ចេកទេសមើលបរិយាកាសជុំវិញរោងចក្រ អាគារពាក់ព័ន្ធ កម្ដៅ សម្ពាធខ្យល់ សំណើម ប្រព័ន្ធខ្យល់ចេញចូលតម្រូវឲ្យលាងសម្អាត ពិនិត្យមើលបន្ទប់ទឹក បង្គន់ឡូ តម្រូវឲ្យរោងចក្រកែលម្អរួចហើយ នៅថ្ងៃទី១៨ ខែមីនា។ ក្រុមការងារបច្ចេកទេសបានអប់រំពន្យល់ណែនាំដល់កម្មករ និងបណ្ដុះបណ្ដាលរដ្ឋបាលរោងចក្រឲ្យយល់ដឹងពីអំពីវិធីសង្គ្រោះ។
រោងចក្រ ធាន ស៊ុង ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករជាង ១ពាន់នាក់។
ទោះយ៉ាងណាកម្មករដែលរងគ្រោះដួលសន្លប់ បានវិលត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែស្ថិតនៅក្រោមការតាមដានឃ្លាំមើលករណីអ្នកមានបញ្ហានៅមានស្ថានភាពមិនទាន់ស្រួលខ្លួននោះខាងរោងចក្របន្តឲ្យពួកគេឈប់សម្រាក៕
No comments:
Post a Comment