ក្បួនដង្ហែសពបណ្ឌិត កែម ឡី ទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Chuop Sereyroth |
អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ធំៗ ស្នើអាជ្ញាធរ ខ្មែរ បន្ត ស៊ើបអង្កេត ករណី ឃាតកម្ម បណ្ឌិត កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ២៤ មិនា ២០១៧
អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ស្នើឲ្យ អាជ្ញាធរ ខ្មែរ បន្ត ការស៊ើបអង្កេត ករណី ឃាតកម្ម លោកបណ្ឌិត កែម ឡី បន្ថែមទៀត។ អង្គការ ទាំងនេះ អះអាង ថា, ដំណើរការ កាត់ក្តី របស់ តុលាការ កម្ពុជា នៅពុំទាន់អាច ដោះស្រាយ មន្ទិលសង្ស័យ និងពុំ ទាន់បំពេញ គោលការណ៍ ស៊ើបអង្កេត ឲ្យបាន សមស្រប តាមស្តង់ដារ អន្តរជាតិ នៅឡើយទេ។
សេចក្ដី ថ្លែងការណ៍ រួម របស់ គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ (International Commission of Jurists), អង្គការ លើកលែងទោស អន្តរជាតិ (Amnesty International), និងអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយ កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែមីនា បញ្ជាក់ ថា, ការកាត់ក្តី ជនល្មើស អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ ពន្ធនាគារ មួយជីវិត បង្ក ភាពអយុត្តិធម៌ បន្ថែមទៀត សម្រាប់ គ្រួសារ សព លោកបណ្ឌិត កែម ឡី។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ដែលបានឃ្លាំមើលដំណើរការកាត់ក្តីករណីឃាតកម្មលោកបណ្ឌិត កែម ឡី បានថ្លែងថា ការកាត់ក្តីនេះលាតត្រដាងឲ្យឃើញថា ដំណើរការស៊ើបអង្កេតហាក់បីដូចជាមានកង្វះខាតលើទិដ្ឋភាពសំខាន់ៗជាច្រើន។ លោកបន្តថា ជនរងគ្រោះពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ រួមមានភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី នឹងមិនទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ លុះត្រាតែមានការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់ថា តើមានជនដទៃទៀតជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះដែរ ឬទេ?
បន្ថែមពីលើនេះ នាយកអង្គការលើកលែងទោសអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក ចំប៉ា ប៉ាទែល (Champa Patel) ថ្លែងថា វាច្បាស់ណាស់ថា អាជ្ញាធរកម្ពុជា មានចេតនាចង់បិទបញ្ចប់ករណីសំណុំរឿងនេះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការបរាជ័យក្នុងការស៊ើបអង្កេតលើបទល្មើសដ៏អាក្រក់មួយនេះ នឹងរឹតតែបន្ថែមនូវភាពអយុត្តិធម៌ដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។
ដោយឡែកលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ថ្លែងថា អាជ្ញាធរខ្មែរបរាជ័យក្នុងការស៊ើបអង្កេតលើករណីចន្លោះប្រហោងជាក់ស្ដែងជាច្រើននៅក្នុងដំណើររឿងសារភាពរបស់ចុងចម្លើយ។ លោកថា ការណ៍ដែលតុលាការមិនមានឆន្ទៈក្នុងការពិនិត្យមើលករណីទាំងនោះ ដែលស្ដែងឲ្យឃើញពីដំណើរការកាត់ក្តីតាមបែបឆក់កណ្ដៀតចៀសជាងលាតត្រដាងអ្នកជាប់ពាក់ព័ន្ធនានា ក្នុងរឿងក្តីនេះ គឺជាករណីគួរឲ្យបារម្ភ។
លោកថ្លែងសង្កត់ធ្ងន់ថា ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ធ្លាប់បានថ្លែងជាសាធារណៈជាច្រើនលើកច្រើនសារួចមកហើយអំពីការមិនមានជំនឿរបស់ពួកគេដែលថា អឿត អាង គឺជាមនុស្សដែលទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះករណីឃាតកម្មនេះ ហើយថា រាល់ការប្រព្រឹត្តក្នុងដំណើរការក្តីនេះបណ្ដាលឲ្យពួកគេមានមន្ទិលសង្ស័យជាច្រើន។
ក្រៅពីនេះ សេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំងបីនេះ ក៏បានរំលេចឲ្យឃើញពីក្តីមន្ទិលសង្ស័យចំនួន ៨ចំណុចដែលអង្គការទាំងនេះមើលឃើញថា តុលាការកម្ពុជា ខកខានមិនបានលើកយកមកដោះស្រាយឲ្យបានចប់ចុងចប់ដើមក្នុងដំណើរការកាត់ក្តីនេះ។
ចំណុចមន្ទិលសំខាន់ៗរួមមានករណីដែលចុងចម្លើយអះអាងថា ខ្លួនមានមធ្យោបាយឲ្យលោក កែម ឡី ខ្ចីប្រាក់ចំនួន ៣ពាន់ដុល្លារដោយសារតែបានលក់ដីមួយកន្លែង ក៏ប៉ុន្តែអាជ្ញាធរមិនបានស៊ើបអង្កេតលើករណីនេះទេ។ ក៏មានផងដែរករណីដែលព្រះរាជអាជ្ញាបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបានតែមួយជ្រុងក្នុងហាងស្តារម៉ាត ក៏ចោទជាបញ្ហាសង្ស័យផងដែរ ដោយអាជ្ញាធរមិនបានបញ្ចេញវីដេអូឲ្យអស់ពីសកម្មភាពរបស់ជនល្មើសទាំងនៅមុន ក្នុងអំឡុងពេល និងនៅក្រោយអំពើឃាតកម្ម។ ក្រៅពីនេះ បុគ្គលដែលពាក់ព័ន្ធនៅពេលដេញតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក៏មិនត្រូវបានតុលាការកំណត់អត្តសញ្ញាណដើម្បីកោះហៅមកធ្វើជាសាក្សីឡើយ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីតុលាការកម្ពុជា ដើម្បីសុំប្រតិកម្មតបជុំវិញការលើកឡើងខាងលើពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងបីនេះនៅឡើយទេ៕
No comments:
Post a Comment