Paris Peace Accords 23 Oct. 1991

Saturday, March 11, 2017

ការ​បែក​ធ្លាយ​ សំឡេង​​ សន្ទនា​ ឯកជន ​និង​នយោបាយ ​បង្ក​កង្វល់​ ដល់​ការ​ បំពាន​ សិទ្ធិ​​បុគ្គល | Release of private, political conversations raises concerns of violation of individual rights

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

ការ​បែក​ធ្លាយ​ សំឡេង​​ សន្ទនា​ ឯកជន ​និង​នយោបាយ ​បង្ក​កង្វល់​ ដល់​ការ​ បំពាន​ សិទ្ធិ​​បុគ្គល

VOA |

រហូត​​​​​​​​​​​​​​​​​​​​​ មក​ដល់ ​​ពេល​នេះ ​មាន​ការ ផ្សព្វផ្សាយ ​ខ្សែ​អាត់​ សំឡេង​ បែក​ធ្លាយ​ ជា​ច្រើន​ទៀត​ ពី​ការ​​សន្ទនា​​ តាម​ទូរស័ព្ទ​ របស់​ មន្រ្តី​ជាន់​ខ្ពស់​ គណ​បក្ស​ ប្រឆាំង ​មួយ​ចំនួន​ ដែល​មាន​ ការ​ចោទ​ប្រកាន់​ ថា​ ជា​ការ​សន្ទនា​ ជាមួយ ​ដៃគូ​ ស្នេហា​ របស់ ​ពួក​គេ។​​​​​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក​​​​​​​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​សរសើរ​ អ្នក​កាន់​ ទំព័រ​ ហ្វេសប៊ុក មួយ​ ឈ្មោះ​ថា​ សីហា​ ដោយ​លោក​ ថា ​ពូកែ ​ក្នុង​ការ​ ថត​សំឡេង​ សន្ទនា​ របស់​លោក ​ជាមួយ ​ប្រធាន​ គណបក្ស​ សង្រ្គោះ​ជាតិ​ លោក កឹម សុខា។ ​

លោក​ ហ៊ុន សែន ​បញ្ជាក់​ ថា​ ម៉ាស៊ីន​ ចាប់​សំឡេង ​នេះ​ មាន​តែ​ នៅ​ក្នុង​សហរដ្ឋ​ អាមេរិក,​ អ៊ីស្រាអែល, ​និង​អាល្លឺម៉ង់។  ​លោក ​​បន្ថែម​ ថា, ​ចារកម្ម​ របស់ ​អាមេរិក ​បាន​លួច​ស្តាប់​ មេដឹកនាំ ​ប្រទេស​ អាល្លឺម៉ង់​ និង​ប្រទេស ​អឺរ៉ុប ​មួយ​ចំនួន​ សន្ទនា​គ្នា។

លោក​ មានប្រសាសន៍​ ថា៖

«ឥឡូវ​ ខ្ញុំ​ អត់​ស្គាល់​អា Page សីហា​ទេ ​ព្រោះ ​ខ្ញុំ​ អត់​ស្គាល់​វា ​មិន​ដឹង​វា​ នៅ​ណា ​មុខ​វា​ ម៉េច​ អា​សីហា​ហ្នឹង។  ​អាហ្នឹង​ វា​ ចាប់​បាន​ ទាំង​សំឡេង ​គ្រាន់​បើ​ អា​សីហា។  ​អ្ហែង​ ប៉ុណ្ណឹង ​គ្រាន់​បើ។  អ្ហែង​ ចេះ​ចាប់​ សំឡេង ​អញ​ ជាមួយ​ ឯកឧត្តម​ កឹម សុខា ​បាន។  អា​នោះ ​គ្រាន់​បើ»

លោក ​បន្ថែម​ ថា៖

«បែក​ធ្លាយ​ សំឡេង​ ប៉ុន្មាន​ថ្ងៃ​នោះ, ​នោះ​ហើយ ​ដែល​ហ៊ុន សែន ​វាយ​មួយ​ដៃ​ធ្វេង, តែ ​នៅ​ដៃ​ស្តាំ​ អត់​ទាន់​ វាយ​ទេ»

នៅ​ថ្ងៃ​ ដដែល​នោះ ​លោក ហ៊ុន សែន ​បាន​ឲ្យ​សារ ព័ត៌មាន ​Fresh News ដែល​មាន​ និន្នា​ការ​ ទៅ​រក​ រដ្ឋាភិបាល ​បញ្ចេញ​សារ​ សន្ទនា​ រវាង​ រូប​លោក​ និង​តំណាងរាស្រ្ត​ គណបក្ស​ ប្រឆាំង ​លោក ម៉ៅ មុនីវណ្ណ ​ដោយ​លោក ​ថា ​តំណាងរាស្រ្ ត​រូប​នោះ ​បាន​រាយការណ៍​ មក​រូប​លោក​ ថា​ លោក សម រង្ស៊ី បាន​ថ្លែង ​នៅ​ក្នុង​ កិច្ច​ប្រជុំ​ ចោទ​ប្រកាន់​ ភរិយា​ និង​កូន​ប្រុស​ របស់ ​នាយក​រដ្ឋមន្រ្តី​ ថា​ ជា​ភរិយា​ និង​កូន​ មេដឹកនាំ ​វៀតណាម។  លោក​ ក៏​បាន​ ព្រមាន​ ផង​ដែរ ​ថា,​ បើ​ មាន​ការ​ ចាំបាច់​ លោក​ នឹង​បង្ហោះ​សារ ​ឆ្លង​ឆ្លើយ​ ទាំង​អស់ ក្នុង​នោះ មាន​ទាំង​ សារ​សន្ទនា ​រវាង ​រូប​លោក​ និង​លោក សម រង្ស៊ី ​ផង​ដែរ។​

ការ​លេច​ធ្លាយ ​នៃ​ការ​ សន្ទនា ​តាម​ទូរស័ព្ទ​ បាន​កើត​ឡើង ​កាន់​តែ​ ច្រើន​ឡើង​ ចាប់ពី​ខែ​ កុម្ភៈ ​ឆ្នាំ​២០១៦ នៅ​ពេល​ ដែល​សារ ព័ត៌មាន​ Fresh News​ បាន​ផ្សព្វផ្សាយ​ នូវ​ការ​ បែកធ្លាយ​ សំឡេង​ សន្ទនា​ ស្នេហា​ ដែល​គេ​ ចោទ​ថា​ ជា​សំឡេង ​របស់​លោក កឹម សុខា និង​ស្រី​កំណាន់​ របស់​លោក។

ជាមួយ​ ការ​បែក​ធ្លាយ ​នេះ​ នាំ ឲ្យ​មាន ​ការ​ចាប់​ខ្លួន​ មន្រ្តី​ អាដហុក​ ៤នាក់ ​និង​គ.ជ.ប​. ម្នាក់ ​ដែល​ត្រូវ​ បាន​តុលាការ ​ចោទ​ថា ​បាន​សម​គំនិត​ មិន​ឲ្យ​ សាក្សី​ និយាយ​ ការ​ពិត។

ការ​សន្ទនា​ តាម​ទូរស័ព្ទ​ ត្រូវ បាន​យក​មក ​ធ្វើ​ ជា​ភស្តុតាង ​នៃរឿង​ក្តីនេះ។​

រហូត​ មក​ដល់ ​ពេល​នេះ ​មាន​ការ​ ផ្សព្វផ្សាយ​ ខ្សែ​អាត់​សំឡេង​ បែក​ធ្លាយ​ ជា​ច្រើន​ទៀត​ ពី​ការ សន្ទនា តាម​ទូរស័ព្ទ​ របស់ ​មន្រ្តី​ជាន់​ខ្ពស់ ​គណ​បក្ស​ ប្រឆាំង​ មួយ​ចំនួន ​ដែល​មាន​ ការ​ចោទ​ប្រកាន់​ ថា​ ជា​ការ​ស ន្ទនា​ ជាមួយ​ ដៃគូ​ ស្នេហា ​របស់​ពួក​គេ។

លោក​មេធាវី ​សុក សំអឿន ​មាន​ប្រសាសន៍​ ថា, ​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ ស្តីពី​ ទូរគមនាគមន៍​ មាន​ចែង​ ពី​ចំណុច​ នៃ​ការ​ ថត​សំឡេង​ នេះ។

លោក​ បន្ត​ថា​, បើ​ តាម​ច្បាប់​ ការ​ថត​សំឡេង​ និង​ការ​ ផ្សព្វផ្សាយ ​ត្រូវ​តែ​ មាន​ការ​ យល់​ព្រម​ ពី​ភាគី​ ពាក់ព័ន្ធ​ នៃ​កិច្ច​សន្ទនា។

លោក​ មាន​ប្រសាសន៍​ ថា៖

«តែ ​គ្រាន់តែ ​ប្រសិន​បើ ​ច្បាប់ ​ព្រហ្មទណ្ឌ​ មាន​លក្ខណៈ ​រាង​ បន្ធូរ​បន្តិច ដោយ​សារ​ស្អី?  ​ដោយ​សារ​ ប្រសិន​បើ​ សាម៉ី​ខ្លួន ​បើ​ដឹង​ ថា​, គេ​ ថត​ហើយ។  គេ​ ផ្សាយ​ហើយ ​អីចឹង, យើង ​មិន​តវ៉ា,​ យើង​ នៅ​ស្ងៀម, មាន​ន័យ​ ថា​ យើង​អនុញ្ញាត​ ឲ្យ​គេហ្នឹង​ ថត​បាន​។  អាហ្នឹង​ អត់​ខុស​ ច្បាប់។  ​តែ​ បើ​សិន​ជា​ សាម៉ី​ខ្លួន​ តវ៉ា, ប្តឹង ​អី​អញ្ចឹង,​ អាហ្នឹង ​វា ​ទៅ​ជា​រឿង ​ព្រហ្មទណ្ឌ»

លោក​ បញ្ជាក់​បន្ថែម ថា​៖

«ការ​ទម្លាយ​វា​ខុស អ្នក​ដែល​ទម្លាយ​ហ្នឹង​ វា​ខុស​ច្បាប់​ហើយ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​របស់អ្នក​ពាក់ព័ន្ធ»

បើតាម​លោក​មេធាវី ​ប្រសិន​បើ​មាន​ការបែក​ធ្លាយ​សំឡេង​ អាជ្ញាធរ​ពាក់ព័ន្ធ​អាច​សួរ​នាំ​ភាគី​ដែល​ត្រូវ​បាន​ទម្លាយ​នោះ​ថា​តើ​ពួកគេ​ចង់​ដាក់​ពាក្យ​បណ្តឹង​ឬទេ។

លោក​ សុក សំអឿន ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ​ព្រោះ​ពួកគេ​យល់​ថា​រដ្ឋ​មិន​ការពារ​ឬ​អសមត្ថភាព​ក្នុង​ការ​ការពារ​សិទ្ធិ​ឯកជនភាព​របស់​ពួក​គេ។

លោក​ មានប្រសាសន៍​ ថា៖

«ប៉ុន្តែ​ឥឡូវ​នៅ​បញ្ហា​រឿង​ការ​អនុវត្ត​ច្បាប់​ ដូច្នេះ​បើ​សិន​យើង​ធ្វើ​ច្បាប់​ហើយ ​អត់​អនុវត្ត​ មិន​ខិតខំ​ដើម្បី​អនុវត្ត​ការពារ​សិទ្ធិ​ឯកជន​ប្រជាពលរដ្ឋ​ទេ ​មាន​ន័យ​ថា​រដ្ឋ​យើង​ធ្វេសប្រហែស ​ឬ​ក៏​ព្រងើយ​កន្តើយ ​មិន​ខ្វល់​នឹង​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ទេ ​អាហ្នឹង​បើ​ក្នុង​ច្បាប់​អន្តរជាតិ ​វា​ទៅ​ជា​រឿង​ថា​រដ្ឋ​ហ្នឹង​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ ព្រោះអី​អត់​បាន​ប្រឹង​ប្រែង​ការពារ»

មាត្រា​៩៧​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ឆ្នាំ​២០១៥ ​ចែង​ថា​ការ​លប​ស្តាប់​ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ទៅ​១​ឆ្នាំ។

តែ​ចំណុច​នេះ​មិន​ត្រូវ​យក​មក​អនុវត្ត​ ក្នុង​ករណី​ដែល​ការ​ស្តាប់​ឬ​ការ​ថត​ការ​សន្ទនា​នោះ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​ឬ​ដោយ​អាជ្ញាធរ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ។

មាត្រា​បន្ត​ថា​ត្រូវ​ផ្តន្ទា​ទោស​ដូចគ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹម​សារ​នៃ​ការ​សន្ទនា​ ដោយ​ពុំបាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​នៃ​ភាគីនៃ​ការ​សន្ទនា​ឬ​ពី​អាជ្ញាធរ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យឬ​ពី​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។​

ចំណែក​មាត្រា​៣០១​នៃក្រម​ព្រហ្មទណ្ឌ​ចែងថា​អំពើ​ស្តាប់​ឬ​ថត​សម្តី​ដែល​និយាយ​ជា​ឯកជន​ឬ​ជា​ការ​សម្ងាត់​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ​ត្រូវ​ផ្តន្ទាទោស​ពី​១ខែ​ទៅ​១​ឆ្នាំ លើក​លែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​ព្រមព្រៀង​ នោះ​អំពើ​ស្តាប់​ឬ​ថតសំឡេង​នោះ​មិន​ខុស​ច្បាប់​នោះ​ទេ។

លោកស្រី Wan-Hea Lee ​តំណាង​ការិយាល័យ​ឧត្ដម​ស្នង​ការ​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ប្រាប់​VOA​តាម​សារ​អេឡិកត្រូនិក​ថា​សិទ្ធិ​ឯកជនភាព​ត្រូវបាន​ការពារ​ក្រោម​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​នយោបាយនិង​សិទ្ធិ​ស៊ីវិល ​រដ្ឋធម្មនុញ្ញ ​ក្រម​ព្រហ្មទណ្ឌ​និង​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍។

លោក​ស្រី​ មានប្រសាសន៍​ បន្ថែម​ ថា៖

«ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទគឺ​ខុស​ច្បាប់​និង​រំលោភ​បំពាន​សិទ្ធិ​ឯកជន។ ​ ហើយ​បទ​ល្មើស​នេះ​កាន់​តែ​កើន​ឡើង​នៅ​ពេល​កិច្ច​សន្ទនា​ទាំង​នោះ​ត្រូវ​បាន​ទម្លាយ»

លោក​ស្រី​ បញ្ជាក់​ ថា​៖ «រាល់​ការ​បែក​ធ្លាយ​ថ្មីៗ​នេះ​ធ្វើ​ឡើង​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ តែ​ការ​បែក​ធ្លាយ​ខ្លះ​បាន​នាំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​និង​ការ​ចោទ​ប្រកាន់។ នេះ​ច្បាស់ណាស់​ថា​មិន​ស្រប​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស»

លោក​ស្រី​បន្ថែម​ទៀត​ថា​ប្រជាជន​ដែល​រស់​នៅ​កម្ពុជា​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​ថត​សំឡេង។

លោកស្រី​មាន​ប្រសាសន៍​ថា៖
«ច្បាប់​និង​ការ​ពង្រឹង​ច្បាប់​ចាំបាច់​ត្រូវ​តែ​កែ​លម្អ​ឡើង​ ចំពោះ​សិទ្ធិ​ឯកជនភាព​ ជា​ពិសេស​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា ​ដូច​ដែល​ត្រូវបាន​ចង្អុល​បង្ហាញ​ដោយ​អ្នករាយការណ៍​ពិសេស​លើ​សិទ្ធិ​ឯកជន​ភាព»។

លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

លោក​ ប្រេដ អាដាមស៍​ (Brad Adams)​ ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch ​បាន​ប្រាប់​VOA​ថាការ​ថត​សំឡេង​ទាំង​នេះ​រំលោភ​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ​ ដែល​ចែង​ពី​សិទ្ធិ​ឯកជនភាព​របស់​ប្រជាពលរដ្ឋ។​ លោក​បាន​ចាត់​ទុក​ការ​បែក​ធ្លាយ​សារ​សន្ទនា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែល​លោក ហ៊ុន សែន​ ទទួល​ស្គាល់​សំឡេង​សន្ទនា​នេះ។


លោក​ បាន​ថ្លែង ​ប្រាប់​VOA តាម​ទូរស័ព្ទ​ ថា៖ «វា​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែល ហ៊ុន សែន និយាយ​ថា​នោះ​ជា​សំឡេង​របស់​គាត់​ពិត ជាមួយ​កឹម សុខា ​ដោយ​លោក​បាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​រដ្ឋាភិបាល​បាន​ថត​និង​ផ្សព្វផ្សាយ​សំឡេង​នោះ​ ប៉ុន្តែ​នៅ​ក្នុង​សំឡេង​នោះ គាត់​គំរាម​បក្ស​ប្រឆាំង»

លោក​ បន្ថែម​ ថា៖ «វា​ច្បាស់​ណាស់​ហើយ​ថា​វា​ខុស​ច្បាប់​ ប៉ុន្តែ​ហ៊ុន សែន គិត​ថា​មាន​ច្បាប់​មួយ​សម្រាប់​ហ៊ុន សែន និង​ច្បាប់​មួយ​ទៀត​សម្រាប់​អ្នក​រាល់​គ្នា។ នេះ​ដូចជា​អ្វី​ដែល​ឪពុកម្តាយ​និយាយ​ថា​ធ្វើ​អ្វី​តាម​ខ្ញុំ​និយាយ ប៉ុន្តែ​កុំ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ធ្វើ»

ក្នុងពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ ​វត្តសិរីសាគរ​ ខេត្ត​ព្រៃវែង លោក ហ៊ុន សែន ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ឥឡូវ​នេះ​រញ្ជួយ​ផែនដី​ហើយ​ដែល​មាន​ការ​ថត​សំឡេង​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា​ចារកម្ម​សហរដ្ឋអាមេរិក​បាន​លួច​ស្តាប់​ទូរស័ព្ទ​នៃ​ការ​សន្ទនា​របស់​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​ តែ​មិន​មាន​អ្នក​រិះគន់​ ​បែរ​មក​រិះគន់​ការ​បែកធ្លាយ​សំឡេង​នៅ​កម្ពុជា។​

លោក​ មាន​ប្រសាសន៍​ ថា៖ «ប៉ុន្តែ​ស្រុក​យើង​នៅ​ពេល​បែក​ធ្លាយ​ស្អីៗ ​ខុស​ច្បាប់​ទាំង​អស់ ឥឡូវ​អត់​មាន​អាណា​ហ៊ាន​ជេរ​អាមេរិកកាំង​ ជេរពួកCIAថា​ខុស​ច្បាប់ CIAវា​ស្តាប់​ទាំង​អាណា​ដែលពួក​មេដឹក​នាំ​នៅ​អឺរ៉ុប និយាយ​គ្នា​ផង​ និយាយ​រួម​យើង​ផ្ញើ​សារ​មិន​ដឹងថាថ្ងៃណា​ ពួកCIA​បញ្ចេញ​របស់​យើង​ដែល​យើង​ទាក់ទង​គ្នា ប្រយ័ត្ន​វើយ ​អាណា​ផ្ញើ​រូប​ភាព​អាសអាភាស​នៅ​ក្នុង​ហ្នឹង»

លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ថា​ការ​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់គ្រង ខណៈ​ពិភពលោក​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​លួច​ថត​សំឡេង​ផង​ដែរ។ លោក​បន្តថា​រដ្ឋាភិបាល​ទុក​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិចារណា​ខ្លួន​ឯង​ទៅ​លើ​ភាព​ពិត​ឬ​មិន​ពិត​នៃ​ការ​បែក​ធ្លាយ​នេះ។

លោក​ មាន​ប្រសាសន៍ ថា​៖

«ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​អត់​មាន​និន្នា​ការ​ណា​មួយ ដែល​ចង់​ឲ្យ​មាន​អ្នក​លប​ស្តាប់ ​ឲ្យ​អ្នក​នេះ អ្នក​នោះ​ដឹង​នោះ​ទេ គឺ​យើង​អត់ដឹង​ទេ។ យើង​ក៏​ដឹង​ភាគី​ទីបី​ដែល​វា​បញ្ចេញ​អាសាច់​រឿង​ហ្នឹង​មក»

ទាក់ទង​នឹង​ការ​ព្រមាន​បញ្ចេញ​សារ​សន្ទនា​ផ្សេងៗ​ទៀត​ លោក ផៃ ស៊ីផាន​ បាន​ថ្លែង​ទៀត​ថា​លោក​នាយក​រដ្ឋមន្រ្តីមាន​សិទ្ធិ​ការពារ​កិត្តិយស​របស់​លោក ដែល​លោក​ថា​មិន​ខុស​ច្បាប់​នោះ​ទេ។​
លោក​បន្ថែមថា៖

«ព្រោះ​អាហ្នឹង​ជា​បុគ្គល​ផ្ទាល់ ​រវាង​សម្តេច​នាយក​រដ្ឋមន្រ្តី​ជា​បុគ្គល​ដែល​លោក​ឆ្លង​ឆ្លើយ​ជាមួយ​បុគ្គល​ផ្សេងមួយ​ទៀត ដូច្នេះ​លោក​ជា​បុគ្គល​ទីពីរ​ ហើយ​លោក​បាន​និយាយ​យ៉ាង​ដូចម្តេច លោក​បាន​ប្រាប់​ការ​ពិត​ទៅ​ដល់​សាធារណៈ ​អាហ្នឹង​អត់​មាន​ខុស​ច្បាប់ មិន​មែន​ច្បាប់​ណា​មួយ ដែល​ហាម​មិន​ឲ្យ​ភាគី​ណាមួយ​ដែល​និយាយ​ផ្ទាល់​ជាមួយ​ភាគី​ដទៃ ​ទម្លាយ​ប្រាប់​អ្នក​ដទៃ​ ពីព្រោះ​អត់​មាន​ច្បាប់​ហាម​ទេ»

​ពាក់ព័ន្ធ​នឹង​ការ​លួច​ស្តាប់​សំឡេង​ឆ្លង​ឆ្លើយ​តាម​ទូរស័ព្ទ​ឯកជន​នេះ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ខៀវ សុភ័គ​ ធ្លាប់​បាន​ប្រាប់​VOAថា​សមត្ថកិច្ច​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង​បុគ្គល​ឯកជន​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ​ប្រសិន​បុគ្គល​ដែល​រង​ការ​លួច​ថត​នោះ​មិនប្តឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត៕


No comments:

Post a Comment