អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥។ RFA |
លោក សម រង្ស៊ី អំពាវនាវ ឲ្យសហគមន៍ អន្តរជាតិ ការពារ ដំណើរការ បោះឆ្នោត និងបក្ស នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ៧ មីនា ២០១៧
លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ អះអាង ថា, ការគំរាមកំហែង រូបលោក និងមេដឹកនាំ គណបក្ស ប្រឆាំង សំខាន់ៗ ដោយប្រើ មធ្យោបាយ បញ្ចេញ សំឡេង សន្ទនា និងវិធី ផ្សេងៗ ទៀតនោះ ជាការភ័យខ្លាច ចាញ់ឆ្នោត របស់ គណបក្ស ប្រជាជន កម្ពុជា តែ ប៉ុណ្ណោះ។ លោក បញ្ជាក់ ថា, មធ្យោបាយ ទាំងនោះ មិន មានឥទ្ធិពល មកលើ គណបក្ស ប្រឆាំង និងអ្នកគាំទ្រ ឡើយ។
លោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាច ការពារដំណើរការបោះឆ្នោត និងការពារសិទ្ធិគណបក្សនយោបាយ ឲ្យធ្វើការងាររបស់ពួកគេបានត្រឹមត្រូវ សេរី យុត្តិធម៌ និងស្មើភាពគ្នា។
លោក បន្តថា, រដ្ឋាភិបាល ត្រូវ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សេងៗដែលជាការរកលេសក្នុងបំណងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ឬមិនចង់ឲ្យគណបក្សនេះមានឱកាសគ្រប់គ្រាន់ចូលរួមប្រកួតប្រជែង ការបោះឆ្នោត ដោយពេញលេញ និងគ្មាន ការគាបសង្កត់៖ «ត្រូវតែ មានវត្តមាន គណបក្សសង្គ្រោះជាតិ ដាច់ខាតក្នុងការបោះឆ្នោតខាងមុខ ដើម្បីជាជម្រើសសម្រាប់ប្រជារាស្ត្រខ្មែរ។ គណបក្សគេមួយទៀតនោះកំពុងតែភ័យ អ៊ីចឹងបានជារកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ បំបែកបំបាក់ផ្ទៃក្នុងគណបក្ស តែអត់ប្រយោជន៍ទេ កុំនឹកស្មានបំបែកគណបក្សសង្គ្រោះជាតិ បានឲ្យសោះ! ខ្ញុំនៅតែលើកទឹកចិត្តបងប្អូនយើងឲ្យរួបរួមគ្នាដើម្បីនាំមកនូវការផ្លាស់ប្ដូរ។»
មធ្យោបាយវាយប្រហារលើគណបក្សប្រឆាំង នាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមទម្លាយសារសម្ងាត់ដែលលោក ហ៊ុន សែន អះអាងថា មានពាក់ព័ន្ធនយោបាយខ្វែងគំនិតគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយអ្នកទាំងពីរបានពិភាក្សារៀបចំផែនការសម្ងាត់តែរៀងៗខ្លួនជាមួយលោក។
ទោះបីជាមានសារដែលគេអះអាងថា ជាសំឡេងរបស់លោក កឹម សុខា សន្ទនាជាមួយលោក ហ៊ុន សែន នោះយ៉ាងណាក្តី ក៏លោក សម រង្ស៊ី ចាត់ទុកថា ជាការកាត់តយកមកផ្សព្វផ្សាយដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី នៅតែអះអាងថា សម្ពន្ធភាពរវាងលោក និងលោក កឹម សុខា គឺនៅតែរឹងមាំ និងជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរនៅលើទិសដៅរួមគ្នាមួយដ៏ច្បាស់លាស់ គឺដើម្បីសង្គ្រោះជាតិ ជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅពេលខាងមុខ។
លោក សម រង្ស៊ី ថែមទាំងជំរុញឲ្យលោក ហ៊ុន សែន កុំយកពេលវេលាឥតប្រយោជន៍ដើរបំបែកបំបាក់អ្នកដទៃ ហើយងាកមកគិតគូរពីការអភិវឌ្ឍជាតិ ខណៈប្រជាពលរដ្ឋកម្ពុជា កំពុងតែលំបាកលំបិនផ្នែកសេដ្ឋកិច្ចនោះ ទើបជាការប្រសើរ៖ «ខ្ញុំដូចជាហួសចិត្ត! ព្រោះថ្នាក់ដឹកនាំប្រទេសធ្វើដល់នាយករដ្ឋមន្ត្រី មិនគិតយកពេលវេលា យកធនធាន យកថាមពលរបស់ខ្លួនទៅដោះស្រាយបញ្ហាប្រទេសជាតិ បញ្ហារស់នៅរបស់ប្រជារាស្ត្រខ្មែរ រឿងអីចំណាយពេលទៅលើរឿងអត់បានការ លួចស្ដាប់ លួចថត មកផ្សព្វផ្សាយតើវាបានការអី? មានន័យថា មេដឹកនាំប្រទេសយើងទំនេរណាស់ទៅហ្អី? ម៉េចមិនយកពេលទៅដោះស្រាយបញ្ហាប្រទេសជាតិ? ខ្ញុំគ្រាន់តែឆ្ងល់តែប៉ុណ្ណឹង។»
ការចាត់ទុកនូវអ្វីដែលគេហៅថា ជាការបែកធ្លាយសំឡេងសន្ទនានយោបាយសម្ងាត់ជាមួយលោក ហ៊ុន សែន ជាការកាត់ត និងការប្រកាន់ជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង របស់ប្រធានគណបក្សសង្គ្រោះជាតិថ្មី គឺលោក កឹម សុខា ហាក់កំពុងធ្វើឲ្យលោក ហ៊ុន សែន ក្ដៅស្លឹកត្រចៀកកាន់តែខ្លាំង និងព្រមានបញ្ចេញសារសន្ទនាជាមួយលោក កឹម សុខា បន្ថែមទៀត ដោយលោកព្រមានថា "កុំព្រហើន" ឲ្យសោះ៖ «អ្នកឯងចង់សាកអី? បើចង់សាកខ្ញុំទម្លាយទាំងអស់ តាំងពីក្នុង WhatsApp SMS តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ គ្រាន់តែឯកសារដែលស្តុក ដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង WhatsApp មកខ្ញុំ អ្នកឯង Telegrams មកខ្ញុំ អ្នកឯង Line មកខ្ញុំ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញអី? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់ ហើយវាយ៉ាងម៉េច?»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា មិនត្រឹមតែមិនបង្ហាញពីបំណងចាត់វិធានការទប់ស្កាត់ ឬបើកការស៊ើបអង្កេតតាមចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ដែលហ៊ានបញ្ចេញសារឆ្លើយឆ្លងរបស់លោកជាមួយលោក កឹម សុខា កាលពីថ្ងៃសៅរ៍ ទី៥ ខែមីនា នោះទេ ផ្ទុយទៅវិញលោកបានចេញមុខ ទទួលស្គាល់សំឡេងរបស់លោក ហើយបែរជាខឹងលោក កឹម សុខា ដែលមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ចំពោះការលេចធ្លាយសារនេះ។
អតីតប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា ពលរដ្ឋមិនត្រូវឲ្យតម្លៃទៅលើសារដែលគេបានទម្លាយនោះឡើយ។
ទាក់ទងផ្លូវច្បាប់វិញ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន មានប្រសាសន៍ថា ច្បាប់ទូរគមនាគមន៍កម្ពុជា មិនអនុញ្ញាតឲ្យបុគ្គលដែលហៅទូរស័ព្ទទៅភាគីមួយទៀតហើយថតសំឡេងសន្ទនានោះបានឡើយ បើមិនមានការព្រមព្រៀងពីភាគីម្ខាងទៀតនោះទេ៖ «បើសិនជាអត់មានព្រមព្រៀងទេ ដូចជាខុស ព្រោះអីគេអត់ព្រមផង ប៉ុន្តែបើទូរស័ព្ទវាមានករណី២ ទី១ បើអ្នកឯងខល (Call) មកខ្ញុំ ខ្ញុំមានសិទ្ធិថត ព្រោះអ្នកឯងចូលផ្ទះខ្ញុំ តែបើសិនយើងខលទៅគេ ហើយយើងលួចថត ហ្នឹងអត់ត្រូវទេ ទាល់តែយើងប្រាប់គេ។ បើតាមទូរស័ព្ទអត់បញ្ចេញបានទេ បញ្ចេញទាល់តែមានការព្រមព្រៀង នេះបើយោងតាមច្បាប់ទូរគមនាគមន៍។»
ស្របពេលដែលលោក ហ៊ុន សែន កំពុងតែសកម្មក្នុងការគំរាមទម្លាយសារឆ្លើយឆ្លងរវាងមេបក្សប្រឆាំងជាមួយលោកនោះ ប្រធានគណបក្សឆាំង បានចុះទៅ ស្រុក ស្អាង ខេត្តកណ្ដាលជួបសកម្មជន និងប្រជាពលរដ្ឋ ដោយមិនបានយកពេលទៅឆ្លើយឆ្លងនឹងរឿងបែកធ្លាយសារនេះទេ។ កាលពីថ្ងៃចន្ទ លោក កឹម សុខា បានថ្លែងតែពីការពង្រឹងគណបក្សដើម្បីឈានដល់ការទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតនៅពេលខាងមុខប៉ុណ្ណោះ។
ចំណែកលោក សម រង្ស៊ី វិញ ក៏បានឲ្យដឹងដែរថា ទោះបីលោកមិនមានតួនាទីអ្វីនៅក្នុងគណបក្សសង្គ្រោះជាតិ ក៏ដោយ ក៏ចិត្ត គំនិត បេះដូងរបស់លោក ស្ថិតនៅជាមួយសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរជានិច្ច និងបានធ្វើការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចការបរទេសដោយជំរុញសហគមន៍អន្តរជាតិ ចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនៅពេលខាងមុខ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែងនយោបាយ៕
No comments:
Post a Comment