![]() |
| អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថ្លែងក្នុងកម្មវិធីតាំងពិព័រណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។ RFA/Cheu Sideth |
តំណាង អ.ស.ប. បន្តទទូច ឲ្យរដ្ឋាភិបាល ដោះលែង មន្ត្រី អាដហុក និងគ.ជ.ប.
RFA / វិទ្យុ អាស៊ី សេរី | ៧ មីនា ២០១៧
តំណាង ពិសេស របស់ អង្គការ សហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR) អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែងថា, អ្នកស្រី នៅតែ បន្ត អំពាវនាវ ឲ្យរដ្ឋាភិបាល ដោះលែង មន្ត្រី សមាគម សិទ្ធិមនុស្ស អាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប.
មួយរូប ឲ្យមាន សេរីភាព ឡើងវិញ។ ស្របពេលគ្នានេះ
សកម្មជន សិទ្ធិមនុស្ស និងសកម្មជន ការពារ ដីធ្លី
ព្រមទាំង សកម្មជន ការពារ បរិស្ថាន បានប្ដេជ្ញា ព្រមគ្នា ថា,
ពួកគេ នឹងបន្ត ការងារ របស់ខ្លួន ដើម្បី លើកកម្ពស់ សិទ្ធិមនុស្ស
និងសិទ្ធិ បញ្ចេញមតិ ទោះ កំពុង រងការ គំរាមកំហែង យ៉ាងណា ក៏ដោយ។
ក្រុមគ្រួសារអ្នកជាប់ឃុំរំពឹងថា ក្រុមមន្ត្រីការពារសិទ្ធិមនុស្សអាដហុកទាំង ៤រូប និងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប ១រូប អាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ប្រសិនបើស្ថានភាពនយោបាយបច្ចុប្បន្នអាចវិលទៅរកភាពប្រក្រតី។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី
នៅតែចាត់ទុកការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក
និងមន្ត្រី គ.ជ.ប
ថាធ្វើឡើងទាំងគ្មានភស្តុតាង ដែលបង្ហាញអំពីទោសកំហុសរបស់ពួកគេ
ហើយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
នៅតែបន្តយន្តការរបស់ខ្លួន
ដើម្បីស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ៖ «យើងនៅតែបន្តព្យាយាមតស៊ូមតិដើម្បីទាមទារឲ្យមានការដោះលែង។
អង្គការសិទ្ធិមនុស្សនានា បានថ្លែងហើយថា
ការឃុំខ្លួនអ្នកទាំងនោះធ្វើឡើងតាមអំពើចិត្ត
និងគ្មានភស្តុតាងត្រឹមត្រូវ
ដូច្នោះយើងនឹងលើកអំពីបញ្ហានេះទៅបន្តជជែកជាមួយរដ្ឋាភិបាល។»
ការថ្លែងរបស់អ្នកស្រី វ៉ាន់ហ៊ី លី
បន្ទាប់ពីអ្នកស្រីបានចូលរួមកម្មវិធីតាំងពិព័រណ៍រូបថតរបស់សកម្មជនជាស្ត្រី
ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ
ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។
ទោះជាយ៉ាងណា កន្លងទៅ
ការទាមទារមួយចំនួនរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា
ដើម្បីឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
និងគោរពសិទ្ធិបញ្ចេញមតិឲ្យបានពេញលេញជាដើមនោះ
តែងតែត្រូវបានរដ្ឋាភិបាលប្រតិកម្មឆ្លើយតបខ្លាំងៗ និងចាត់ទុកថា
ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជាងនេះទៅទៀត
រដ្ឋាភិបាលក៏ធ្លាប់ព្រមានមិនឲ្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
មួយនេះ បន្តវត្តមាននៅកម្ពុជា ដែរ។
សម្រាប់អ្នកស្រី វ៉ាន់ហ៊ី លី
ចាត់ទុកការព្រមានទាំងនោះ ថាគឺជាសិទ្ធិបញ្ចេញមតិរបស់រដ្ឋាភិបាល។
ផ្ទុយទៅវិញ
អ្នកស្រីតែងតែស្វាគមន៍ជានិច្ចចំពោះការជួបចរចាគ្នាស្ដីពីការវាយតម្លៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
រួមទាំងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប។
ការរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំកម្មវិធីតាំងពិព័រណ៍រូបថតជាច្រើនផ្ទាំង
និងអមដោយអក្សរសរសេររៀបរាប់ពីការងារតស៊ូលើកកម្ពស់សិទ្ធិមនុស្ស
និងការងារទាមទារសិទ្ធិផ្សេងៗរបស់សកម្មជនជាស្ត្រី
ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
កម្មវិធីនេះគឺមានតាំងរូបថតអ្នកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក
រូបថតអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅបឹងកក់
និងសកម្មជនជាស្ត្រីដីធ្លី
និងបរិស្ថានជាច្រើនផ្ទាំងផ្សេងទៀតពីតាមបណ្ដាខេត្តមួយចំនួន។
ក្រៅពីនោះ
ក៏មានការចាក់បញ្ចាំងខ្សែវីដេអូដែលក្រុមគ្រួសាររបស់ក្រុមមន្ត្រីសិទ្ធិមនុស្សទាំង
៤រូប និងមន្ត្រី គ.ជ.ប
ទទូចឲ្យរដ្ឋាភិបាលដោះលែងសាច់ញាតិពួកគេមកវិញ
ក្រោយពីតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌អស់រយៈពេលជាង
១០ខែ។
ភរិយារបស់លោក យី សុខសាន្ត
ដែលជាមន្ត្រីអាដហុកម្នាក់ក្នុងចំណោមមន្ត្រីទាំង ៤នាក់ គឺលោកស្រី
ធន បូនិតា ថ្លែងថា
ប្ដីលោកស្រីដែលបំពេញការងារតាមគោលការណ៍ក្នុងនាមជាមន្ត្រីអង្គការសង្គមស៊ីវិល
សម្រាប់ផ្ដល់ប្រឹក្សាផ្នែកច្បាប់
និងផ្ដល់ថវិកាទៅដល់ជនរងគ្រោះនោះ
បែរជាតុលាការចោទប្រកាន់ប្ដីលោកស្រីពីបទសូកប៉ាន់សាក្សីចំនួន
២០៤ដុល្លារសហរដ្ឋអាមេរិក ក្នុងសំណុំរឿងសញ្ចារកម្មនោះ
ថាជារឿងអយុត្តិធម៌ ហើយលោកស្រីមិនអាចទទួលយកបានទេ៖ «គាត់ធ្វើការមិនមែនសម្រាប់ផលប្រយោជន៍ តែការងារគាត់នេះ គឺបម្រើសង្គម និងប្រជាពលរដ្ឋសុទ្ធសាធម៉ង។»
លោកស្រី ធន បូនិតា បន្តថា
ការចោទប្រកាន់ប្ដីលោកស្រីដាក់ពន្ធនាគារទាំងអយុត្តិធម៌បែបនេះ
ហាក់កំពុងបំបាក់ស្មារតីមនុស្សល្អ
និងកំពុងគំរាមពលរដ្ឋមិនឲ្យនាំគ្នាធ្វើអំពើល្អសម្រាប់សង្គមជាតិអ៊ីចឹងដែរ។
បន្ថែមពីលើនេះ
លោកស្រីក៏មិនហាមឃាត់ប្ដីឲ្យឈប់ពីការងារជួយសង្គមដែរ
នៅពេលដែលតុលាការដោះលែងមកវិញ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី
ចក់ សុភាព ថ្លែងថា
ការគំរាមកំហែងផ្សេងៗដូចជាករណីបាញ់សម្លាប់អ្នកវិភាគនយោបាយ
លោកបណ្ឌិត កែម ឡី ការចាប់ឃុំខ្លួនលោក គឹម សុខ
និងការគំរាមពីសំណាក់លោកនាយករដ្ឋមន្ត្រី
ថានឹងចាប់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដាក់ពន្ធនាគារនោះ
នឹងមិនធ្វើឲ្យក្រុមការពារសិទ្ធិមនុស្សដូចជាអ្នកស្រីដកថយឡើយ៖ «រាល់ការបង្ក្រាបទាំងអស់នោះ
ឬការគំរាមកំហែងណាមួយសម្រាប់យើងជាសកម្មជនសិទ្ធិមនុស្ស
សម្រាប់យើងជាអង្គការសង្គមស៊ីវិល យើងនៅតែបន្តការងារទៅទៀត។»
រីឯតំណាងពលរដ្ឋរងផលប៉ះពាល់ពីការបូមខ្សាច់ស្ថិតនៅឃុំកោះកាពិ
ខេត្តកោះកុង លោកស្រី នាក់ សុភាព បញ្ជាក់ថា
សហគមន៍លោកស្រីធ្លាប់បាននាំគ្នាទៅប្រឆាំងកប៉ាល់ដែលធ្វើការបូមខ្សាច់គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ
បន្ទាប់ពីការបូមខ្សាច់នោះធ្វើឲ្យបាត់កូនកោះជាច្រើន
និងធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិធ្ងន់ធ្ងរ
ដូចជាប៉ះពាល់ជម្រកត្រីពងជាដើម។ លោកស្រី នាក់ សុភាព បន្តថា
លោកស្រីក៏ធ្លាប់រងការគំរាមចាប់ដាក់ពន្ធនាគារ
ដោយសារសកម្មភាពប្រឆាំងការបូមខ្សាច់ខុសច្បាប់ដែរ
តែលោកស្រីនឹងមិនបោះបង់សកម្មភាពទាំងនោះឡើយ៖ «ទាមទារសិទ្ធិ ថាយើងជាស្ត្រី យើងមានសិទ្ធិទាមទារ តវ៉ា រស់នៅ ចាត់ចែង មិនចាំតែបុរសជាអ្នកគ្រប់គ្រងទេ។»
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា
ដរាបណាកម្ពុជា នៅតែប្រកាន់របបលទ្ធិប្រជាធិបតេយ្យ
អ្នកស្រីនៅតែចូលរួមធ្វើសកម្មភាពផ្សេងៗដើម្បីស្ដារសិទ្ធិមនុស្ស
និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា ឡើងវិញ។ ក្រៅពីនោះ
អ្នកស្រីក៏អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល
គួរគិតពិចារណាឡើងវិញដើម្បីការពារសកម្មជនសិទ្ធិមនុស្ស
ឲ្យស្របតាមច្បាប់ជាតិ និងអន្តរជាតិ៕

No comments:
Post a Comment