រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ |
វិភាគ៖ តើ ច្បាប់ ស្តីពី គណបក្ស នយោបាយ អាចបិទ សំឡេង អ្នករិះគន់ ពីបញ្ហា ព្រំដែន ទេ?
|
បញ្ហាព្រំដែន ត្រូវ បានគេ មើលឃើញ ថា, ជាចំនុច រសើប របស់ រដ្ឋាភិបាល, ហើយ ក៏ជាជម្រើស របស់ គណបក្ស នយោបាយ ផ្សេងទៀត យកបញ្ហានេះ ទៅលាតត្រដាង ជាការទាក់ទាញ ប្រជាប្រិយភាព ឈានទៅឈ្នះ ការបោះឆ្នោត ឡើងកាន់អំណាច ផងដែរ។
ប៉ុន្តែ សម្រាប់ អ្នកដែលអះអាង ថា ជាអ្នក ស្នេហាជាតិ ហ៊ានរិះគន់ ចំនុច ដ៏រសើបមួយនេះ ត្រូវ តុលាការ ចាប់ដាក់គុក និងខ្លះទៀត ត្រូវ គេ បាញ់សម្លាប់។
គេនៅចាំបានថា អំឡុងយុទ្ធនាការរកសំឡេងឆ្នោតឆ្នាំ២០១៣ បក្សប្រឆាំង បានរិះគន់ បក្សកាន់អំណាច ថា, បានបណ្តែត បណ្តោយ ឲ្យមាន លំអូបន្តោប្រវេសន៍ វៀតណាមខុសច្បាប់ ចូលមក កម្ពុជា និងថា ការបោះបង្គោល ព្រំដែន ជាមួយ វៀតណាម, ពួកគេ ថា, បង្គោលព្រំដែន មួយចំនួន ត្រូវ បានគេ លួយរំកិល ចូលក្នុង ទឹកដី កម្ពុជា តាមរយៈ សន្ធិសញ្ញាព្រំដែន ថ្មីៗ ក្រោមការ ដឹកនាំ របស់ រដ្ឋាភិបាល។
បើ ទោះបី ជាគ្មាន របាយការណ៍ ណា បញ្ជាក់ថា សំឡេងរិះគន់ ពីលំហូ អន្តោប្រវេសន៍ វៀតណាម ខុសច្បាប់ និងបញ្ហា ព្រំដែននោះ អាចទាក់ទាញ បេះដូងម្ចាស់ឆ្នោត បានកម្រិតណា ក៏ដោយ, ប៉ុន្តែ គេ អាចវាស់វែង បានខ្លះ ថា, ការរិះគន់ ពីបញ្ហា ព្រំដែន អាចចាក់ចំ បេះដូង ម្ចាស់ឆ្នោត មួយចំនួន ដែលខ្វល់ខ្វាយ ពីបញ្ហាបូរណភាព ទឹកដី។
ការអះអាងបែបនេះព្រោះមើលឃើញថា ក្រោយការបោះឆ្នោតបក្សប្រឆាំងបានដណ្តើមអាសនៈបាន៥៥ ក្នុងចំណោមអាសនៈសរុបក្នុងសភាមាន១២៣។ ចំណែកបក្សកាន់អំណាចវិញ បានបាត់បង់អស់២២អាសនៈ។
ត្រង់ចំនុចនេះទំនងជាយុទ្ធសាស្ត្រវាយបកវិញ ពីបក្សកាន់អំណាច ដើម្បីទប់ស្កាត់ ការបន្តធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួន ទើបគេសង្កេតឃើញក្រោយការបោះឆ្នោត តំណាងរាស្ត្របក្សប្រឆាំងពីររូបមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលនៅបន្តរិះគន់ពីបញ្ហាព្រំដែន ត្រូវបានតុលាការចាបប់ដាក់ពន្ធនាគាររហូតពេលនេះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ដែលចុះសិស្សាពីបញ្ហាព្រំដែន ឈ្មោះថា «យុទ្ធការ ១០០ រាត្រី» នោះ ក៏ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលថ្ងៃក្នុងរាជធានីភ្នំពេញដែរ។
មួយវិញទៀតអ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ ដែលធ្លាប់នាំនិស្សិតចុះធ្វើកម្មសិក្សានៅតំបន់ព្រំដែនកម្ពុជាវៀតណាមនោះ ក៏ត្រូវបានជាប់ពន្ធនាគារដូចគ្នា។
ជាងនេះទៀត គណបក្ស កាន់អំណាច បាននុម័ត ច្បាប់ គណបក្ស នយោបាយ ដ៏ចម្រូងចម្រាសមួយ ក្រោមសំឡេង រិះគន់ ពីសហគមន៍ជាតិ និងអន្តរជាតិ។
ច្បាប់នោះ បានប្រគល់ សិទ្ធិអំណាច ឲ្យក្រសួង មហាផ្ទៃ ប្តឹងទៅ តុលាការ កំពូល ដើម្បី រំលាយ គណបក្ស នយោបាយបាន ណាមួយ ចោលបាន បើ គណបក្សនោះ បានរំលោភ ទៅលើមាត្រា ៦ ដែលចែង ថា មិនត្រូវ ធ្វើឲ្យ ប៉ះពាល់ ដល់សន្តិសុខ នៃរដ្ឋ និងមិន ត្រូវ ធ្វើការ ញុះញង់ ដែលអាច នាំឲ្យ បែកបាក់ជាតិ។
តើ ការកែច្បាប់នេះ អាចជាសម្ពាធ ថ្មីមួយទៀត បិទសំឡេង អ្នករិះគន់ ពីបញ្ហាព្រំដែន ទេ?
ប្រធាន សមាគមនិស្សិត បញ្ញវន្តខ្មែរ លោក មួង សូនី លើកឡើង ថា បើពិនិត្យទៅលើវិធានការ ចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ ចាប់តំណាងរាស្ត្របក្សប្រឆាំងដែលរិះគន់បញ្ហាព្រំដែន រឹតបន្តឹងសេរីភាពបញ្ចេញមតិ ការដាក់សម្ពាធទៅលើបក្សប្រឆាំងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកវិភាគថា ច្បាប់ថ្មីនេះ នឹងទប់លែងឲ្យមានសំឡេងរិះគន់ ពីអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែនទៀតហើយ។
លោក ថា៖ «ខ្ញុំ គិតថា, បក្សប្រឆាំង គាត់ មិនហ៊ានទេ។ កាលណា គាត់ ហាននិយាយ រឿងបញ្ហាសង្គម រឿងព្រំដែនអីហ្នឹង រិះគន់រដ្ឋាភិបាលខ្លាំងៗអីហ្នឹង អាច នឹងគេ អនុវត្តច្បាប់ ទាំងអស់ហ្នឹង, ច្បាប់ ដែលគេ ទើបបង្កើតហ្នឹង។ ហើយ ស្របទៅនឹង បំណង ដែលគេ ចង់បាន ព្រោះ គណបក្ស ប្រជាជន, គេ ចង់ ឲ្យ បក្សប្រឆាំងហ្នឹង ឈប់បង្ហាញ ទស្សនៈ ពីបញ្ញា សង្គម, បញ្ហា ព្រំដែន អីហ្នឹង នឹងបំបិទមាត់ បក្សប្រឆាំង។ អាហ្នឹង គេ ចង់បាន អញ្ចឹង។»
លោក មួង សូនី វិភាគទៀតថា ការធ្វើច្បាប់បែបនេះ មិនបានជួយស្តារប្រជាប្រិយភាពបក្សកាន់អំណាចឡើងវិញបានទេ ដោយអះអាង ថា, បញ្ជាទប់ស្កាត់ អន្តោប្រវេសន៍ ខុសច្បាប់ ហូរចូល កម្ពុជា និងបញ្ហា ព្រំដែន លោក ថា ជាអាយុជីវិតជាតិ។
អ្នកវិភាគ នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថាច្បាប់ថ្មីនេះ ចែងមិនច្បាស់លាស់ពីទោសទណ្ឌ និងថាបានបើកឱកាសឲ្យភាគីម្ខាងដែលមានអំណាច អាចចោទប្រកាន់ទៅភាគីម្ខាងដែលទៀតបានគ្រប់ពេល តាមរយៈពាក្យថាប៉ះពាល់ដល់សន្តិសុខរដ្ឋនិងញុះញង់ឲ្យបែកបាក់ជាតិនេះ ខណៈប្រព័ន្ធច្បាប់មិនបានផ្តល់ជំនឿដល់ពលរដ្ឋគ្រប់និន្នាការនោះ។ លោកថាច្បាប់នោះមានចរិតបែប «ផ្តាច់ការ»។
ប៉ុន្តែ លោក ឡៅ ម៉ុងហៃ វិភាគ ថា, បញ្ហា អន្តោប្រទេសន៍ និងបញ្ហា ព្រំដែន លោក ថា, គណបក្ស នយោបាយ ដែលមាន អាសនៈ ក្នុងសភា នៅតែ ជជែកគ្នា បាននៅក្នុងសភា បើ គណបក្សម្ខាង រកឃើញ ថា ការបំពេញ តួនាទី របស់ រដ្ឋាភិបាល នៅមានភាព ខ្វះចន្លោះ។
លោក ថា៖ «ម៉េចបានគេហៅថាសភា គេប្រជុំគេពិគ្រោះយោបល់គ្នា គេជជែកគ្នា គេពិគ្រោះយោបល់គ្មាន ហើយបើយើងគិតយកតែលេខ៦៨ឬក៏៥៥ដល់យូរៗទៅ ខ្លួនឯងលែងទៅជាមនុស្ស ទៅជាលេខអស់ទៅអញ្ចឹង។»
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ច្បាប់គណបក្សនយោបាយថ្មីដែលទើបអនុម័តនេះ លោកថា ជាសម្ពាធមួយទៀត ទប់ស្កាត់សំឡេងរិះគន់ និងធ្វើឲ្យអ្នកនយោបាយមួយចំនួន មានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះជាមួយរដ្ឋាភិបាល ដោយថាខណៈប្រព័ន្ធតុលាការមិនទាន់ឯករាជ្យ។
ប៉ុន្តែលោក លោក ឯម សុវណ្ណារ៉ា វិភាគថា បញ្ហាព្រំដែន ជាបញ្ហាអាយុជីវិតជាតិ លោកថាគណបក្សនយោបាយ និងអ្នកតាមដានផ្សេងទៀត នៅតែលើកយកមកនិយាយបាន បើពួកគេមានឯកសារយោងគ្រប់គ្រាន់។
លោក ថា៖ «ខ្ញុំ គិតថា, បញ្ហានេះ ជាបញ្ហា ស្រួចស្រាល់, ហើយ ជាបញ្ហា ដែលអាចទាញ ប្រយោជន៍ សម្រាប់ គណបក្ស នយោបាយ រៀងៗខ្លួន។ អ្នកណា ដែលហ៊ានលើក នៅតែ មានលទ្ធភាព លើកបាន ឲ្យតែ គណបក្ស នយោបាយ ណាមួយ គេ ហៅថា ឥស្សរជន នយោបាយ ដែលមាន សមត្ថភាពយល់ជ្រៅជ្រះ លើបញ្ហា ព្រំដែន, បញ្ហាសន្តិសុខ ជាតិហ្នឹង នៅតែ លើកបាន, បញ្ហា អន្តោប្រវេសន៍ នៅតែ លើកបាន។ មានចំនុច ច្រើនណាស់ ដែលលើកបាន ដែលផ្លូវច្បាប់ មិនអាច ដាក់ទោសទណ្ឌ បាន ដោយសារ យើង លើកសំអាង ទៅលើផ្លូវច្បាប់។»
លោក ឯម សុវណ្ណារ៉ា បន្តថា៖ «គណបក្ស ប្រឆាំង អាចធ្វើ ទៅបាន ដោយសារអី? ដោយសារ តែ ភាពអាថកំបាំង ហ្នឹង។ កាលណា មានភាព លាក់បាំង ពីភាព អាថ៌កំបាំង ហ្នឹង, អ្នកនយោបាយ គេ អាច ឆ្លៀតឱកាស បានហើយ។ ហើយ យើង កុំ បាច់ទៅគិត អ្នកនយោបាយ ឲ្យមាន ឱកាស, គេ ធ្វើហើយ, បាទ។»
បើ តាមអ្នកវិភាគ បើ ទោះបី ពេលនេះ រដ្ឋាភិបាល អាចប្រើ ស្ថាប័នជាតិ ដើម្បី ធ្វើច្បាប់ ទប់ស្កាត់ សំឡេងរិះគន់ ក៏ដោយ បើ រដ្ឋាភិបាល មិនបង្ហាញ តម្លាភាព មិន បើកទូលាយ ពីការ លើកទឹកចិត្ត ឲ្យពលរដ្ឋ គ្រប់រូប អាចធ្វើដំណើរ ទៅមើល ខ្សែបន្ទាត់ ព្រំដែន នៅគ្រប់ ទីតាំង ដែលពួកគេ សង្ស័យ បានទេ, ពួកគេ ថា, រដ្ឋាភិបាល ទំនង ជាពិបាក ទប់ស្កាត់ មិន ឲ្យមាន សំឡេងរិះគន់ ពីបញ្ហា ព្រំដែន នេះ។
No comments:
Post a Comment