Paris Peace Accords 23 Oct. 1991

Saturday, April 15, 2017

អ្នកវិភាគ​ ថា​ លោក​ ហ៊ុន សែន យក​រឿង និទាន​ វាយប្រហារ​ គូ​ប្រកួត | Analysts say Hun Sen tells folktale to disparage his competition

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥
 
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥ 

អ្នកវិភាគ​ ថា​ លោក​ ហ៊ុន សែន យក​រឿង និទាន​ វាយប្រហារ​ គូ​ប្រកួត

RFA / វិទ្យុ អាស៊ី សេរី | ១៤ មេសា ២០១៧


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​រឿង និទាន​មួយ ​ដែល​មាន​ តួអង្គ​ ព្រះឥន្ទ ជា​អ្នក ធ្វើ​ឲ្យ​ អ្នក​សុំទាន​ម្នាក់ ​បាន​ឲ្យ​ក្លាយ​ ជា​ស្ដេច​ផែនដី, ប៉ុន្តែ ​ព្រះឥន្ទ​ ព្រួយបារម្ភ​ ខ្លាច​ អ្នកសុំទាន​ ដែល​បាន​ក្លាយ​ ជា​ស្ដេច​នោះ ​លោភលន់​ ចង់បាន​ ឋាន​ព្រះឥន្ទ ក៏​ជប់​បុរស​នោះ ​ទៅជា​អ្នក សុំទាន​វិញ។  បើ ទោះជា មិន​ដឹង ​ថា លោក ហ៊ុន សែន និយាយ សំដៅ​ ទៅ​កាន់ ​អ្នកណា​ក្ដី, ប៉ុន្តែ​ អ្នកវិភាគ​នយោបាយ យល់ថា, ប្រមុខ​ រដ្ឋាភិបាល ​គួរ​ថ្លែង​សារ ​ដែល​បង្ហាញ​ ពី​ការ​ បង្រួប​បង្រួម ​ជាតិ ជាជាង​ ការ​វាយ​ប្រហារ​ គ្នា​ ក្នុង​រដូវ​ បុណ្យ​ចូល​ឆ្នាំថ្មី។ 

ចូល​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ ​ឆ្នាំ​២០១៧​នេះ ជា​លើក​ ទី​២​ហើយ ដែល​លោក នាយក​រដ្ឋមន្ត្រី ដើរលេង ​អង្គរ​សង្ក្រាន្ត គ្មាន ​វត្តមាន លោក សម រង្ស៊ី ដូច​កាល ពី​ឆ្នាំ​២០១៥ ដែល​អ្នក ​ទាំង​ពីរ​ បាន​បណ្ដើរ​គ្នា​ ត្រសង​ទស្សនា​ កម្មវិធី និង​ភ្លក់ ​រសជាតិ​ នំអន្សម​យក្ស។  នៅ​ឆ្នាំនេះ លោក នាយក​រដ្ឋមន្ត្រី និយាយ​ រឿងនិទាន ​ខ្លី​ ថា, ព្រះឥន្ទ​ បាន​ជួយ​បុរស ​សុំទាន ​កើត​ឃ្លង់ក្លាយ ទៅជា​ស្ដេច ​ផែនដី, ប៉ុន្តែ ​ដោយសារ​បុរស​នោះ​ លោភលន់ រហូត​ ចង់បាន​ ​ឋាន​ព្រះឥន្ទ ទើប ​ព្រះឥន្ទ ដាក់ទោស ​ឲ្យ​ក្លាយ ទៅជា​អ្នក សុំទាន​វិញ៖ «ចូល​ ដល់​ចែក ​ឋាន​ព្រះឥន្ទ​ ចឹង​ទេ ​ព្រះឥន្ទ​ គិត​ថា អូ អា​នេះ​ គិត​ ជា​លោភលន់ ​អត់​កំណត់​ មែន។  អ៊ីចឹង​ទេ ក៏​ព្រះឥន្ទ​ ជប់ ​ពី​អ្នក​កើត​ឃ្លង់ ​បាន​ឡើង​ធ្វើ​ ស្ដេច​នោះ ឲ្យ​វា ​ទៅ​កើត​ឃ្លង់ ​វិញ​ហើយ​ ទៅ​ដាក់​ នៅ​ដដែល»



លោក ហ៊ុន សែន ថ្លែង​នេះ ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​ខេត្ត​សៀមរាប។ ក្រោយ​និទាន​រឿងព្រេង​ចប់ លោកនាយក​រដ្ឋមន្ត្រី ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ ផ្ដល់​ឱវាទ ដល់​អ្នក​ផ្សេងទៀត​កុំ​ធ្វើខ្លួន​ទៅជា​មនុស្ស​លោភលន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ៖ «រឿង​នេះ​បើ​ប្រៀបធៀប​បច្ចុប្បន្ន​ក៏​មាន​មនុស្ស​អ៊ីចឹង​ដែរ តែ​រឿង​នេះ​រឿង​និទាន​ទេ សុំ​រើស​ដាក់​ខ្លួន អ្វី​ក៏​ដោយ​សុំ​កុំ​លោភលន់​ហួស»


អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា នេះ​ស្ទើរតែ​ក្លាយ​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ​ដែល​ចូលចិត្ត​យក​វេទិកា​របស់​ខ្លួន​វាយប្រហារ​គូប្រកួត។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ប្រើ​សារ​នយោបាយ​ជូនពរ​ឆ្នាំ​ថ្មី ជាជាង​ការ​ថ្លែង​ឌឺដង​ដាក់​គូប្រកួត​ប្រជែង​នយោបាយ​ណាមួយ​ព្រោះ​នឹង​ធ្វើ​ឲ្យ​ខូច​បរិយាកាស​ឆ្នាំ​ថ្មី៖ «ចូលឆ្នាំ​ចូល​ខែ​គេ​សង្រួម​វិញ មិន​ទៅ​ឌឺ​ដង​ឡើង​ចុះៗ​ដើម្បី​យក​ចំណេញ​នយោបាយ​ទេ»

កាលពីមុន​ចូល​ឆ្នាំថ្មី​ប៉ុន្មាន​ថ្ងៃ លោក ហ៊ុន សែន ស្នើ​ទៅ​អ្នកនយោបាយ​គ្រប់រូប ជៀសវាង​ការ​វាយ​ប្រហារ​គ្នា​ក្នុង​រដូវ​បុណ្យទាន។

ទោះជា​យ៉ាងណា រឿងព្រេង​ដែល ហ៊ុន សែន និទាន គឺ​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជម្លោះ​នយោបាយ ​រវាង លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ កាល​ពី​មុន​បោះឆ្នោត​ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស លោក សម រង្ស៊ី ដែល​បើកភ្លើង​ខៀវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន។ 

ប៉ុន្តែ នៅ​ឆ្នាំ​២០១៦ លោក សម រង្ស៊ី ត្រូវ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ប្រកាស​និរទេស មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ ខណៈ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ ប្រឈម​ការ​ចាប់​ដាក់​គុក ព្រោះ​ហ៊ុំ​ព័ទ្ធ​ដោយ​បណ្ដឹង របស់ ហ៊ុន សែន លោក ហេង សំរិន និង​លោក ហោ ណាំហុង ជាដើម។ មិនទាន់​អស់​ទេ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​របស់​ខ្លួន កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហាម​មិន​ឲ្យ​អ្នក​មានទោស​ធ្វើជា​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ ដែល​ច្បាប់​នេះ​បាន​រុញច្រាន​លោក សម រង្ស៊ី ឲ្យ​លាលែង​ចេញពី​តំណែង​គណបក្ស៕




No comments:

Post a Comment