Paris Peace Accords 23 Oct. 1991

Thursday, April 13, 2017

មន្ត្រី​ សង្គម​ស៊ីវិល​ ត្រូវ​ បាន​តុលាការ ​មិន ​អនុញ្ញាត​ ឲ្យ​ចូល ​សួរ​សុខ​ទុក្ខ​ មន្ត្រី​ អាដហុក​ និង​គ.ជ.ប. | Court refused permission to civil society to visit Adhoc, NEC offiials

(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth

មន្ត្រី​ សង្គម​ស៊ីវិល​ ត្រូវ​ បាន​តុលាការ ​មិន ​អនុញ្ញាត​ ឲ្យ​ចូល ​សួរ​សុខ​ទុក្ខ​ មន្ត្រី​ អាដហុក​ និង​គ.ជ.ប.

RFA / វិទ្យុ អាស៊ី សេរី | ១២ មេសា ២០១៧


មន្ត្រី​ អង្គការ​ អាដហុក (ADHOC) និង​មន្ត្រី​ អង្គការ​ ដទៃ​ទៀត ថា, ​សាលា​ដំបូង​ រាជធានី​ ភ្នំពេញ​ មិន​ អនុញ្ញាត​ ឲ្យ​ពួក​គេ​ ចូល​សួរ​ សុខ​ទុក្ខ​ មន្ត្រី​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប. លោក នី ចរិយា នៅ​មុន​ ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ នោះ​ទេ។

មន្ត្រី​អង្គការ​អាដហុក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​អះអាង​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ជាច្រើន​លើក​ច្រើនសា ដើម្បី​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក ៤​នាក់ និង​មន្ត្រី គ.ជ.ប ១​រូប​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​រហូត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ លើក​ហេតុផល​ថា មន្ត្រី​របស់​ពួក​គេ​ជាប់​រវល់ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ពី​ដើម​ខែ​មេសា ក្តី។ លោក សំ ច័ន្ទគា យល់​ថា អ្វី​ដែល​តុលាការ​ធ្វើ​នេះ គឺ​មិន​សម​ហេតុផល និង​មាន​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន​ចេញ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នៃ​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប។ លិខិត​ដដែល​បន្ត​ថា ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​តែ​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ អាច​ចូល​សួរ​សុខ​ទុក្ខ​បាន ហើយ​ក្រៅ​តែ​ពី​មេធាវី គប្បី​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​យ៉ាង​តិច​ម្នាក់​នៅ​អម​ជាមួយ​ជានិច្ច។ លិខិត​ដដែល​មិន​បញ្ជាក់​ហេតុផល​អ្វី​ឡើយ។

លោក ហួន ជុនឌី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៥​រូប​ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក មាន​ប្រសាសន៍​ថា ជា​គោលការណ៍ គឺ​ចៅក្រម​ស៊ើបសួរ ឬ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​សម្រេច​ឲ្យ​នរណា​ម្នាក់​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ត្រូវ​ចោទ​ក្នុង​ពន្ធនាគារ។ ទោះ​យ៉ាង​ណា​ក្តី លោក​សង្កេត​ឃើញ​ថា ករណី​មន្ត្រី​អាដហុក​នេះ ដូចជា​មិន​មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​រារាំង​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​គ្នា​ឡើយ

មន្ត្រី​អាដហុក​ទាំង ៤​រូប​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជិត ១​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី»

រីឯ​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ លោក សន កែវ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ករណី​នេះ​ច្បាស់​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ជា​គោលការណ៍ ខាង​ពន្ធនាគារ គឺ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា កន្លង​មក មន្ត្រី​អាដហុក និង​មន្ត្រី​អង្គការ​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ធម្មតា ប៉ុន្តែ​ក៏​មាន​ការ​រើសអើង ឬ​ជម្រុះ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​ណា​ដែល​លេចធ្លោ និង​ពូកែ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ឡើយ។


មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​អង្គការ​ដទៃ​ទៀត នៅ​តែ​ទទូច​ឲ្យ​តុលាការ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក​ទាំង ៤​រូប និង​មន្ត្រី គ.ជ.ប. ១​រូប​ដែល​ជា​មិត្តភ័ក្ដិ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា៕





No comments:

Post a Comment