Unity of Party or Person?

Thursday, April 6, 2017

មន្ត្រី ​រដ្ឋាភិបាល​ កម្ពុជា ​ប្រតិកម្ម​ នឹង​ការ​ ចោទ​ប្រកាន់​ របស់ ​សហភាព​ អន្តរ​សភា | Govt official reacts to condemnation of IPU

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី ​រដ្ឋាភិបាល​ កម្ពុជា ​ប្រតិកម្ម​ នឹង​ការ​ ចោទ​ប្រកាន់​ របស់ ​សហភាព​ អន្តរ​សភា

RFA / វិទ្យុ អាស៊ី សេរី | ៦ មេសា ២០១៧


មន្ត្រី​ នាំ​ពាក្យ និង​ជា​តំណាងរាស្ត្រ​ គណបក្ស​ ដែល​គ្រប់គ្រង​ រដ្ឋាភិបាល ប្រតិកម្ម​ នឹង​ការ​ ចោទ​ប្រកាន់ ​របស់ ​សហភាព​ អន្តរ​សភា ហៅ​កាត់​ ថា អាយភីយូ (IPU) ស្ដីបន្ទោស​ ថា រដ្ឋាភិបាល ​ដែល​ដឹកនាំ​ ដោយ​លោក ហ៊ុន សែន ពូកែ ​ខាង​រុក​កួន និង​ជិះ​ជាន់ ​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​ របស់​ខ្លួន ជាពិសេស​ សមាជិក​ សភា​ ពី​ខាង​បក្ស​ ប្រឆាំង។


ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​នេះ ស្រប​ពេល​សមាជិក​សហភាព​អន្តរ​សភា តំណាង​ឲ្យ​ប្រទេស​ជិត ២០០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បាន​អនុម័ត​នៅ​លើ​ញត្តិ​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច យល់​ឃើញ​ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​កម្ពុជា របស់​សមាជិក​សភា IPU គឺ​មិន​ត្រឹមត្រូវ និង​មិន​ចំ​ទិសដៅ​សោះ​ឡើយ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ ក៏​ទទូច​ឲ្យ​សភា IPU ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​កម្ពុជា ថា​តើ​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​អំពើ​ហិង្សា ឬ​យ៉ាង​ណា? ដោយឡែក​រឿង​បក្ស​ប្រឆាំង​វិញ ក៏​កំពុង​ដំណើរការ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ជីវភាព​នយោបាយ​ដូច​បក្ស​កាន់​អំណាច​ដែរ។ លោក​បន្ត​ថា «អ៊ីចឹង​ខ្ញុំ​យល់​ថា ការ​វាយ​តម្លៃ​របស់​គាត់​ហ្នឹង​ផ្អែក​តែ​លើ​របាយការណ៍​មួយ​ជ្រុង​ទេ មិន​មាន​ផ្សារភ្ជាប់​ការពិត​ជាក់ស្ដែង​នៅ​កម្ពុជា ទេ។ ហើយ​បើ​ចង់​ដឹង​ការពិត សូម​អញ្ជើញ​មេ IPU អញ្ជើញ​មក​លេង​ភ្នំពេញ​ម្ដង​មើល! ហើយ​បើ​គ្មាន​កន្លែង​ណា​លេង ចូល​កាស៊ីណូ​ណាហ្គា ហ្នឹង​មើល បី​យប់​បី​ថ្ងៃ​មើល»

នៅ​ក្នុង​សន្និបាត​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) តំណាង​រដ្ឋាភិបាល​ដែល​ចូលរួម​នៅ​ក្នុង​សន្និបាត​លើក​ទី​១៣៦ នៃ​សហភាព​អន្តរ​សភា IPU មិន​បង្អង់​យូរ​ឡើយ បាន​ទាត់​ចោល​ភ្លាមៗ​ដែរ​នៅ​ក្នុង​អង្គ​សន្និបាត​កាល​ពី​ថ្ងៃ​ទី​៥ មេសា។ សមាជិក IPU តំណាង​ឲ្យ​រដ្ឋាភិបាល បាន​ថ្លែង​ការពារ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ថា មាន​ដំណើរការ​ទៅ​ដោយ​ល្អ គោរព​សិទ្ធិ​មនុស្ស បង្កើត​ឲ្យ​មាន​លំហូរ​ពាណិជ្ជកម្ម និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យ៉ាង​ទូលំទូលាយ។

តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​សមាជិក​សហភាព​អន្តរ​សភា IPU នៅ​ក្នុង​អង្គ​សន្និបាត មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​សព្វថ្ងៃ​របស់​រដ្ឋាភិបាល​ឡើយ។

មុន​អនុម័ត​ទៅ​លើ​ញត្តិ​ដែល​ជា​របៀបវារៈ​របស់​កម្ពុជា សមាជិក​របស់​សហភាព​អន្តរ​សភា IPU បាន​លើក​ឡើង​ថា ក្នុង​នាម​សភា IPU គប្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយ​ម៉ឺងម៉ាត់ និង​ប្រាកដ​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ ត្រូវ​ប្រាកដ​ឡើង ជាពិសេស​ការ​លូក​ដៃ​យ៉ាង​ជ្រៅ​របស់​រដ្ឋាភិបាល​រឿង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ជាង​នេះ​ទៀត បើ​មិន​ធ្វើ​ដូច្នេះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​សភា IPU។ លោក​បន្ត​ថា «យើង​មិន​ចាំបាច់​បន្ត​កិច្ច​ពិគ្រោះ​យោបល់​អ្វី​ទៀត​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ត្រូវ​ផ្ដល់​សារ​ខ្លាំងៗ​ទៅ​រដ្ឋាភិបាល​វិញ​ពី​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ គឺ​ថា​មិន​អាច​ទទួល​យក​បាន​ឡើយ។ នេះ​វា​មិន​មែន​រឿង​លេង​សើច​ទេ ក្នុង​នាម​សភា IPU ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់»

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​តំណាង​ពី​ខាង​រដ្ឋាភិបាល​ថ្លែង​ការពារ​នូវ​ជំហរ​ដឹកនាំ​រដ្ឋាភិបាល​មួយ​រំពេច​ដែរ ដោយ​ចោទ​ជា​សំណួរ​ទៅ​វិញ​ថា តើ​សមាជិក​សភា IPU ពិត​ជា​ចង់​ឲ្យ​កម្ពុជា ត្រឡប់​ទៅ​រក​របប​ដឹកនាំ​ដូច​សម័យ ប៉ុល ពត វិញ​ឬ​យ៉ាង​ណា? បើ​ទោះ​ជា​បែប​ណា អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​រដ្ឋាភិបាល​ហាក់​មិន​ខ្វល់ខ្វាយ​រឿង​ការ​គោរព​សិទ្ធិ​មនុស្ស​ប៉ុន្មាន​នោះ​ឡើយ។

បញ្ហា​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ប្រឆាំង ទទួល​ស្គាល់​ថា ការ​ស្រាវជ្រាវ​ពី​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដោយ​សមាជិក​សភា IPU នេះ អាច​ជា​ការ​ច្បាស់​ជាង​ការ​មើល​ឃើញ​របស់​ពលរដ្ឋ​ទៅ​ទៀត។ មិន​តែ​ប៉ុណ្ណោះ លោក​ថា​ដើម្បី​បញ្ចៀស​ពី​ការ​រិះគន់​នេះ រដ្ឋាភិបាល​គួរ​កុំ​ប្រព្រឹត្ត​កំហុស ទើប​មិន​មាន​អ្នក​ដឹង៕


1 comment:

  1. Anonymous2:30 PM

    Every time any foreign or international organization criticizes Hun Sen and / or his
    regime, his dogs bark such organization doesn't
    understand Cambodian laws or culture.

    Yes, we agree they are Traitor & Warlord Hun Sen's laws and culture !!!

    ReplyDelete