Paris Peace Accords 23 Oct. 1991

Wednesday, April 19, 2017

លោក ហ៊ុន សែន រំពឹង ​ថា ​នឹង​បាន ​ជំនួយ ​បន្ថែម​ ពេល​ចូលរួម​ សន្និសីទ ​វិថី​សូត្រ​ នៅ​ចិន | Hun Sen expects more aid from China at the Silk Road meeting

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន រំពឹង ​ថា ​នឹង​បាន ​ជំនួយ ​បន្ថែម​ ពេល​ចូលរួម​ សន្និសីទ ​វិថី​សូត្រ​ នៅ​ចិន

RFA / វិទ្យុ អាស៊ី សេរី | ១៨ មេសា ២០១៧


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម ​សន្និសីទ ​កំពូល «ខ្សែ​ក្រវាត់​មួយ, វិថី​មួយ» ឬ​ហៅ​ ថា «វិថី ​សូត្រ» ដែល​នឹង​រៀបចំ​ ដោយ​ប្រទេស ​ចិន នា​ពាក់​កណ្ដាល ​ខែ​ ឧសភា ឆ្នាំ​២០១៧ នេះ នៅ​ទីក្រុង​ ប៉េកាំង


លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក កម្ពុជា នឹង​ទទួល​បាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែម​ទៀត​ពី​ប្រទេស​ចិន។ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​រួមមាន ការ​សាងសង់​ស្ពាន​ចំនួន​ពីរ​ឆ្លង​កាត់​ទន្លេ​មេគង្គ។ ស្ពាន​ទី​មួយ​តភ្ជាប់​ពី​តំបន់​អរិយក្សត្រ ទៅ​តំបន់​ក្តីតាកុយ និង​ស្ពាន​មួយ​ទៀត តភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ ទៅ​កាន់​តំបន់​ស្វាយជ្រុំ។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ ប្រទេស​ចិន បាន​ធ្វើ​ការ​សិក្សា​លទ្ធភាព​អំពី​គម្រោង​សាងសង់​ស្ពាន​ទាំង​ពីរ​នេះ​រួច​រាល់​ហើយ។

ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រ៉យទ័រ (Reuters) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ថា ប្រទេស​ចិន នឹង​រៀបចំ​ព្រឹត្តិការណ៍​ការទូត​ដ៏​ធំ​បំផុត​មួយ​ស្ដីពី​គម្រោង​វិថី​សូត្រ​ថ្មី​នេះ ដែល​ជា​ការ​ជួប​ប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jing Ping) បាន​ផ្ចុងផ្ដើម​ឲ្យ​មាន​ឡើង​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​កម្មវិធី «ខ្សែ​ក្រវាត់​មួយ វិថី​មួយ» នេះ​ឡើង ដើម្បី​កសាង​វិថី​សូត្រ​ថ្មី​មួយ​តភ្ជាប់​តំបន់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ដោយ​មាន​ទឹកប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា រួម​មាន ផ្លូវ​រថភ្លើង កំពង់ផែ និង​បណ្ដាញ​អគ្គិសនី។

ប្រទេស​ចិន បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៤០​ប៊ី​លាន​ដុល្លារ​អាមេរិក ដល់​មូលនិធិ​វិថី​សូត្រ​នេះ។ កម្មវិធី​ផ្ដួចផ្ដើម​នេះ គឺ​ជា​កម្លាំង​ចលករ​មួយ​នៅ​ពី​ក្រោយ​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ក្រោម​ទឹកប្រាក់​វិនិយោគ​ចំនួន ៥០​ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​កម្ពុជា ក៏​ជា​សមាជិក​ស្ថាបនិក​មួយ​ផង​ដែរ៕



2 comments:

  1. Anonymous12:14 AM

    ខ្ញុំអាក់អន់ខកចិត្ត នឹង វិទ្យុ អាស៊ី សេរី មាំណាស់ ក្នុងការបកប្រែ ពាក្យ "វិថី ​សូត្រ" នេះពីព្រោះវាគ្មានន័យអីទាល់តែសោះ។ បើសឹនជា "ផ្លូវជំនួញ សូត្រ" ប្រហែលជាស្រួលយល់នឹងស្ដាប់ជាង???

    ReplyDelete
  2. ខ្មែរអាច សរសេរអក្សរខ្មែរបាន ដោយមិនខ្លាចគេលុបចោល?

    ReplyDelete