Paris Peace Accords 23 Oct. 1991

Saturday, April 22, 2017

លោក ហ៊ុន សែន គំរាម ជាថ្មី ថា, អាចកើត សង្គ្រាម បើ លោក ចាញ់ឆ្នោត | Hun Sen warns anew that war may break out if he loses election

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន គំរាម ជាថ្មី ថា, អាចកើត សង្គ្រាម បើ លោក ចាញ់ឆ្នោត


នាយករដ្ឋមន្ដ្រី កម្ពុជា បានព្រមាន ថ្មីទៀត ថា, កម្ពុជា អាចនឹង ផ្ទុះសង្គ្រាម បើសិន គណបក្ស របស់លោក ចាញ់ការ បោះឆ្នោត នាពេល ខាងមុខ។

លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែង ដោយចោទ ជាចម្ងល់ ថា,  ប្រសិនបើ គណបក្ស ប្រជាជន មិន បន្ដកាន់ អំណាចនោះ លោក ចោទសួរ ថា,  តើ សន្ដិភាព នៅកម្ពុជា អាចត្រូវ បានធានា ឬអត់ ដោយលោក ថា បើ ការជេរប្រទិច លាបពណ៌ ដាក់គ្នា និងការប្រមាថ មាក់ងាយ នៅតែ បន្ដកើតមាន ក្នុងចំណោម មេដឹកនាំ និងអ្នកគាំទ្រ របស់ ពួកគេ។​

លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ខែមេសាម្សិលមិញ។

លោកមានប្រសាសន៍បន្ដថា នៅពេលគណបក្សប្រជាជនកាន់អំណាច លោកថា ភាគីទាំងអស់សុទ្ធតែអាចរស់នៅជាមួយគ្នាដោយសុដុមរមនា ដោយលោកថា រដ្ឋាភិបាលរបស់លោកបានបង្កើតឱកាស និងបរិយាកាសល្អប្រសើរសម្រាប់អ្នកវិនិយោគនិងភាគីទាំងអស់។ លោកចោទជាសំណួរថា តើប្រជាជនកម្ពុជាគួរបោះឆ្នោតដើម្បីរក្សាសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម បើសិនមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមែននោះ។

លោក ថា៖ «តើ ប្រាកដទេ នៅពេល គណបក្ស ប្រជាជន មិន កាន់អំណាច តើ ធានា ប្រាដក ថា សន្ដិភាពនេះ ត្រូវ បានធានា ឬអត់?  បើ ការលាប ពណ៌, ការជេរប្រទិច,  ការប្រមាថ មាក់ងាយ នៅតែ បន្ដ កើតនៅ ក្នុងចំណោម មេដឹកនាំ និងអ្នកគាំទ្រ របស់ ពួកគេ។    នេះ ជាការ ដាស់តឿន មួយ សម្រាប់ ការបោះឆ្នោត នៅពេល ខាងមុខ។  តើ បោះឆ្នោត ដើម្បី សន្ដិភាព បន្ដ ឬបោះឆ្នោត ដើម្បី សង្គ្រាម?»

ការព្រមានរឿងសង្គ្រាមនេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន តែងធ្វើ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កំពុងខិតចូលមកដល់។

សម្រាប់អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី យល់ថា «សារសង្គ្រាម» របស់លោក ហ៊ុន សែន គឺជារឿងធម្មតាដែលបក្សកាន់អំណាចតែយកមកប្រើ ដើម្បីអួតពីសមត្ថភាពដឹកនាំប្រទេសរបស់ខ្លួន និងការរកប្រជាប្រិយភាព ដើម្បីយកឈ្នះការបោះឆ្នោតខាងមុខ។

ប៉ុន្ដែលោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេអាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះគាំទ្របក្សប្រឆាំងដែរ។

លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោលគឺមានតែរដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។

លោក ថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីក​ម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹងទំនងហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះស្ម័គ្រជាមួយរដ្ឋាភិបាលទេ  […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវសង្គ្រោះជាតិឈ្នះឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»

បើ តាមប្រតិទិន គ.ជ.ប., យុទ្ធនាការ ឃោសនារកសំលេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤ មិថុនា ឆ្នាំដដែល៕



No comments:

Post a Comment