Paris Peace Accords 23 Oct. 1991

Tuesday, April 18, 2017

មេធាវី​ នឹង​បញ្ជូន ​សំណុំ​រឿង ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ ​នៅ​រដ្ឋធានី ​វ៉ាស៊ីនតុន ​វិញ | Lawyer to transfer lawsuit against Hun Manet to court in Washington (DC)

នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នា​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev
នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នា​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev

មេធាវី​ នឹង​បញ្ជូន ​សំណុំ​រឿង ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ ​នៅ​រដ្ឋធានី ​វ៉ាស៊ីនតុន ​វិញ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មេសា ២០១៧


មេធាវី ​របស់ ​ក្រុម​គ្រួសារ​ លោក មាជ សុវណ្ណារ៉ា នឹង​បញ្ជូន​ សំណុំ​រឿង​ ប្ដឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ ​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ ​នៅ​រដ្ឋធានី ​វ៉ាស៊ីនតុន ឌីស៊ី (Washington, D.C.) វិញ បន្ទាប់ ​ពី​រក​ឃើញ ​ថា, ចៅក្រម​ នៅ​តុលាការ​ មួយ​ នៅ​ក្រុង​ ឡូស អែនជឺឡេស (Los Angeles) រដ្ឋ​ កាលីហ្វ័រញ៉ា (California) ទំនង​ នឹង​ទម្លាក់​ចោល​ ការ​ចោទ​ប្រកាន់ ​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​ ជា​អ្នក​ ទទួល ​ខុស​ត្រូវ​ ករណី​ កង​អង្គរក្ស​ របស់​លោក បាន​វាយ​ បុរស​ម្នាក់ ​ដែល​កាន់ ​ដីកា ​តុលាការ​ ទៅ​ជូន​លោក។

មេធាវី​ អះអាង ​ថា, បណ្ដឹង ​ទៅ​រដ្ឋធានី​ វ៉ាស៊ីនតុន គឺ ​ជា​មធ្យោបាយ ​ដែល​អាច ​ឲ្យ​តុលាការ​ អាមេរិក កោះ​ហៅ​ លោក ហ៊ុន ម៉ាណែត តាម​រយៈ ​ការ​បញ្ជូន​ ដីកា ​ទៅ​រដ្ឋាភិបាល ​កម្ពុជា។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ពន្យល់​ថា, នីតិវិធី ​នៃ​ការ​ប្ដឹង​ លោក ហ៊ុន ម៉ាណែត ឲ្យ​ទទួល​ ខុស​ត្រូវ​ ចំពោះ ការ​វាយតប់​ លើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​ បញ្ជូន ​ដីកា​ តុលាការ ទំនង​ នឹង​ត្រូវ​ ចៅក្រម​ នៅ​តុលាការ ​ក្រុង ​ឡូស អែនជឺឡេស (Los Angeles) ទាត់​ចោល បើ​ ទោះ​បី​ ជា​សាលក្រម ​មិន​ ទាន់​ប្រកាស ​ជា​ផ្លូវ​ការ​ក្ដី, ហើយ ​វិធី ​ដែល​អាច ​ប្រគល់​ ដីកា​ របស់​ តុលាការ​ អាមេរិក ទៅ​ឲ្យ​ លោក ហ៊ុន ម៉ាណែត គឺ​ បន្ត​ប្ដឹង ទៅ​តុលាការ​ នៅ​រដ្ឋធានី ​របស់ ​សហរដ្ឋ​ អាមេរិក។


ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា លោក​មេធាវី មូរតុន ក្លារ លើក​ឡើង​ថា ការ​បង្វែរ​បណ្ដឹង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន គឺ​ចង់​បង្ហាញ​ថា បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​លោក មាជ សុវណ្ណារ៉ា គឺ​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា រួម​នឹង​លោក ហ៊ុន ម៉ាណែត ផង​ដែរ៖ «ករណី​យើង​នឹង​បន្ត​ទៅ​ទៀត ព្រោះ​អ្នក​ចុង​បណ្ដឹង​យើង​មាន​ពីរ គឺ​លោក ហ៊ុន ម៉ាណែត មួយ និង​រដ្ឋាភិបាល​ខ្មែរ​មួយ។ ចឹង នឹង​ផ្ទេរ​សំណុំ​រឿង​ទៅ​វ៉ាស៊ីនតុន ឌីស៊ី ព្រោះ​រដ្ឋាភិបាល​ខ្មែរ​ទាំងមូល។ ចុង​ចោទ​ធំ​ជាង​គេ គឺ​រដ្ឋាភិបាល​ខ្មែរ។ គឺ​អត់​ទៅ​ណា​រួច​ទេ គឺ​ត្រូវ​បន្ត​រហូត គ្រាន់​តែ​ថា​ពេល​នេះ​យើង​អត់​ទាន់​មាន​សុពលភាព​នៅ​ឡើយ គឺ​មិន​បាន​ជូន​ដីកា​ផ្ទាល់»

លោក មូរតុន ក្លារ ជា​មេធាវី​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ លោក​ថា បណ្ដឹង​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មាន​វត្តមាន​នៅ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង បាន​ចាប់​បោក​លោក ផល ហេយស៍ ជា​ស្មៀន​ទៅ​លើ​ថ្ម​ឲ្យ​របួស​ធ្ងន់​ក្នុង​បរិវេណ​ភោជនីយដ្ឋាន​ឋាន​ព្រះចន្ទ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ខណៈ​លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​ដែល​កោះ​ហៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​តាម​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។

តុលាការ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) បាន​បើក​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង ករណី​បង្ក​របួស​ស្នាម​លើ​ស្មៀន​រត់​ការ​ឯកសារ​របស់​តុលាការ ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ មេសា។ បន្ទាប់​ពី​សវនាការ​នោះ លោក អ៊ុច សុខខាំបូ ជំនួយការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) មាន​ប្រសាសន៍​ថា លោក​ចៅក្រម ហ្ស៊ច វូ (George Wu) បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​ថា ការ​ចេញ​ដីកា​ទៅ​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​សម្រេច ដែល​ចៅក្រម​ទំនង​ថា​អាច​មិន​យក​ជា​បាន​ការ៖ «គោល​ជំហរ​ខាង​យើង គឺ​វា​មាន​សុពលភាព​ពេញ​ទី ក៏ប៉ុន្តែ​ចៅក្រម​ថា​ដោយសារ​ដីកា​ហ្នឹង​អត់​ដល់​ដៃ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយ​ចឹង​ហើយ​ប្រហែល​ជា​ការ​បញ្ជូន​ដីកា​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព។ នេះ​ជា​គោល​ជំហរ​របស់​ចៅក្រម​គាត់​អាច​កាត់​សេចក្ដី​ទៅ​ផ្លូវ​ហ្នឹង»

លោក​ថា សាលក្រម​របស់​តុលាការ នឹង​ចេញ​នៅ​រយៈពេល ១​សប្ដាហ៍​ក្រោយ​សវនាការ​បង្ហាញ​ភស្តុតាង​បញ្ចប់។

ទាក់ទង​នឹង​ការ​បង្វែរ​សំណុំ​រឿង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ហ៊ុន ម៉ាណែត បាន​នៅ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ លោក​ពុំ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​នៅ​ឡើយ។ តែ​លោក​ថា ដូចជា​មាន​បញ្ហា​យុត្តាធិការ​នៃ​តុលាការ​នៅ​សហរដ្ឋ​អាមេរិក៖ «តុលាការ​ធ្វើ​បាន​យុត្តាធិការ​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​កន្លែង​កើត​ហេតុ តែ​បើ​ទៅ​វ៉ាស៊ីនតុន ថា​តើ​យុត្តាធិការ​ហ្នឹង​អាច​ទៅ​សម្រេច​ក្ដី​នៅ​កាលីហ្វ័រញ៉ា ដែរ​ឬ​ក៏​អត់?»

លោក​មេធាវី មូរតុន ក្លារ ធ្លាប់​លើក​ឡើង​ថា តុលាការ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ករណី​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ក្តី​លោក មាជ សុវណ្ណារ៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សញ្ជាតិ​អាមេរិក ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម៕


1 comment:

  1. Anonymous7:46 AM

    Nothing gonna happen; it's a total waste of time.

    ReplyDelete