Paris Peace Accords 23 Oct. 1991

Wednesday, April 19, 2017

អាជ្ញាធរ​ មូលដ្ឋាន​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​ ចោទ​ថា​ បិទ​លេខ​រៀង​ បក្ស​ប្រជាជន​ តាម​ផ្ទះ​ ពលរដ្ឋ | Local authority accused of posting CPP's ballot number on people's homes

ស្លាក​លេខ​រៀង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
ស្លាក​លេខ​រៀង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided

អាជ្ញាធរ​ មូលដ្ឋាន​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​ ចោទ​ថា​ បិទ​លេខ​រៀង​ បក្ស​ប្រជាជន​ តាម​ផ្ទះ​ ពលរដ្ឋ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មេសា ២០១៧



មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ឃុំ​ ទឹកជ្រៅ ស្រុក​ តំបែរ ខេត្ត​ ត្បូងឃ្មុំ លើក​ឡើង​ ថា, អាជ្ញាធរ ​មូលដ្ឋាន​ឃុំ បាន​ធ្វើ​ខុស ​ទៅ​នឹង​នីតិវិធី​ នៃ​ការ​ឃោសនា​ បោះឆ្នោត ពីព្រោះ ​តែ ​បាន​យក ​លេខ​រៀង​ គណបក្ស ​ប្រជាជន​ កម្ពុជា ទៅ​បិទ​ផ្សាយ​ នៅ​តាម​ផ្ទះ​ ប្រជាពលរដ្ឋ។  អាជ្ញាធរ​ឃុំ ថា​, បញ្ហា​នេះ ​នៅ​តាម​ភូមិ​ ជាច្រើនឋ។   អាជ្ញាធរ​ភូមិ​ សម្រេច​ បក​ស្លាក​ លេខ​រៀង​ របស់ ​ខ្លួន​នោះ​ ចេញ​ពី​ផ្ទះ ​ប្រជាពលរដ្ឋ​ រួច​ទៅ​ហើយ។

មន្ត្រី​ គណបក្ស​ ប្រឆាំង​ នៅ​ស្រុក ​តំបែរ បញ្ជាក់​ថា នឹង​បញ្ជូន​ លិខិត​ប្ដឹង​ ទៅ​គណៈកម្មការ ​រៀបចំ​ ការ​បោះឆ្នោត​ ថ្នាក់​ខេត្ត ដើម្បី​ ឲ្យ​ជួយ​បញ្ឈប់​ សកម្មភាព ​របស់​ អាជ្ញាធរ ​មូលដ្ឋាន​ នៅ​ឃុំ ​ទឹកជ្រៅ ដែល​មិន​ បាន​គោរព​ តាម​នីតិវិធី​ នៃ​ការ​ បោះឆ្នោត។


សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​តំបែរ លោក ម៉ៅ ម៉េន មាន​ប្រសាសន៍​ថា តាំង​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ លោក​សង្កេត​ឃើញ​ប្រជា​ការពារ​ភូមិ នាំ​គ្នា​យក​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លេខ​រៀង​ទី​១ ទៅ​បិទ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ។ ផ្ទះ​ខ្លះ​បិទ​តែ​លេខ​១ ហើយ​ប្រជា​ការពារ​ភូមិ ឬ​អាជ្ញាធរ​ភូមិ ប្រាប់​ប្រជាពលរដ្ឋ​ថា​ជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ផ្ទះ​ខ្លះ​ទៀត គឺ​បិទ​ទាំង​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​លេខ​រៀង​តែ​ម្តង។

លោក​ថា សកម្មភាព​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ឃោសនា​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​តម្រូវ​ឲ្យ​ឃោសនា​ទាំង​គោល​នយោបាយ​គណបក្ស និង​ប្រកាស​លេខ​រៀង​គណបក្ស​នយោបាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា៖ «យើង​ឃើញ​ថា គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​ហ្នឹង បាន​រំលោភ​ច្បាប់ គ.ជ.ប ដែល​បាន​ផ្សព្វផ្សាយ និង​បិទ​មុន​អ៊ីចឹង»


ឃុំ​ទឹកជ្រៅ មាន ៤​គណបក្ស ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ គណបក្ស​ទាំងនោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ គណបក្ស​ហ៊្វុនស៊ិនប៉ិច លេខ​រៀង​ទី​២ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​៣ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​៤។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទឹកជ្រៅ លោក ឈិត ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ មេសា ថា លោក​មិន​សូវ​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​កន្លង​ទៅ លោក​មាន​ជំងឺ ហើយ​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ភូមិ​បាន​បក​លេខ​រៀង​នោះ​ចេញ​វិញ​ហើយ៖ «ឮ​សូរ​និយាយ​ហ្នឹង ពួក​ហ្នឹង​គេ​ដក​វិញ​អស់​ហើយ»


ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ម៉ៅ ម៉េន អះអាង​ថា មាន​ភូមិ​ខ្លះ​បក​ចេញ​មែន ប៉ុន្តែ​ភូមិ​ខ្លះ​ទៀត​មិន​បាន​បក​ទេ បើ​ទោះ​បី​ជា​ខាង​លោក​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ភូមិ​ទាំងនោះ​ក៏ដោយ។

មន្ត្រី​តស៊ូ​មតិ​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់​ថា សកម្មភាព​នេះ​ជា​ការ​ឃោសនា​មុន​ពេល​កំណត់ ប៉ុន្តែ​ផ្លូវ​ច្បាប់​មិន​បាន​ចែង​ច្បាស់លាស់​ថា​មិន​អនុញ្ញាត​ឲ្យ​ឃោសនា​នោះ​ទេ។ ចំណែក​បញ្ហា​នេះ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើយ ពីព្រោះ គ.ជ.ប ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ៖ «បាទ! គ្រាន់​តែ​ទទួល​ខុស​ត្រូវ​របស់ គ.ជ.ប នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​ហ្នឹង គឺ​មាន​ដំណាក់កាល​ហ្នឹង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ គ.ជ.ប.»

លោក​បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា​មិន​ស្មើ​ភាព​គ្នា ពួក​គេ​អាច​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​បាន ប៉ុន្តែ​បើ​គណបក្ស​ប្រឆាំង​ធ្វើ​មិន​បាន ដូចជា​មាន​ការ​រារាំង​ណា​មួយ ឬ​មាន​ការ​គំរាម​កំហែង​ក្តី ទើប​ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​ដោះស្រាយ៕




No comments:

Post a Comment