Paris Peace Accords 23 Oct. 1991

Tuesday, April 11, 2017

មន្ត្រី​ បក្ស​ កាន់​អំណាច​ ថា​ មិន​ លើកលែង ទោស​ ឲ្យ​ស្ត្រី​ យក ​ទ្រនាប់​ជើង​ គប់​រូប ​មេ​ដឹកនាំ​ ឡើយ | Official of ruling party says no pardon for woman who three sandal at image of leaders

ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot

មន្ត្រី​ បក្ស​ កាន់​អំណាច​ ថា​ មិន​ លើកលែង ទោស​ ឲ្យ​ស្ត្រី​ យក ​ទ្រនាប់​ជើង​ គប់​រូប ​មេ​ដឹកនាំ​ ឡើយ

RFA / វិទ្យុ អាស៊ី សេរី | ១០ មេសា ២០១៧

 

គណបក្ស​ កាន់​អំណាច ​ប្រកាស​ ថា នឹង​មិន ​លើកលែង​ ទោស ​ឲ្យ​ស្ត្រី​ ដែល​យក ​ទ្រនាប់​ជើង​ គប់​លើ​ស្លាក​ គណបក្ស​ ប្រជាជន ​កម្ពុជា ដែល​មាន ​រូបថត​ លោក ហ៊ុន សែន និងលោក ហេង សំរិន នោះ​ទេ។  រីឯ​ អ្នក​ច្បាប់​យល់ ​ថា ទង្វើ​ស្ត្រី​ នោះ​ គួរ​ធ្វើ​ ត្រឹម​តែ​ វិធានការ​ អប់រំ ជាជាង​ ឈាន​ដល់ ​ដំណាក់កាល ​ចាត់ការ​ តាម​ផ្លូវ​ច្បាប់។


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា គ្មាន​ទេ​ការ​អប់រំ​ណែនាំ គឺ​មាន​តែ​ចាត់ការ​តាម​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ចេតនា​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។

លោក សុខ ឥសាន បន្ត​ថា ក្នុង​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល ១៣​វិនាទី បង្ហាញ​ថា ស្ត្រី​ម្នាក់​នោះ​មាន​ចេតនា​គប់​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន តែ​ម្តង មិន​មែន​ជា​ការ​គប់​លេង​សើច​គ្នា​គាត់ ហើយ​ប្លាត​ទៅ​ត្រូវ​នោះ​ទេ។ ដូច្នេះ មិន​អាច​ត្រឹម​ហៅ​មក​អប់រំ​ណែនាំ​បាន​ឡើយ

សកម្មភាព​របស់​ស្ត្រី​ដែល​គប់​ទ្រនាប់​ជើង​នោះ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ចោទ​ថា​ជា​ការ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ហើយ​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឲ្យ​ស្ត្រី​រូប​នោះ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្នុង​ដីកា​កោះ​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​ដីកា​កោះ​នោះ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្លាំង​នគរបាល​កំពុង​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ឃាត់​ខ្លួន ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​ប្រសិន​បើ​បាន​ឃើញ​ស្ត្រី​ម្នាក់​នោះ ដើម្បី​សមត្ថកិច្ច​នាំ​ខ្លួន​ស្ត្រី​នោះ​មក​ចាត់ការ​តាម​នីតិវិធី។

សំណុំ​រឿង​ដែល​អាជ្ញាធរ​កំពុង​ចាត់ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ពាក្យ​បណ្ដឹង​ហើយ​ឬ​នៅ​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា​ប្រហែល​ជា​មាន​គណបក្ស​នៅ​ខេត្ត​ដាក់​ពាក្យ​បណ្ដឹង​ហើយ ទើប​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះ​នោះ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ជាច្រើន​លើក ប៉ុន្តែ​លោក​បដិសេធ​ក្រោម​ហេតុផល​ថា​ជាប់​រវល់។ រីឯ​ទូរស័ព្ទ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នោះ​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​មិន​សម​ហេតុផល។ លោក​ពន្យល់​ថា មាត្រា​៥០២ ស្ដីពី​ការ​ប្រមាថ​នោះ គឺ​សំដៅ​តែ​ក្នុង​ពេល​អ្នក​រាជការ​សាធារណៈ​កំពុង​បំពេញ​មុខងារ​តែ​ប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​រូបថត​ទេ។ រីឯ​មាត្រា​៤៩៦ ស្ដីពី​ការ​រើសអើង​នោះ គឺ​សំដៅ​ដល់​ការ​រើសអើង​ពូជ​សាសន៍

ចំពោះ​ករណី​នេះ លោក​មេធាវី សុក សំអឿន យល់​ថា គឺ​ជា​រឿង​សីលធម៌ វា​មិន​មែន​ជា​បទល្មើស​ធំ​ដុំ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ហៅ​ស្ត្រី​ម្នាក់​នោះ​មក​អប់រំ​ណែនាំ​បាន​ហើយ។

រីឯ​មន្ត្រី​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ថា​ស្ត្រី​ម្នាក់​នោះ​មិន​មែន​ជា​សកម្មជន ឬ​ជា​សមាជិក​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិន​គាំទ្រ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ដែរ។

ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ករណី​នេះ គឺ​មាន​ស្តង់ដារ​ពីរ ដោយសារ​ករណី​ដែល​ប៉ះពាល់​ដល់​បក្ស​កាន់​អំណាច គឺ​អាជ្ញាធរ​តែង​ចាត់ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ដោយឡែក​ករណី​ប្រមាថ និង​ឈាន​ដល់​គំរាម​កំហែង​សម្លាប់​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ជាដើម​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ស៊ើប​អង្កេត និង​ចាត់ការ​តាម​ច្បាប់​ឡើយ ក្រោម​ហេតុផល​ផ្សេងៗ​ទៀត៕

No comments:

Post a Comment