Paris Peace Accords 23 Oct. 1991

Sunday, April 9, 2017

តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​មិន​ប្ដឹង ​ទៅ​ក្រសួង ​ករណី​ ចោរ​ បច្ចេកវិទ្យា​ លួច​អ៊ីម៉ែល | Opposition MPs not to sue hackers stealing their emails

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth

តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​មិន​ប្ដឹង ​ទៅ​ក្រសួង ​ករណី​ ចោរ​ បច្ចេកវិទ្យា​ លួច​អ៊ីម៉ែល

RFA / វិទ្យុ អាស៊ី សេរី | ៩ មេសា ២០១៧



ក្រុម​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​រងគ្រោះ ដោយសារ​ ចោរ​បច្ចេកវិទ្យា ឬ ហេកគ័រ (Hacker) លួច​ចូល​ លុកលុយ​ អ៊ី ម៉ែល និង​បណ្ដាញ​ សង្គម មិន​ប្ដឹង ​ទៅ​ក្រសួង ​ជំនាញ​ រក​ក្រុម​ចោរ​ទេ ដោយសារ​ ពួកគេ ​គ្មាន​ ជំនឿ​ ថា,  រដ្ឋាភិបាល ​អាច​ចាប់ ​អ្នក​ប្រព្រឹត្ត​​បាន។ តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​វិញ យល់ថា តំណាងរាស្ត្រ​ បក្ស​នេះ មាន​អំនួត និង​ចង់​ញែក​ រវាង​ បក្ស​ប្រឆាំង និង​រដ្ឋាភិបាល។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ ប្រាប់​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក​គ្មាន​ជំនឿ​លើ​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​ទេ។ លោក​ថ្លែងប្រាប់​អាស៊ីសេរី ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ថា តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ហេកគ័រ លួច​យក​គណនី​អ៊ីម៉ែល ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន និង​ទំព័រ​ហ្វេសប៊ុក រួមមាន​លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក ហូរ វ៉ាន់ ជាដើម។

ទោះជា​យ៉ាងណា លោក ម៉ៅ មុនីវណ្ណ ថា​ លោក ​និង​លោក អេង ឆៃអ៊ាង បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ សុំ​បើក​គណនី​បាន​វិញ​ហើយ នៅឡើយ​តែ​អ៊ីម៉ែល​ទេ ដែល​មិនទាន់​សុំ​បាន​មកវិញ៖ «ដូចជា​យើង​មិន​ដឹង​ប្ដឹង​ទៅ​ណា ប្ដឹង​នៅ​ក្នុង​ស្រុក​យើង​ដូច​ជា​ពិបាក​ប្ដឹង​ណាស់ គ្មាន​ជំនឿ​ទេ យើង​គ្មាន​ជំនឿ​ថា នឹង​បាន​យុត្តិធម៌»

មិនមែន​មានតែ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​នោះ​ទេ សូម្បីតែ​សកម្មជន​របស់​បក្ស​ប្រឆាំង និង​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធំៗ​មួយ​ចំនួន ក៏​រង​ការ​លួច​អ៊ីម៉ែល​ដែរ។ តែ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​នៅ​មិនទាន់ មាន​ព័ត៌មាន​ថា អ៊ីមែល​របស់​ពួកគេ​ត្រូវ​បាន​គេ​លុកលុយ​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថា ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​មន្ត្រី​ធំៗ​ណា​រង​ការ​លួច​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​នោះ​ទេ។ តែ​លោ​កថា ​ក្នុង​សម័យ​បច្ចេកវិទ្យា ការ​បែក​ធ្លាយ​ហ្វេសប៊ុក​ឯកជន ឬ​របស់​អង្គភាព​ណាមួយ​នោះ​ជា​រឿង​ធម្មតា៖ «អា​រឿង​ហេគ​ចូល ឬ​មួយ​ក៏​រឿង​បែក​ធ្លាយ​ហ្វេសប៊ុក របស់​ឯកជន ឬ​មួយ​ក៏​របស់​អង្គភាព​ណា​នោះ យើង​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ព្រោះ​វា​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នោះ»

ទោះជា​យ៉ាង​នេះ​ក៏ដោយ ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា នៅ​ពេល​ដែល​មាន​ការ​​លួច​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​ណាមួយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​តែង​ពឹង​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ណា​ម្នាក់ទៀត​ជួយ​បង្ហោះ​ដើម្បី​ប្រាប់​អ្នកគាំទ្រ និង​ដើម្បី​ជា​ការ​ជូនដំណឹង​ទៅ​សមត្ថកិច្ច។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ក្រសួង​មិនបាន​ទទួល​ពាក្យបណ្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក ខៀវ សុភ័គ ហៅ​ការ​លួច​អ៊ីម៉ែល ឬ​ហ្វេសបុក​នេះ ថា​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​លោក​លើកទឹកចិត្ត​ឲ្យ​ភាគី​ជនរងគ្រោះ​សហការ​ដោយ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួង។ លោ​កថា ​អ្នក​ដែល​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មិនមែន​តែ​ខាង​គណបក្សប្រឆាំង​ទេ តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​កម្ពុជា​ ក៏​រងគ្រោះ ហើយ​ពិភពលោក​ទាំងមូល​ក៏​រងគ្រោះ​ដែរ៖ «ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ឬ​ហៅ​ថា Cribber crimeនោះ​ណា Cribber crime គឺ​ថា​មិន​ចំពោះ​នរណា​ទេ Cribber crime គឺ​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ ដែល​សមត្ថកិច្ច​ទាំង​អស់​លើ​​សកលលោក​ហ្នឹង​ក៏​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដែរ សូម្បី​តែ​អាមេរិក ខ្លួន​គាត់​អ្នក​ដែល​បច្ចេកទេស​ទំនើប​ផង ក៏​គាត់​ត្រូវ​គេ​ហេគ​យក​ទាំង​អស់​ហ្នឹង»

កន្លងទៅ នៅ​ពេល​គេហទំព័រ​ធំៗ​របស់​រាជរដ្ឋាភិបាល​រង​ការ​លុកលុយ ទោះ​ហេកគ័រ​មាន​សមត្ថភាព​យ៉ាង​ណា​ក្តី ពួកគេ​ភាគច្រើន​គេច​មិន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ឡើយ។

អ្នក​ជំនាញ​បច្ចេកវិទ្យា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ពន្យល់​ថា ការ​លួច​អ៊ីម៉ែល ហើយ​ឈាន​ដល់​ការ​លួច​ហ្វេ​សប៊ុក ព្រមទាំង​ផេក​ហ្វេសប៊ុក ដំបូង​ឡើយ​ហេកគ័រ​អាច​លួច​តាមរយៈ​លេខ​ទូរស័ព្ទ ដែល​អ្នក​ប្រើ​អ៊ី​ម៉ែ​ល បាន​ដាក់​ពេល​បង្កើត​អ៊ី​ម៉ែ​ល ដើម្បី​ស្រោចស្រង់​អ៊ីម៉ែល​មកវិញ ពេល​ដែល​ភ្លេច​លេខ​កូដ​សម្ងាត់ ឬ​ពេល​បាត់បង់​អ៊ីម៉ែល។ នេះ​ជា​មូលហេតុ​មួយ​ដែល​ហេកគ័រ​ងាយ​ក្នុង​ការ​លួច​យក​អ៊ីម៉ែល ដើម្បី​បន្ត​យក​អ៊ីម៉ែល ទៅ​លួច​យក​ហ្វេសប៊ុក​បន្ត​ទៀត។ ករណី​នេះ កើតឡើង​គឺ Hacker បាន​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុក ឬ​អ៊ី​ម៉ែ​ល​ថា បាន​បាត់ ឬ​ភ្លេច​លេខ​កូដ ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្ញើ​លេខ​សម្ងាត់​តាម​លេខ​ទូរស័ព្ទ​ដែល​បង្កើត​មកវិញ តែ​លេខ​ទូរស័ព្ទ​នោះ ត្រូវ​បាន​ហេកគ័រ លួច​គ្រប់គ្រង។ អ្នក​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ អ្នក​ជំនាញ​ប្រាប់​ថា មានតែ​ក្រុមហ៊ុន​ទូរស័ព្ទ និង​អ្នក​ដែល​មាន​សមត្ថកិច្ច​គ្រប់​គ្រង​លេខ​ទូរស័ព្ទ​តែប៉ុណ្ណោះ។

ការ​លួច​ចូល​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​នេះ អ្នក​ជំនាញ​រក​ឃើញ​ថា នៅ​កម្ពុជា ​បច្ចុប្បន្ន​មាន​ក្រុម​មនុស្ស​ពីរ​ប្រភេទ​ហើយ​ដែល​រងគ្រោះ គឺ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។ អ្នក​ជំនាញ​ព្យាករ​ថា មេធាវី អ្នក​ក្រុម​អ្នកសារព័ត៌មាន ក៏​ជា​មុខសញ្ញា​នៃ​ការ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែរ។

អ្នក​ជំនាញ​ផ្ដល់​យោបល់​ថា អ្នកប្រើប្រាស់​គួរ​កុំ​បង្កើត​អ៊ីម៉ែល ឬ​ហ្វេសប៊ុក ហើយ​ដាក់​លេខ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្រោចស្រង់​ទិន្នន័យ​នៅ​ពេល​បាត់​លេខ​កូដ​សម្ងាត់។ អ្នក​ជំនាញ​ថា ដើម្បី​ការពារ​អ៊ីម៉ែល គេ​គួរ​ប្រើ​ប្រាស់​ប្រព័ន្ធ​លេខ​សម្ងាត់​ពីរ​ជាន់។

មាត្រា​៤២៧ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ចែងថា អំពើ​ចូល​ទៅ​ដល់ ឬ​ស្ថិតនៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ស្វ័យប្រវត្តិ​នៃ​ទិន្នន័យ​ដោយ​ទុច្ចរិត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ខែ ទៅ​ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ទៅ​ពីរ​លាន​រៀល។ ប៉ុន្តែ​បើ​អំពើ​នោះ​ជាហេតុ បណ្ដាល​ឲ្យ​មានការ​លុបបំបាត់ ឬ​កែប្រែ​ទិន្នន័យ​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ ត្រូវ​ផ្ដន្ទាទោស​ ១​ឆ្នាំ ទៅ ​២​ឆ្នាំ និង​ពិន័យ​ពី ពីរ​លាន​រៀល ទៅ​បួន​លាន​រៀល៕





No comments:

Post a Comment