Paris Peace Accords 23 Oct. 1991

Monday, April 24, 2017

បក្ស​ប្រឆាំង​ ថា, ​ការ​ចាកចេញ ​របស់ ​សកម្មជន​ នៅ​មូលដ្ឋាន ​មិន​ ប៉ះពាល់​ សំឡេង​គាំទ្រ | Opposition party says departure of local activists will not affect support

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។

បក្ស​ប្រឆាំង​ ថា, ​ការ​ចាកចេញ ​របស់ ​សកម្មជន​ នៅ​មូលដ្ឋាន ​មិន​ ប៉ះពាល់​ សំឡេង​គាំទ្រ

RFA / វិទ្យុ អាស៊ី សេរី | ២៣ មេសា ២០១៧

 

មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ ប្រឆាំង និង​អ្នក​វិភាគ ថា​, ការ​ចាកចេញ​ របស់ ​ក្រុម ​សកម្មជន និង​ជំទប់​ឃុំ​ បក្ស​ប្រឆាំង ទៅ​ចូលរួម​ ជាមួយ​ គណបក្ស​ កាន់​អំណាច​ នៅ​មូលដ្ឋាន នឹង​មិន ​ធ្វើ​ឲ្យ​ ប៉ះពាល់​ ដល់​លទ្ធផល​ ការ​បោះឆ្នោត​ ជ្រើសរើស ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ​នោះ​ទេ។  ប៉ុន្តែ ​គណបក្ស​ កាន់​អំណាច និង​សង្គម​ស៊ីវិល ​ដែល​ធ្វើ​ការ​ ផ្នែក​បោះឆ្នោត​ យល់​ថា នឹង​មាន ​ផល​ប៉ះពាល់ ​ខ្លះ​ដែរ។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា កាន់​តែ​ខិត​ជិត​មក​ដល់ ព័ត៌មាន​នៃ​ការ​ចាកចេញ​របស់​សកម្មជន ឬ​ជំទប់​ឃុំ​បក្ស​ប្រឆាំង ទៅ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន កើត​មាន​ជា​ហូរហែ។ តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា នេះ​ជា​ការ​បំផ្លើស​ព័ត៌មាន។

មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ថា, សកម្មជន ​ដែល​ចាកចេញ គឺ​ ជា​សកម្មជន​ ដដែលៗ, ហើយ​ នេះ​ គ្រាន់​តែ​ ជា​យុទ្ធសាស្ត្រ​ នយោបាយ ​តែ​ប៉ុណ្ណោះ។  លោក ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ទេ ហើយ​ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ​នោះ​ទេ៖ «មិន ​ប៉ះពាល់​ អី​ទេ... គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ ​ឈ្នះ​ឆ្នោត ​គគ្រឹកគគ្រេង ​ដដែល។ ខ្ញុំ​ យល់​ឃើញ​ ថា អា​ហ្នឹង​ វា​ ជា​យុទ្ធសាស្ត្រ​ នយោបាយ ​ដដែលៗ»



ជាទូទៅ​ឲ្យ​តែ​ការ​បោះឆ្នោត​ជិត​មក​ដល់ សកម្មជន​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន តែងតែ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រោយ​ចាកចេញ​ពី​គណបក្ស​ប្រឆាំង​ហើយ សកម្មជន ឬ​មន្ត្រី​ជាន់​ខ្ពស់​ទាំងនោះ អះអាង​ស្រដៀង​គ្នា​ថា ដោយសារ​បក្ស​ប្រឆាំង​បក្ខពួក​និយម គ្រួសារ​និយម ស៊ី​សំណូក ឬ​បក្ស​ប្រឆាំង​គ្មាន​បាន​អភិវឌ្ឍ​អ្វី ជាដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង នឹង​ជួយ​ឲ្យ​បក្ស​កាន់​អំណាច​កើន​សំឡេង​ឆ្នោត​តាម​ឃុំ-សង្កាត់៖ «ខ្ញុំ​យល់​ថា អា​ហ្នឹង​វា​បង្កើន​នូវ​បរិមាណ​របស់​គណបក្ស​ដែល​ចូល ក៏ប៉ុន្ដែ​គណបក្ស​ប្រជាជន ដឹង​ស្រាប់​ហើយ ថា​សមាជិក​ជាង ៥​លាន​នាក់ បើ​គ្រាន់​តែ​យក​សមាជិក​ចាស់​ដែល​មាន​ស្រាប់​ជាង ៥​លាន​នាក់ មក​បោះឆ្នោត​ហ្នឹង វា​ដឹង​តែ​ឈ្នះ ហៅ​ថា​ស្វ័យ​ប្រវត្តិ​ហើយ មិន​បាច់​ខំ​ទេ»


គណបក្ស​ដែល​បាន​ដាក់​បេក្ខភាព​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​នេះ តែងតែ​អួតអាង​ថា នឹង​ឈ្នះ​ឆ្នោត ហើយ​គ្រប់គ្រង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ច្រើន​លើសលប់​រៀងៗ​ខ្លួន។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ឈ្នះ​ឆ្នោត​ឃុំ-សង្កាត់។ ឯ​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង ប្រាប់​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​ដូច​លោក សម រង្ស៊ី ដែរ។ តែ​លោក​នាយក​រដ្ឋមន្ត្រី ព្រមាន​នឹង​មាន​សង្គ្រាម បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ថា​ការ​រត់​ចេញ​របស់​សកម្មជន​នេះ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ លោក​យល់​ថា បើ​បក្ស​ប្រឆាំង​គ្មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ទេ បក្ស​ប្រឆាំង​អាច​បាត់បង់​ប្រជាប្រិយភាព​ខ្លះ​នៅ​តាម​មូលដ្ឋាន៖ «វា​ជះ​ឥទ្ធិពល​ដែរ កាលណា​គណបក្ស​មួយ​ដែល​មាន​សកម្មជន ឬ​មួយ​ក៏​បេក្ខជន គាត់​លាឈប់​ពី​គណបក្ស​ហ្នឹង មាន​ន័យ​ថា​គាត់​អត់​ពេញ​ចិត្ត​រឿង​អី​មួយ​ហើយ បាន​គាត់​លាឈប់​ហ្នឹង​ណា... អា​ហ្នឹង​វា​ជះ​ឥទ្ធិពល​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ...»


ទោះ​ជា​បែប​នេះ​ក្ដី លោក ម៉ៅ មុនីវណ្ណ អះអាង​ថា លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់ វា​អាស្រ័យ​លើ​ពលរដ្ឋ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា កន្លង​ទៅ សកម្មភាព​បែប​នេះ​កើត​ឡើង​ច្រើន​ហើយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​អាច​ឈ្នះ​ឆ្នោត​នៅ​មូលដ្ឋាន​បាន។
អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា មើល​ឃើញ​ថា ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង មិន​មែន​ជា​រឿង​ចម្លែក​ទេ។ លោក​ថា គ្រាន់​តែ​ការ​ចាកចេញ​របស់​សកម្មជន​បក្ស​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​គាំទ្រ​បក្ស​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ លោក​យល់​ថា គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ដោយ​ភ្ជាប់​ឧទាហរណ៍​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​កាលណោះ សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៖ «យើង​អាច​ធ្វើ​ការ​វាយ​តម្លៃ​បាន​ថា ទី​១ គឺ​ចរន្ត​របស់​ពលរដ្ឋ​គាត់​ចង់​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ ដោយសារ​តែ​គាត់​មាន​ការ​អាក់អន់​ចិត្ត​ជាដើម​ជាមួយ​គណបក្ស​ប្រឆាំង​នោះ។ ទី​២ អាច​ជា​សេណារីយ៉ូ ឬ​អាច​ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច ដើម្បី​បង្ហាញ​ពី​រូបភាព​នយោបាយ​ទៅ​សាធារណមតិ​ថា បក្ស​ប្រឆាំង​អស់​ការ​គាំទ្រ​ជាដើម»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ដែល​បាន​ដាក់​បេក្ខភាព​មេ​ឃុំ​ទូទាំង​ប្រទេស បាន​បង្កើន​ការ​ចុះ​មូលដ្ឋាន​ចាប់​តាំង​ពី​មុន​យុទ្ធនាការ​ឃោសនា​ទៅ​ទៀត៕

No comments:

Post a Comment