អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥។ RFA |
អ្នកវិភាគ យល់ខុសគ្នា ចំពោះ សារ ឆ្លងឆ្លើយ រវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី
RFA / វិទ្យុ អាស៊ី សេរី | ៧ ឧសភា ២០១៧
ក្រុម អ្នកតាមដាន ស្ថានការណ៍ នយោបាយ ខ្លះ យល់ឃើញ ថា , សារ ឆ្លងឆ្លើយគ្នា រវាង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីត ប្រធាន បក្សប្រឆាំង លោក សម រង្ស៊ី គ្រាន់តែ ជារឿង ធម្មតា ប៉ុណ្ណោះ។ ប៉ុន្តែ អ្នកតាមដាន ស្ថានការណ៍ នយោបាយ ខ្លះទៀត យល់ថា អាច ជាសារមួយ ធ្វើឲ្យ អ្នកនយោបាយ ឈានទៅរក ដំណាក់កាល ចរចាគ្នា ដើម្បី ផ្សះផ្សា ជាតិ។ ការយល់ឃើញនេះ បន្ទាប់ ពីលោក ហ៊ុន សែន ថ្លែងអំណរគុណ ដល់លោក សម រង្ស៊ី ក្រោយ ពីអតីត ប្រធាន បក្សប្រឆាំង ជូនពរ ឲ្យលោក ឆាប់ជាសះស្បើយ ពីជំងឺ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាមដាននយោបាយបញ្ជាក់ដូចគ្នាថា សព្វថ្ងៃ ពលរដ្ឋពិតជាឆ្អែតឆ្អន់នៅពេលឃើញអ្នកនយោបាយមិនព្រមបញ្ចប់ជម្លោះឲ្យបានចប់សព្វគ្រប់ និងមិននាំគ្នាមកដោះស្រាយបញ្ហាប្រទេសជាតិឡើងវិញ។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលត្រឡប់មកដល់កម្ពុជា វិញនៅថ្ងៃទី៧ ឧសភា នេះ បន្ទាប់ពីទៅសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី (Singapore) កាលពីថ្ងៃទី៣ ឧសភា។ ប៉ុន្តែនៅថ្ងៃទី៦ ឧសភា លោក ហ៊ុន សែន បានផ្ញើសារអរគុណយ៉ាងជ្រាលជ្រៅតាមរយៈសារក្នុងហ្វេសប៊ុក (Facebook) ទៅកាន់លោក សម រង្ស៊ី ដែលបានផ្ញើសារជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺ តាមរយៈបណ្ដាញសង្គមធ្វីតធើ (Twitter) នៅថ្ងៃទី៥ ឧសភា។
សម្រាប់អ្នកវិភាគនយោបាយ លោក សូ ចន្ថា បញ្ជាក់ថា លោកមិនភ្ញាក់ផ្អើលចំពោះសារឆ្លើយឆ្លងនេះទេ ព្រោះគ្រាន់តែជាសីលធម៌របស់ពលរដ្ឋខ្មែរគ្រប់រូប ដែលតែងជូនពរគ្នាបែបនេះនៅពេលដឹងថា បុគ្គលណាម្នាក់មានជំងឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ៖ «ក្នុងនាមជាខ្មែរដូចគ្នា ហើយលោក សម រង្ស៊ី ធ្លាប់ជាអតីតមេបក្សប្រឆាំង និងលោក ហ៊ុន សែន ជាមេដឹកនាំនៅកម្ពុជា អ៊ីចឹងរឿងជូនពរគ្នាជារឿងធម្មតា មិនមានអ្វីប្លែកទេ។»
លោក សូ ចន្ថា ក៏គិតឃើញថា សារបែបនេះគឺបង្ហាញអំពីអ្នកនយោបាយខ្មែរមិនទាន់ដល់ដំណាក់កាលឈប់និយាយរកគ្នា និងចាត់ទុកគ្នាជាសត្រូវឡើយ។
គិតមកដល់ពេលនេះ អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ដែលរដ្ឋាភិបាលនិរទេសខ្លួនមិនឲ្យចូលស្រុកវិញ នៅជាប់ពាក្យបណ្ដឹងចំនួន ៧ករណី ដែលសុទ្ធសឹងតែជាបទបរិហារកេរ្តិ៍ ហើយភាគច្រើន គឺប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានរហូតចំនួន ៣បណ្ដឹង។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏នៅជាប់បណ្ដឹងដែលប្ដឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស និងលោក ហេង សំរិន ប្រធានរដ្ឋសភាដែរ។
កន្លងទៅ លោក សម រង្ស៊ី តែងចាត់ទុកបណ្ដឹងទាំងនេះថាជារឿងនយោបាយប៉ុណ្ណោះ ថ្វីត្បិតត្រូវបានទាត់ចោលពីមន្ត្រីរដ្ឋាភិបាលជារឿយៗ ថាជាការអនុវត្តច្បាប់ក្ដី។
ដោយឡែកសម្រាប់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល បញ្ជាក់ថា លោកមិនទាន់ឃើញមានអ្នកនយោបាយណាមួយចាប់ផ្ដើមប្រើប្រាស់សារនយោបាយដែលអាចនិយាយត្រូវរ៉ូវគ្នានៅឡើយទេ ក្រៅតែពីសារនយោបាយវាយប្រហារគ្នា ដែលបង្កឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយនៅកម្ពុជា។ ផ្ទុយទៅវិញ លោក ចាន់ វិបុល យល់ឃើញថា សារឆ្លើយឆ្លងលក្ខណៈបុគ្គលរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី គឺជាមនោសញ្ចេតនាដ៏ល្អមួយ ប៉ុន្តែលោកថា អ្វីដែលគេចង់ឃើញ គឺជាសារឆ្លើយឆ្លងគ្នាដើម្បីរួមចំណែក ដើម្បីធានាទៅដល់ការបោះឆ្នោតនាពេលខាងមុខ៖ «បើទោះបីជាលោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ មែន ប៉ុន្តែសំឡេងរបស់គាត់នៅតែមានឥទ្ធិពលនៅលើឆាកនយោបាយនៅកម្ពុជា ជាពិសេសនៅក្នុងគណបក្សសង្គ្រោះជាតិ តែម្ដង។»
លោក ចាន់ វិបុល បញ្ជាក់ថា លោកក៏មិនអាចវិភាគអំពីការវិវឌ្ឍន៍ដំណើរការនយោបាយនាពេលខាងមុខបានដែរ ព្រោះបច្ចុប្បន្ន អ្នកនយោបាយនៅកម្ពុជា នៅតែគិតផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងការគិតផលប្រយោជន៍ និងសុខទុក្ខរបស់ពលរដ្ឋ។ បណ្ឌិតវិទ្យាសាស្ត្រនយោបាយដដែលបន្តថា កន្លងទៅ ការប្រែប្រួលរឿងនយោបាយតែងតែកើតមានដោយគ្មាននរណាស្មានដល់ឡើយ ប៉ុន្តែទិដ្ឋភាពបច្ចុប្បន្ន ការដែលអាចវិលត្រឡប់របស់លោក សម រង្ស៊ី មកធ្វើជាអ្នកនយោបាយ ឬធ្វើជាប្រធានបក្សប្រឆាំងឡើងវិញ ឲ្យបានមុនការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គឺជារឿងដ៏ពិបាកមួយ ព្រោះការកើនឡើងអ្នកគាំទ្របក្សប្រឆាំង បានធ្វើឲ្យមានការរឹតបន្តឹង និងការដាក់សម្ពាធផ្នែកនយោបាយកាន់តែខ្លាំងដែរ។
ថ្វីត្បិតតែយ៉ាងនេះក្ដី អ្នកតាមដាននយោបាយម្នាក់ទៀត លោកបណ្ឌិត មាស នី សង្កេតឃើញថា ភាពតានតឹងនយោបាយកន្លងទៅកើតឡើងដោយសារអត្តចរិតផ្ទាល់ខ្លួនរបស់អ្នកនយោបាយ។ លោកយល់ថា ប្រសិនបើអ្នកនយោបាយនៅមានស្មារតីយោគយល់គ្នា និងចេះផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបែបនេះ បញ្ហានយោបាយសេសសល់ នឹងអាចដោះស្រាយបាន៖ «បរាជ័យដ៏ធំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ ការមិនអាចនាំមកនូវឯកភាពជាតិ បើទោះបីជារដ្ឋាភិបាលអះអាងថា មានសន្តិភាពក៏ដោយ តែបើយើងមើលអំពីគណបក្សនយោបាយ បើមាន ១០ ឈ្លោះគ្នាទាំង ១០ មិនត្រឹមតែមិនត្រូវគ្នាទេ ថែមទាំងជេរតិះដៀលគ្នាលក្ខណៈឯកជនទៀត។»
លោកបណ្ឌិត មាស នី មិនហ៊ានផ្ដល់យោបល់ ឬទស្សន៍ទាយទុកមុនច្រើនឡើយ ប៉ុន្តែលោកនឹងតាមដានមើល ក្រែងមានការវិវឌ្ឍន៍នយោបាយនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត។
គេនៅចាំបានថា ក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ មក គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមវាយប្រហារគ្នាយ៉ាងខ្លាំង និងក្រោយមក ស្រាប់ល្អូកល្អិននឹងគ្នាមួយភ្លែត ប៉ុន្តែបន្ទាប់មក ក្រោយមានការចាប់ឃុំខ្លួនមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនរូប និងមន្ត្រីអង្គការការពារសិទ្ធិមនុស្ស បានរុញឲ្យស្ថានការណ៍នយោបាយរវាងគណបក្សទាំងពីរល្អក់កករនឹងគ្នាមកដល់សព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយបញ្ជាក់ថា បច្ចុប្បន្ន អ្វីដែលអ្នកនយោបាយត្រូវគិត និងត្រូវធ្វើ គឺធ្វើឲ្យការបោះឆ្នោតខាងមុខនេះធ្វើឡើងដើម្បីធានាដល់សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តនៅកម្ពុជា៕
No comments:
Post a Comment