![]() |
| (ពីឆ្វេងជួរមុខ) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុប្រធាន អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ចូលរួមក្នុងពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។ RFA/Cheu Sideth |
គណបក្ស ប្រឆាំង នឹងជ្រើសរើស អនុប្រធាន បក្ស បន្ទាប់ ពីលោក កឹម សុខា ត្រឡប់ មកវិញ
RFA |
ក្រសួង មហាផ្ទៃ បានទទួលស្គាល់ លក្ខន្តិកៈ ថ្មី របស់ គណបក្ស សង្គ្រោះជាតិ ដែលបានយក ទៅតម្កល់ កាលពីថ្ងៃ ទី២៦ ខែមេសា នោះហើយ។ មន្ត្រី ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ លើកឡើង ថា, គណបក្ស ប្រឆាំង អាចដំណើរការ រៀបចំ សមាសភាព ដឹកនាំ គណបក្សបាន, ប៉ុន្តែ ត្រូវតែ ធ្វើឡើង ឲ្យស្រប តាមច្បាប់ និងលក្ខន្តិកៈ ដែលបានតម្កល់ នៅក្រសួង មហាផ្ទៃ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងភ្លាមៗ ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មី នៅថ្ងៃទី៣ ខែឧសភា ថា គណបក្សប្រឆាំងនឹងរៀបចំសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សក្នុងពេលឆាប់ៗខាងមុខ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គណៈកម្មការនាយកគណបក្សនឹងជ្រើសរើសអនុប្រធាននៅក្រោយថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញ។ លោកបញ្ជាក់ថា គណបក្សនឹងដាក់បេក្ខភាពអនុប្រធានបក្សនេះជាបេក្ខភាពចាស់ដដែល។
ក្រសួងមហាផ្ទៃ បានទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្ស កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែមិនទទួលស្គាល់អនុប្រធាន ៣រូបទៀតទេ រួមមានលោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និងអ្នកស្រី មូរ សុខហួរ ដោយក្រសួងបញ្ជាក់ពីមូលហេតុថា ការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ ធ្វើឡើងខុសលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១២។ ការជ្រើសរើសសមាសភាពដឹកនាំថ្មីនេះ នៅក្រោយពេលលោក សម រង្ស៊ី ដែលជាប់បណ្ដឹងរាប់មិនអស់នៅតុលាការបានលាលែងពីប្រធានគណបក្ស។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតជូនដំណឹងទៅគណបក្សសង្គ្រោះជាតិវិញ នៅថ្ងៃទី៣ ខែឧសភា ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលសំណើសុំតម្កល់លក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ដែលធ្វើសមាជវិសាមញ្ញគណបក្ស ធ្វើវិសោធនកម្មលើប្រការ ៤៧ (ថ្មី) ទៅប្រការ ៤៧ (ថ្មីមួយ) និងបានអនុម័តកែតម្រូវលេខរៀងជំពូកទី១០ ទៅជាជំពូកទី៩ វិញ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦
នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ក្រសួងមហាផ្ទៃ បានទទួលស្គាល់លក្ខន្តិកៈថ្មីដែលមាន ៩ជំពូក និង ៥៨ប្រការ របស់គណបក្សសង្គ្រោះជាតិ នៅក្រោយពេលគណបក្សនេះ បានយកទៅតម្កល់កាលពីថ្ងៃទី២៦ ខែមេសា ក្រោយពីបានធ្វើវិសោធនកម្មប្រការ ៤៧ (ថ្មី) ទៅប្រការ ៤៧ (ថ្មីមួយ) ដោយសម្រេចលុបចេញរយៈពេលនៃការជ្រើសរើសអនុប្រធានបក្សនៅក្នុងអង្គសមាជវិសាមញ្ញកាលពីថ្ងៃទី២៥ ខែមេសា។
ប្រធានអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ជារឿងល្អដែលក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា គណបក្សប្រឆាំងត្រូវតែរួសរាន់រៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សនេះឲ្យបានឆាប់ៗ ព្រោះពេលវេលារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតមកដល់ហើយ៕


No comments:
Post a Comment