Paris Peace Accords 23 Oct. 1991

Wednesday, May 24, 2017

[Demographic Vietnamization: Border, Svay Rieng] ពលរដ្ឋ​ មាន​ជម្លោះ ​ដីធ្លី​ នៅ​រមាសហែក​ នាំ​គ្នា​ ទប់ស្កាត់​ គ្រឿងចក្រ​ ក្រុមហ៊ុន ​ឈូស​ឆាយ​ដី | Villagers in land conflict in Romeas Hak gather to block tractors of company from excavating land

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) នៅ​ស្រុក​រមាសហែក  ខេត្ត​ស្វាយរៀង នាំ​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បន្ត​ឈូស​ឆាយ​នៅ​លើ​ដី​កំពុង​មាន​ជម្លោះ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នាំ​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បន្ត​ឈូស​ឆាយ​នៅ​លើ​ដី​កំពុង​មាន​ជម្លោះ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided

ពលរដ្ឋ​ មាន​ជម្លោះ ​ដីធ្លី​ នៅ​រមាសហែក​ នាំ​គ្នា​ ទប់ស្កាត់​ គ្រឿងចក្រ​ ក្រុមហ៊ុន ​ឈូស​ឆាយ​ដី

RFA / វិទ្យុ អាស៊ី សេរី | ២៤ ឧសភា ២០១៧


ប្រជាពលរដ្ឋ​ មាន​ជម្លោះ ​ដីធ្លី​ នៅ​ស្រុក ​រមាសហែក ខេត្ត​ ស្វាយរៀង នាំ​គ្នា ​ទៅ​ទប់ស្កាត់​ គ្រឿងចក្រ ​របស់ ​ក្រុមហ៊ុន​ ដែល​បន្ត​ ឈូស​ឆាយ​ នៅ​លើ​ដី​ កំពុង​ មាន​ជម្លោះ នៅព្រឹក ​ថ្ងៃ​​ ទី​២៤ ខែ​ឧសភា។  សកម្មភាព​ របស់​ ពលរដ្ឋ​នេះ ត្រូវ​ បាន​កម្លាំង ​ប្រដាប់​អាវុធ​ ជា​ច្រើន​នាក់ ​ចូល​ទៅ​ រារាំង។  រី​ឯ​ អភិបាល​ស្រុក ​រមាសហែក សន្យា​ថា អាជ្ញាធរ​ខេត្ត​ នឹង​ចុះ​ ដោះស្រាយ ​ទំនាស់ ​ដីធ្លី​នេះ​ នៅ​ក្រោយ​ ការ​បោះឆ្នោត​ ឃុំ-​សង្កាត់។


ទំនាស់​ដីធ្លី​ រវាង ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ អំពិល និង​នៅ​ឃុំ​ គគីរ ប្រមាណ ៤៤០​ គ្រួសារ ក្នុង​ស្រុក​ រមាសហែក ខេត្ត​ ស្វាយរៀង ជាមួយ​ ក្រុមហ៊ុន អិនខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​ វិនិយោគ ​ដាំ​អំពៅ​ លើ​ដី​ របស់​រដ្ឋ​ ទំហំ ​ប្រមាណ ​ជិត ៧០០​ ហិកតារ បាន​ចាប់​ផ្ដើម​ កក្រើក ​ខ្លាំង​ឡើង​វិញ​ រយៈពេល ​ប៉ុន្មាន​ថ្ងៃ​ ចុង​ក្រោយ​នេះ ខណៈ​ ពុំ​មាន​ ដំណោះស្រាយ ​ពី​អាជ្ញាធរ, ហើយ ​ខាង​ក្រុមហ៊ុន​ នៅ​តែ​ ប្រើ​គ្រឿងចក្រ ​ចូល​ឈូស​ឆាយ ​ដី​ ជម្លោះ​ នោះ។


តំណាង​ប្រជាពលរដ្ឋ គឺ​លោកស្រី ខៀវ សារ៉ុន រៀបរាប់​ថា ពួកគាត់​ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា បាន​លើក​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​លើ​ដី​ទំនាស់​នោះ ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ឡើយ ទោះ​បី​ជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ បាន​ឈរ​ជើង​ការពារ​ក្រុមហ៊ុន ព្រម​ទាំង​ប្រមាថ គំរាម​កំហែង​មក​លើ​ពួកគាត់​ក្តី។

លោកស្រី​បន្ត​ថា ពលរដ្ឋ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​សិន ដើម្បី​ជជែក​ដោះស្រាយ​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​ថា ពលរដ្ឋ​មាន​ជំហរ​ចង់​បាន​ដី​នោះ​យក​មក​កាន់កាប់​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត ព្រោះ​បច្ចុប្បន្ន​នេះ ជីវភាព​ពួកគាត់​កាន់​តែ​ធ្លាក់​ដុនដាប ហើយ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស៖ «ទោះ​បី​ជា​បក្ស​ណា​ជាប់​ឆ្នោត​ក៏ដោយ ក៏​ពួក​ខ្ញុំ​នៅ​តែ​តវ៉ា​ដី​នេះ​ដែរ ព្រោះ​បើ​ពួក​ខ្ញុំ​អត់​ដី​នេះ ពួក​ខ្ញុំ​ងាប់​អស់​ហើយ មិន​ដឹង​ទៅ​រក​ស៊ី​អី​ណា​បាន​ទេ។ ខ្ញុំ​ធ្លាប់​រស់​នៅ​លើ​ដី​នេះ​មួយ​ជីវិត​ហើយ»

អ្នក​ភូមិ​រៀបរាប់​ថា ដី​នោះ​ពួកគាត់​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤ ក្រោយ​មក​អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ក្ស័យធន​បាត់​ខ្លួន​មួយ​រយៈ ហើយ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​​នោះ​ឡើង​វិញ។

អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា មាន​ប្រសាសន៍​ថា លោក​បាន​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ហើយ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ លោក​សន្យា​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​នឹង​ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់៖ «ខ្ញុំ​ជម្រាប​ជូន​ថា ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់​នេះ ខាង​ខេត្ត​នេះ​គេ​ទៅ​ដោះស្រាយ​ហើយ។ ខេត្ត​គេ​មាន​គោលការណ៍​អី​យ៉ាង​ម៉េចៗ ខ្ញុំ​បាន​រាយការណ៍​​មក​ខេត្ត​អស់​ហើយ»

​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង​នេះ​ប្រមាណ ៤០០​នាក់ ក៏​បាន​លើក​គ្នា​ទៅ​ដល់​សាលា​ឃុំ​អំពិល ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ជួប​ពិភាក្សា​ជាមួយ​មេ​ឃុំ​ឈ្មោះ​លោក អឹម សារី ដែរ ប៉ុន្តែ​មេ​ឃុំ​រូប​នេះ បាន​យក​លេស​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ពួកគាត់​ឡើយ។

​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ឡើយ បើ​ទោះ​បី​មាន​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​រួម​មាន​រដ្ឋ​សភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម​ក៏ដោយ ពោល​គឺ​អាជ្ញាធរ​ថ្នាក់ក្រោម​បាន​ត្រឹមតែ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​គួរ​អោយ​សោកស្ដាយ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរ​តែ​សិក្សា​ហើយ​ឈ​នៅ​លើ​ភាព​ជាក់ស្ដែង​នៃ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដីធ្លី ហើយ​នឹង​ធ្វើ​ការ​យ៉ាង​ណា​ផ្តល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប​នឹង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ថា អ្វី​ដែល​ពួកគាត់​ស្នើ​សុំ​ក៏​ដូចជា​ទាមទារ​កន្លង​មក​នេះ ដោយសារ​តែ​ពួកគាត់​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ កាន់កាប់​តាំង​ពី​មុន​ច្បាប់​ភូមិបាល​ចេញ​ទៀត»

ផ្ទៃ​ដី​ជិត ៧០០​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែ​ឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នក​ភូមិ​កំពុង​ជ្រួល​ច្របល់​ជា​ថ្មី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ៕

No comments:

Post a Comment