Paris Peace Accords 23 Oct. 1991

Thursday, May 4, 2017

លោក​ ហ៊ុន សែន អះ​អាង ប្រាប់​ចិន ​ថា បក្ស​ខ្លួន​ នឹង​ជាប់​ឆ្នោត​ ទៀត | Hun Sen told China his party will win elections again

លោក ហ៊ុន សែន និង លោក យ៉ាង ឈីឈី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបមួយក្នុងរាជធានីភ្នំពេញ កាលពីចុងខែមុន។ (រូបភាព ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​ ហ៊ុន សែន អះ​អាង ប្រាប់​ចិន ​ថា បក្ស​ខ្លួន​ នឹង​ជាប់​ឆ្នោត​ ទៀត

| ៤ ឧសភា ២០១៧

លោក​ នាយក​រដ្ឋ​មន្ត្រី​ កម្ពុជា​ បាន​អះ​អាង ​ប្រាប់​ប្រទេស​ ចិន​ ថា,​  គណបក្ស​ ប្រជាជន នឹង​ជាប់​ឆ្នោត​ បន្ត​ទៀត​ ​នាពេល ​ខាងមុខ ដោយ​ថា សមា​ជិក​ បក្ស​ខ្លួន ដែលមានស្រាប់ នឹងអាច​បន្ត គាំទ្រ​​។


ក្នុងសេចក្តី​ ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ ទី​២៨ មេសា ដែល​វី​អូ​ឌី​ ទើប​ទទួលបាន, ក្រសួង​ការ​បរទេសបាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​មួយ​រវាងមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និងទី​ប្រឹក្សា​រដ្ឋ​ចិនកាលពី​ថ្ងៃ​ទី​២៧ មេសាកន្លងទៅ​ លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ប្រាប់​ប្រទេស​ចិន​ថា ​អាច​បន្ត​ដឹកនាំ​រដ្ឋ​ទៀត។ កា​រអះ​អាង​នេះ​ដោយ​​លោក​លើ​ក​ឡើង​ថា ​​ចំនួន​​សមាជិក​បក្សប្រជាជន​​សព្វថ្ងៃ​ បូក​រួម​ជា​មួយ​ក្រុម​គ្រួសារ​ពួកគេ​ទៀត​នោះ​ គឺ​អាច​បន្ត​ឲ្យ​គណបក្ស​ប្រជា​ជន​ឈ្នះ​ឆ្នោត​​។

លោក​ ថ្លែង​ថា៖ «បើ​គិតពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ចំនួន​ដែលមាន បើសិនជា​សមាជិក​​ម្នាក់​បោះឆ្នោត​បាន​មួយ​សំឡេង​ ហើយ​បូក​ជាមួយ​សំឡេង​របស់​សមា​ជិ​ក​ក្រុមគ្រួសារ​ទៀត​នោះ ​គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​»

​សម្រាប់​សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​លោក ឯម សុវណ្ណារ៉ា ទទួល​ស្គាល់​ថា​ សមា​ជិក​បក្ស​ប្រជា​ជន​​គឺមាន​ច្រើន ​ដែល​អាច​គាំ​ទ្រ​ឲ្យ​បក្ស​នេះ​ឈ្នះឆ្នោត​ក៏​ពិត​មែន តែចំនួន​ច្រើន​នេះ មួយ​ចំនួន​បាន​មក​ពី​ការ​បំភ័យ ការ​ផ្តល់​ជា​ប្រយោជន៍ ឬ​លាភ​សក្ការៈផ្សេង​ៗ​ប៉ុណ្ណោះ មិន​មែន​ចេញ​ពីទឹក​ចិត្ត​ដែល​គាំទ្រនោះ​ទេ។

លោក​ ថា៖ «ពីព្រោះ​មាន​ពល​រដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​នៅ​ខ្លាច​ នៅ​ទើស​ទាល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច ដូច្នេះ​រាល់​ការ​ឲ្យ​ចុះ​ឈ្មោះ​ជា​សមាជិកគណបក្ស​ប្រជា​ជន​អ្នក​ខ្លះ ចូលចេះ​តែ​ចូល​នៅ​ក្នុង​រូបភាព​មួយ។​​ ប៉ុន្តែ​ការ​ចូល​ពិតប្រាកដ​ទឹក​ចិត្ត​ ឬ​ការ​គាំ​ទ្រ​របស់​គាត់​ទាំង​នោះ មិន​ប្រាកដ​ថា​នៅ​ក្នុ​ងការ​គាំ​ទ្រ​បក្ស​ប្រជា​ជន​ទេ។ យើង​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ ២០១៣ យើង​ឃើញថា​អ្នក​គាំ​ទ្រ​បក្ស​ប្រជា​ជន​មាន​ច្រើន​! ជិត​៦លាននាក់ហើយ​ បើ​យើង​គិត​ថា​ ៦លាន​នាក់​ហ្នឹង ​បក្ស​ប្រជា​ជន​ត្រូវ​ទទួល​បាន វា​លើសពី​៩០​កៅ​អី​ ។ ក៏ប៉ុន្តែ​លទ្ធ​ផល ​ដែល​ឃើញ​រហូត​ចេញ​លទ្ធផល​ដូច​សព្វថ្ងៃ​នេះ លទ្ធ​ផល​ផ្លូវ​ការ​ ដែល​បាន​អះ​អាង​នេះ​គឺ​មាន​តែ​៦៨​កៅ​អី​ទេ»

លោក​ ឯម​ សុវណ្ណារ៉ា​ បន្ថែម​ថាមាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រជា​ជន​បាត់​បង់សំឡេង​គាំ​ទ្រ​ពី​អ្នក​គាំ​ទ្រ​ខ្លួន​នោះគឺ​មកពី​ការ​សន្យា​ដែល​មិន​សូវ​ទទួល​បានលទ្ធផល យន្តការ​នៃ​កា​រផ្តល់​សេវា​ដល់​មូល​ដ្ឋាន​​គឺ​មិន​បាន​ផ្តល់​ឲ្យ​បាន​ល្អប្រសើរ ខណៈដែល​អំពើរ​ពុក​រលួយ​នៅ​តែ​បន្ត​ នៅ​ក្នុងប្រទេស​នេះ ដោយ​ពិបាកក្នុង​កែ​ទម្រង់ឡើង​វិញ។

សម្រាប់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​វិញលោក ឯម សុវណ្ណារ៉ា​ វិភាគថា ប្រសិន​ជា​​បក្ស​ប្រជា​ជន​ចង់​បន្ត​ការ​ដឹក​នាំ​ទៀត​នោះ​ គឺយ៉ាង​ហោច​ណា​ស់​​ ត្រូវ​រក្សា​​សំឡេង​គាំ​ទ្រ​ពី​សមា​ជិក​ខ្លួនឲ្យ​បាន​យ៉ាង​តិច​៧០%​ នៃ​អ្នក​គាំទ្រសរុប​ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕


1 comment:

  1. Anonymous9:05 AM

    Wow, that Chinese official has a huge head. I bet he is very smart too.

    ReplyDelete