Paris Peace Accords 23 Oct. 1991

Wednesday, May 10, 2017

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ថា​ នឹង​មាន​ សង្គ្រាម​ បើ​ បក្ស​លោក​ មិន​ បាន​កាន់​ អំណាច | Hun Sen warns anew of war if his party does not hold on to power

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ថា​ នឹង​មាន​ សង្គ្រាម​ បើ​ បក្ស​លោក​ មិន​ បាន​កាន់​ អំណាច

RFA / វិទ្យុ អាស៊ី សេរី | ១០ ឧសភា ២០១៧


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន ​គណបក្ស ​ប្រជាជន​ កម្ពុជា ដែល​កំពុង​ កាន់​អំណាច សព្វថ្ងៃ ព្រមាន​ ថា, បើ​ គណបក្ស​លោក ​មិន​ បាន​កាន់​ អំណាច​ បន្ត​ទៀត​ទេ សង្គ្រាម​ នឹង​ផ្ទុះ​ឡើង ​ជា​ថ្មី​ នៅ​កម្ពុជា។  អ្នក​វិភាគ ​ព្រឹត្តិការណ៍​ នយោបាយ​ យល់​ថា, សម្ដី​ របស់​លោក ហ៊ុន សែន ជា​ការ​ គំរាម​កំហែង​ ដល់​ការ​ សម្រេច​ចិត្ត​ បោះឆ្នោត ​របស់ ​ពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត។  ប៉ុន្តែ​ បើ​ គណបក្ស​ ប្រជាជន កម្ពុជា ចាញ់​ឆ្នោត ​មែន​នោះ គឺ​ មិន​អាច​ កើត​សង្គ្រាម ​នោះ​ទេ។

ពីរ​ថ្ងៃ​ ជាប់​គ្នា​ហើយ ​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ ជា​សាធារណៈ ព្រមាន​ ជា​ថ្មី​ ទៀត​ ពី​សង្គ្រាម ​កើត​ឡើង​វិញ ប្រសិន​បើ​ បក្ស​ខ្លួន​ ចាញ់​ឆ្នោត ឬ​ពលរដ្ឋ​ មិន​ខំ ​ថែរក្សា​អ្វី​ ដែល​មាន​ នៅ​ក្នុង​ដៃ។


ស្ថិត​ក្នុង​សម្លៀកបំពាក់​យោធា ពាក់​ផ្កាយ​ប្រាំ​នៅ​លើ​ស្មា លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ហ៊ុន សែន ថា​លោក​ខំ​ប្រឹង​កសាង​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​លំបាក​មក​ឲ្យ​ប្រទេស​កម្ពុជា ដ៏​កម្សត់ ប៉ុន្តែ​បែរ​ជា​មាន​ក្រុម​មួយ​មក​សាង​គ្រោះ​ឲ្យ​ជាតិ​ទៅ​វិញ។ លោក​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា។ ការ​ថ្លែង​សារ​ព្រមាន​នេះ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​មិន​ដល់​មួយ​ខែ​ទេ​ដល់​ថ្ងៃ​បោះឆ្នោត។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ ហាក់​ខុស​គ្នា​ឆ្ងាយ​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ដែល​ទ្រង់​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្ស ដូចនេះ​សុំ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មើល​មិន​ឃើញ​ថា​គណបក្ស​ណា​មួយ​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ព្រោះ​គណបក្ស​ទាំងនោះ​គ្មាន​អំណាច គ្មាន​កង​កម្លាំង​ប្រដាប់​អាវុធ។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ប្រសិន​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះឆ្នោត

ដំណាល​គ្នា​ដែល​លោក ហ៊ុន សែន ព្រមាន​ពី​ការ​កើត​សង្គ្រាម​ឡើង​វិញ​នេះ មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ខ្លះ បាន​ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខមមិន (Comment) នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក ស្នើ​ឲ្យ​លោក​ជួយ​គិតគូរ​ដោះស្រាយ​បញ្ហា​កសិផល​របស់​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ។

ដូច​គ្នា​នេះ​ដែរ អង្គការ​វេទិកា​អនាគត រក​ឃើញ​ថា តម្រូវការ​ចាំបាច់​ចំពោះ​មុខ គឺ​ពលរដ្ឋ​ចង់​បាន​ការងារ​ធ្វើ មាន​ទីផ្សារ​លក់​ផលិតផល និង​សម្ភារ​ប្រើប្រាស់​ទាន់​សម័យ ដូចជា​ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង​ម៉ូតូ ជាដើម ជាពិសេស​មិន​ជំពាក់​បំណុល​ធនាគារ។

ទាក់ទង​ការ​ព្រមាន​កើត​សង្គ្រាម​បែប​នេះ​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា នៅ​ពេល​នេះ គ..ប មិន​យក​សម្ដី​របស់​លោក ហ៊ុន សែន មក​ស្តាប់​ដើម្បី​ពិចារណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​បោះឆ្នោត គ..ប នឹង​តាមដាន​ស្តាប់​សម្ដី​អ្នក​នយោបាយ​យក​មក​ថ្លឹងថ្លែង

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ ពី ៩០​អាសនៈ​មក​ត្រឹម ៦៨​អាសនៈ៕

1 comment:

  1. Anonymous7:39 AM

    This beast is very nervous now. The only thing he can do is to scare people. It's not going to work this time. Sadam Hun Sen will meet Sadam Hussain soon.

    ReplyDelete