Paris Peace Accords 23 Oct. 1991

Wednesday, May 10, 2017

លោក ម៉ក់ ជីតូ ថា,​ បង​ប្រុស​ នាយក​រដ្ឋមន្ត្រី ​យល់​ច្រឡំ​ លើ​លោក​ រឿង​ជម្លោះ ​ដីធ្លី | Mok Chito says PM's older brother mistaken about him in the land conflict [Peal Cee Peal]

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក ម៉ក់ ជីតូ ថា,​ បង​ប្រុស​ នាយក​រដ្ឋមន្ត្រី ​យល់​ច្រឡំ​ លើ​លោក​ រឿង​ជម្លោះ ​ដីធ្លី

RFA / វិទ្យុ អាស៊ី សេរី | ៩ ឧសភា ២០១៧



អគ្គស្នងការ ​រង​ នគរបាល​ ជាតិ ដែល​រង​ការ​ ចោទ​ថា ​បាន​ជួយ​ ជន​ល្មើស​ រំលោភ​ យក​ដី​ របស់​ បង​ប្រុស​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង ១០០​ ហិកតារ នៅ​ក្រុង ​ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ បដិសេធ​ ថា, លោក​ មិន​ បាន​ជួយ​ ជន​ណា​ម្នាក់​ ក្នុង​ការ​ យក​ដី​ លោក ហ៊ុន សាន ទេ។  លោក​ ថា នេះ​ គឺ​ ជា​ការ​ យល់​ច្រឡំ​ របស់​លោក ហ៊ុន សាន

លោក ​ឧត្តមសេនីយ៍ ឯក ម៉ក់ ជីតូ ប្រាប់​អាស៊ីសេរី ថា, លោក​ បាន​ជជែក ​ជាមួយ ​លោក ហ៊ុន សាន តាម​ទូរស័ព្ទ​ រួច​ហើយ។  លោក​ ថា, លោក ​មិន​បាន​ ដឹង​រឿង​ ដី​ជម្លោះ ​នៅ​ក្រុង​ ប៉ោយប៉ែត ទេ ព្រោះ​ លោក​ មិន​ បាន​ដឹង​ ថា , ដី​ របស់ ​បង​ប្រុស​ លោក​ នាយក​រដ្ឋមន្ត្រី​ នៅ​ទីណា​ នោះ​ទេ។  លោក ម៉ក់ ជីតូ បន្ថែម​ថា លោក​គោរព​លោក ហ៊ុន សាន ដូច​ឪពុក​លោក ហើយ​ជាង ៣០​ឆ្នាំ​មក​នេះ លោក​មិន​ដែល​ប៉ះពាល់​អ្វី​ជាមួយ​លោក ហ៊ុន សាន ឡើយ«៣០​ឆ្នាំ​ ជាង​ហើយ​ហ្នឹង មិន​ដែល​ប៉ះ​ទង្គិច​អី​គាត់។ គាត់​ចាស់​ទុំ​ព្រឹទ្ធាចារ្យ​របស់​យើង​ហើយ​ហ្នឹង ហើយ​ខ្ញុំ​ទៅ​ដណ្ដើម​អី​គាត់? បើ​ខ្ញុំ​អត់​ទៅ​ដឹង​រឿង​អី​ផង! មាន​គេ​ទៅ​ប្រាប់​គាត់​ថា ខ្ញុំ​ចឹង​ហើយ​ណា ខ្ញុំ​ជួប​គាត់​ហើយ។ ខ្ញុំ​ទូរស័ព្ទ​ជម្រាប​គាត់​ហើយ គាត់​ដឹង​ហើយ​តើ»



លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ដោយ​ចារ​បញ្ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ទាក់ទង​នឹង​ការ​ស្នើសុំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​លោក ម៉ក់ ជីតូ។
លិខិត​នោះ​បញ្ជាក់​ថា បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន សាន បាន​ស្នើ​ឲ្យ​លោក ស ខេង ណែនាំ​លោក ម៉ក់ ជីតូ ដែល​បាន​ការពារ​ជន​ល្មើស​រំលោភ​យក​ដី​លោក និង​ដី​កូន​របស់​លោក ទំហំ ១១៩​ហិកតារ ស្ថិត​នៅ​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​ហត្ថលេខា​រួច លោក​បាន​បញ្ជូន​លិខិត​នោះ​ទៅ​លោក នេត សាវឿន រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។

លិខិត​ចុះ​ថ្ងៃ​ទី​២ ឧសភា របស់​លោក ហ៊ុន សាន ដែល​បាន​ប្រើប្រាស់​ក្បាល​លិខិត​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​ប្រាប់​លោក ស ខេង ថា ទង្វើ​របស់​លោក ម៉ក់ ជីតូ ការពារ​ជន​ល្មើស​រំលោភ​យក​ដី​គ្រួសារ​លោក​ជាង ១០០​ហិកតារ ធ្វើ​ឲ្យ​បាត់បង់​ភាព​កក់ក្ដៅ ធ្លាក់​ចុះ​ប្រជាប្រិយភាព បាត់បង់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុក​ចិត្ត​ក្នុង​ជួរ​បក្ស​កាន់​អំណាច ពិសេស​គឺ​ចំពោះ​ក្រុម​គ្រួសារ​លោក​ដែល​ជា​គ្រួសារ​ថ្នាក់​ដឹកនាំ​ប្រទេស។ បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ ជំរុញ​ឲ្យ​លោក ស ខេង ថ្កោលទោស និង​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​លោក ម៉ក់ ជីតូ។

សង្គម​ស៊ីវិល​ថា ការ​ប្រើប្រាស់​លិខិត​រដ្ឋបាល​របស់​ស្ថាប័ន​រដ្ឋ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ទង្វើ​ខុស​ពី​គោលការណ៍ និង​លក្ខន្តិកៈ​មន្ត្រី​រាជការ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន វិញ លោក វ៉ាស៊ឹម សូរិយា ប្រាប់​ថា មិន​បាន​ដឹង​រឿង​លិខិត​របស់​លោក ហ៊ុន សាន ទេ ហើយ​លោក​សុំ​មិន​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​រឿង​នេះ។ លោក វ៉ាស៊ឹម សូរិយា ថា​បើ​ជា​លិខិត​របស់​ក្រសួង​សាធារណការ ត្រូវ​មាន​ចុះ​លេខ​របស់​លិខិត​ត្រឹមត្រូវ​ចេញ​ពី​ក្រសួង«កន្លែង​នេះ​សុំ​ទោស​ជា​មុន។ ខ្ញុំ​អ្នក​នាំ​ពាក្យ។ ទី​១ ខ្ញុំ​អត់​បាន​ឃើញ​លិខិត​ហ្នឹង​ទេ។ ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​លិខិត​ហ្នឹង​ទេ ព្រោះ​ហ្នឹង​ជា​រឿង​ផ្លូវ​ច្បាប់ ហើយ​ក៏​ជា​រឿង​នយោបាយ​របស់​ក្រសួង សុំ​ទោស! អា​ហ្នឹង​ជម្រាប​សួរ​គាត់​ទៅ បើ​ប្រើ​លិខិត​ក្រសួង​មាន​លេខ​របស់​ក្រសួង។ ខ្ញុំ​អត់​ទាន់​ឃើញ​អត់​ឆ្លើយ​បាន​ទេ»


ថ្លែង​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​លោក ស ខេង លោក ហ៊ុន សាន ថា​លោក ម៉ក់ ជីតូ តែងតែ​ប្រើ​អំណាច​គាប​សង្កត់​ជិះ​ជាន់​អ្នក​ស្លូតត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្ខពួក​ខិលខូច​មួយ​ក្ដាប់​តូច និង​បាន​រំខាន​ដល់​ការ​រស់នៅ​សុខសាន្ដ​របស់​គ្រួសារ​លោក ហើយ​លោក​ក៏​ភ្ជាប់​ការ​រំខាន​របស់​លោក ម៉ក់ ជីតូ ដែល​រំខាន​គ្រួសារ​លោក ថា​ក៏​ជា​ការ​រំខាន​ដល់​ពលរដ្ឋ​ទូទៅ​ដែរ។ លិខិត​របស់​លោក ហ៊ុន សាន ផ្ញើ​ជូន​លោក ស ខេង ថ្ងៃ​ទី​២ ឧសភា ហើយ​ត្រូវ​លោក ស ខេង ចារ​អន្តរាគមន៍ ៣​ថ្ងៃ​បន្ទាប់។

ទាក់ទង​នឹង​ភាព​លឿន​រហ័ស​ក្នុង​កិច្ច​អន្តរាគមន៍​នេះ សង្គម​ស៊ីវិល​ថា​មាន​ស្តង់ដារ​ពីរ​ក្នុង​ការ​ដោះស្រាយ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត តែង​សង្កេត​ឃើញ​ថា បើ​មន្ត្រី​ធំៗ ឬ​អ្នក​មាន​ឋានន្តរស័ក្ដិ​ខ្ពង់ខ្ពស់ ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​តែង​ផ្ដល់​អាទិភាព​ឲ្យ​យ៉ាង​លឿន ហើយ​លោក​ថា សូម្បី​បង​ប្រុស​នាយក​រដ្ឋមន្ត្រី នៅ​សុំ​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​នៅ​ភ្នំពេញ ចុះ​ទម្រាំ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តាម​ខេត្ត«ចឹង​ហើយ​បាន​កន្លង​មក​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​តែង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គាត់​បាត់បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ»


ឯ​ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ បាន​ប្រដូច​ការ​អន្តរាគមន៍​ភ្លាមៗ​ករណី​បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ទៅ​នឹង​ការ​អង្គុយ​កៅអី​យន្តហោះ​ពិសេស ដែល​លោក ហ៊ុន សាន មាន​សំបុត្រ​ពិសេស​អាច​អង្គុយ​កៅអី​បាន​មុខ​គេ«ក្នុង​យន្តហោះ​ក៏​វា​មាន​ដែរ វា​មាន first class វា​មាន​ពិសេស class វា​មាន​អេកូណូមិច (economic) ដែរ​វ៉ើយ បាន​វា​ហោះ​ទៅ​ជាមួយ​គ្នា ទោះ​បី​យន្តហោះ​ក៏​មាន first class ដែរ​វ៉ី»

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​លោក ស ខេង ចុះ​ហត្ថលេខា​លើ​លិខិត​ដែល​មាន​ក្បាល​របស់​ក្រសួង​សាធារណការ តែ​ក្រសួង​សាធារណការ មិន​បាន​ដឹង​សោះ? លោក ខៀវ សុភ័គ ថា​ជា​ទម្លាប់ លោក ហ៊ុន សាន ប្រើ​តែ​លិខិត​នេះ​តាំង​ពី​ដើម​មក​ម្ល៉េះ គឺ​តាំង​តែ​មុន​ពេល​លោក ហ៊ុន សាន ចូល​និវត្តន៍​ពី​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា នាវាចរ​កាំសាប ទៅ​ទៀត។

ទោះ​ជា​យ៉ាង​ណា លោក ម៉ក់ ជីតូ ក៏​មិន​បាន​បដិសេធ​ថា លោក​មិន​ដែល​ស្គាល់​ឈ្មួញ​ដី​នៅ​ប៉ោយប៉ែត ដែរ។ លោក​ថា លោក​ស្គាល់​ឈ្មួញ​ដី​ច្រើន​ណាស់ តែ​លោក​សង្ឃឹម​ថា​រឿង​នេះ​នឹង​បញ្ចប់​ត្រឹម​លោក​បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​ពន្យល់​លោក ហ៊ុន សាន៕




1 comment:

  1. Anonymous7:23 AM

    This fat ass is very nervous now. When two dogs are fighting, the people win.

    ReplyDelete