Paris Peace Accords 23 Oct. 1991

Sunday, May 14, 2017

មន្ត្រី​ បដិសេធ​ ថា​ លោក ហ៊ុន ម៉ាណែត មិន​ ដែល​អន្តរាគមន៍​ សុំ​សញ្ជាតិ​ខ្មែរ​ ឲ្យ​ជនជាតិ​ ប៉ាគីស្ថាន | Official denies that Hun Manet intervene in getting Khmer citizenship for a Pakistani

នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នា​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev
នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នា​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev

មន្ត្រី​ បដិសេធ​ ថា​ លោក ហ៊ុន ម៉ាណែត មិន​ ដែល​អន្តរាគមន៍​ សុំ​សញ្ជាតិ​ខ្មែរ​ ឲ្យ​ជនជាតិ​ ប៉ាគីស្ថាន

RFA / វិទ្យុ អាស៊ី សេរី | ១៤ ឧសភា ២០១៧ 

 


មន្ត្រី​ ក្រសួង​ មហាផ្ទៃ អះអាង ​នៅ​ថ្ងៃ​ ទី​១៣ ខែ​ឧសភា ថា, កូន​ប្រុស​ច្បង​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ហ៊ុន ម៉ាណែត, មិន​បាន​ អន្តរាគមន៍​ ទៅ​ក្រសួង​ មហាផ្ទៃ ដើម្បី​ សុំ​សញ្ជាតិ​ ខ្មែរ​ ឲ្យ​មិត្តភ័ក្ដិ​ លោក​ ជា​ជនជាតិ​ ប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ឡើយ។  ការ​អះអាង​នេះ​នៅ​ក្រោយ ​ពី​ម្ចាស់ ​ហ្វេសប៊ុក (Facebook) ឈ្មោះ «ធ្លាយ​ហើយ» បាន​បង្ហោះ​ លិខិត​ រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​កាន់​ លោក ហ៊ុន សែន ពី​ការ​ស្នើ​សុំ​ សញ្ជាតិ​ខ្មែរ​ របស់​លោក ចូសេហ្វ ម៉ាត់ស៊ូ

ការ​បែក​ធ្លាយ​ សារ​ ពី​ការ​សុំ​ អន្តរាគមន៍​ ដើម្បី​ បាន​សញ្ជាតិ​ខ្មែរ​ របស់​ ជនជាតិ ​ប៉ាគីស្ថាន ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ពី​លោក ហ៊ុន ម៉ាណែត បាន​កើត​ឡើង តាំង​ពី​ខែ​ ដើម​ខែ ​មីនា។

ក្នុង​សារ​បែក​ធ្លាយ​កាល​ពី​ដើម​​ខែ​មីនា នោះ លោក ចូសេហ្វ ម៉ាត់ស៊ូ បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ​តាម​រយៈ​ការ​ដោះដូរ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា Psychological Tactics: Fear Factor ឬ​ជា​ភាសា​ខ្មែរ ​ហៅ​ថា យុទ្ធវិធី​ បែប​ចិត្តសាស្ត្រ​ សម្រាប់​ ការ​បំភិតបំភ័យ ដែល​ជា​ផ្នែក​ មួយ​ នៃ​យុទ្ធសាស្ត្រ​ បោះឆ្នោត។  នៅ​ថ្ងៃ​ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦, លោក ចូសេហ្វ ម៉ាស៊ូ បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ម្ដង​ទៀត ដោយ​បង្ហាញ​ពី​សេចក្ដី​ត្រេកអរ​ដែល​បុរស​រូប​នេះ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដូច​បំណង ហើយ​ប្ដេជ្ញា​បម្រើ ​គ្រួសារ​ ត្រកូល  «ហ៊ុន» តាម​ជំនាញ និង​សមត្ថភាព ​ដែល​គាត់​មាន។


​ទោះ​ជា​យ៉ាង​ណា ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត និង​លោក ចូសេហ្វ ម៉ាត់ស៊ូ ចេញ​មុខ​បំភ្លឺ​ឡើយ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ទើប​ម្ចាស់​ហ្វេសប៊ុក ឈ្មោះ «ធ្លាយ​ហើយ» បាន​ទម្លាយ ​លិខិត ​ដែល​មាន​ ហត្ថលេខា​ លោក​ ឧបនាយករដ្ឋមន្ត្រី , រដ្ឋម ន្ត្រី​ក្រ សួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​កាន់ ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ការ​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​របស់​លោក ចូសេហ្វ ម៉ាត់ស៊ូ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦ ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន លោក ស ខេង បាន​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា លោក ចូសេហ្វ ម៉ាត់ស៊ូ ជនជាតិ​ប៉ាគីស្ថាន សញ្ជាតិ ប៉ាគីស្ថាន។ ជនជាតិ​ប៉ាគីស្ថាន រូប​នេះ បាន​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០១ ហើយ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំង​ឡាយ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​សញ្ជាតិ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ អាច​អនុញ្ញាត​ឲ្យ​សញ្ជាតិ​ខ្មែរ​បាន។ លោក ស ខេង ស្នើ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​បញ្ហា​នេះ។

​ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា លិខិត​នេះ​ជា​របស់​លោក ស ខេង ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន ឬ​យ៉ាង​ណា​នោះ? ព្រោះ​លោក​ថា មិនទាន់​បាន​ឃើញ​លិខិត​នេះ​នៅ​ឡើយ។

លោក ខៀវ សុភ័គ ក៏​បដិសេធ​ថា កន្លង​ទៅ​លោក ហ៊ុន ម៉ាណែត មិន​ដែល​អន្តរាគមន៍​ទៅ​ក្រសួង​ដើម្បី​ទាមទារ​សញ្ជាតិ​ឲ្យ​ជន​បរទេស​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា នៅ​ពេល​ជន​ណា​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ក្រសួង​នឹង​ផ្ដល់​ជូន​តាម​នីតិវិធី​តាម​ការ​ស្នើ​សុំ​ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​នរណា​ម្នាក់​ឡើយ៖ «មិន​ដែល​មាន​ទេ រឿង​អន្តរាគមន៍ រឿង​ចូល​សញ្ជាតិ។ យើង​មើល​ទៅ​ឲ្យ​តែ​គ្រប់គ្រាន់​តាម​ច្បាប់​សញ្ជាតិ​គេ​ធ្វើ​ជូន​ហើយ មាន​ពិបាក​អី​មិន​បាច់​អ្នក​ណា​អន្តរាគមន៍​អី»

​មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ជនបរទេស​ដែល​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​លុះត្រា​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ​ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​របស់​ខ្លួន។ ជន​នោះ​ត្រូវ​មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មានទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ ហើយ​រស់​នៅ​ជាប់​លាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៧​ឆ្នាំ ចេះ​និយាយ សរសេរ យល់​ដឹង​ពី​ប្រវត្តិ និង​ទទួល​យក​បាន​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

​ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ​អ្នក​ច្បាប់​ធ្លាប់​អះអាង​ថា ប្រសិនបើ​ជន​ណា​មាន​បំណង​ប្រើ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ដោះដូរ​នឹង​ការ​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ជន​នោះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ឲ្យ​ចលាចល​ដល់​ស្ថិរភាព និង​សន្តិសុខ​សង្គម ចំណែក​ឯ​សម្របសម្រួល​វិញ​ក៏​អាច​មាន​ទោស​ដូចគ្នា​ដែរ។

​ក្រៅ​ពី​ទម្លាយ​លិខិត​របស់​លោក ស ខេង ទៅ​កាន់​លោក ហ៊ុន សែន ម្ចាស់​ហ្វេសប៊ុក ឈ្មោះ "ធ្លាយ​ហើយ" ក៏​បាន​ទម្លាយ​សារ​ជា​អក្សរ​របស់​ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ផ្ញើ​ទៅ​កាន់​ឈ្មោះ ហ៊ុន ម៉ាណែត។ សារ​ទាំង​នោះ​និយាយ​ពី​ការ​ស្នើ​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​ការ​ណាត់​ជួប​គ្នា​ដើម្បី​និយាយ​ពី​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត និង​ពី​យុទ្ធសាស្ត្រ​បំភិតបំភ័យ​គូ​ប្រកួត​ជាដើម។

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក ចូសេហ្វ ម៉ាត់ស៊ូ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា  តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​បង្ហាញ​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំង​នេះ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល៕


No comments:

Post a Comment