Paris Peace Accords 23 Oct. 1991

Tuesday, May 16, 2017

មន្ត្រី​ បក្ស​ សង្គ្រោះ​ជាតិ​ ប្រកាស​ ជា​ថ្មី​ ថា, ​ការ​បោះឆ្នោត​ ជា​ជម្រើស ​ក្នុង​ការ​ បញ្ចៀស​ សង្គ្រាម | Opposition official declares again that election is a way to avoid war

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

មន្ត្រី​ បក្ស​ សង្គ្រោះ​ជាតិ​ ប្រកាស​ ជា​ថ្មី​ ថា, ​ការ​បោះឆ្នោត​ ជា​ជម្រើស ​ក្នុង​ការ​ បញ្ចៀស​ សង្គ្រាម

RFA / វិទ្យុ អាស៊ី សេរី | ១៤ ឧសភា ២០១៧




តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ បញ្ជាក់​ ប្រាប់​សកម្មជន ​ខ្លួន​ ថា, តាំង​ពី​ឆ្នាំ​ ១៩៩៣ មក ដោយសារ​ តែ​ មាន​ការ​ បោះ​ឆ្នោត ​ទើប​ គ្មាន​ សង្គ្រាម។  ដូច្នេះ ​ការ​បោះ​ឆ្នោត​ គឺ​ ជា​ការ​បញ្ចៀស​ សង្គ្រាម, មិន​មែន​ ជា​ការ​បង្កើត​ ឲ្យ​មាន​ សង្គ្រាម ​នោះ​ទេ។


អ្នក​វិភាគ​ថា នេះ​គឺ​ជា​ទ្រឹស្ដី​សម្រាប់​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ ដែល​គេ​សម្រេច​ចិត្ត​យក​ជម្រើស​ការ​បោះឆ្នោត ដោយសារ​ប្រទេស​ទាំង​នោះ​មិន​ចង់​ឃើញ​ការ​ដណ្ដើម​អំណាច​គ្នា​តាម​កម្លាំង​ប្រដាប់​អាវុធ។

ការ​បញ្ជាក់​ ថា ការ​បោះឆ្នោត​នឹង​នាំ​ឲ្យ​គ្មាន​សង្គ្រាម​កើត​ឡើង​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រកាស​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ហេតុផល​ជា​ច្រើន​ទៅ​ពន្យល់​សកម្មជន​របស់​ខ្លួន ដែល​បញ្ជាក់​ថា ជម្រើស​នៃ​ការ​បោះឆ្នោត​គ្មាន​សង្គ្រាម​នោះ​ទេ។ លោក​ថា បើ​បោះ​ឆ្នោត​នាំ​ឲ្យ​មាន​សង្គ្រាម​ដដែល តើ​គេ​បង្កើត​ការ​បោះឆ្នោត​ដើម្បី​អ្វី? តំណាងរាស្ត្រ​រូប​នេះ​ស្នើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​ព្រះមហាក្សត្រ​ដែល​ចេញ​ព្រះ​ភក្ត្រ​ប្រកាស​​​ឲ្យពលរដ្ឋ​​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា កុំ​ចាញ់​សម្លុត​ជន​ណា​ម្នាក់៖ «លោក​មាន​បន្ទូល​អំពាវនាវ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​បោះឆ្នោត​ទៅ​ហើយ ហើយ​បើ​ព្រះមហាក្សត្រ​អត់​ប្រកាស​សង្គ្រាម​ហើយ ទៅ​ធ្វើ​សង្គ្រាម​ម៉េច​កើត? វា​អត់​អី​ទៅ​ធ្វើ​សង្គ្រាម​ទៅ​ទៀត ហើយ​ពួក​ខ្ញុំ​ហ្នឹង​វា​អត់​ទៅ​ចេះ​កាន់​កាំភ្លើង​ទៅ​ទៀត បើ​គេ​ឲ្យ​កាំភ្លើង​ខ្លី​មក វា​អត់​ទៅ​ដឹង​បាញ់​យ៉ាង​ម៉េច? ទៅ​ធ្វើ​សង្គ្រាម​យ៉ាង​ម៉េច​ទៅ​បង​ប្អូន? ដូច្នេះ​បោះ​ឆ្នោត​បញ្ចៀស​សង្គ្រាម»

ជា​រឿយៗ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី​ដែល​មាន​ប្រវត្តិ​ធ្វើ​សង្គ្រាម​បាន​ព្រមាន​ថា នឹង​កើត​សង្គ្រាម​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ អ្នក​វិភាគ​ចាត់​ទុក​ការ​ប្រកាស​សង្គ្រាម​នេះ​ថា​គឺ​ជា​សារ​គំរាម និង​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ។

លោក យឹម សុវណ្ណ បាន​អះអាង​ថា កងកម្លាំង​ប្រដាប់អាវុធ​រហូត​ថ្នាក់​ឧត្ដមសេនីយ៍ បាន​ប្រាប់​លោក​ថា នឹង​មិន​ធ្វើ​សង្គ្រាម​នោះ​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ទទួល​យក​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ជាមួយ​ដោយ​មិន​រើសអើង ហើយ​មិន​មាន​ការ​សងសឹក​នោះ​ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ពេល​ឈ្នះ​ឆ្នោត​ទៅ​កាន់​អំណាច​នៅ​វិមាន​សន្តិភាព មិន​មែន​ទៅ​វិមាន​សង្គ្រាម​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា សង្គ្រាម​មិន​មែន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​ទេ។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស សង្គ្រាម​កើត​ឡើង​ដោយសារ​គោលនយោបាយ​របស់​គណបក្ស​នេះ។ លោក សុខ ឥសាន ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​គោលនយោបាយ​តាម​របប ប៉ុល ពត៖ «ប្រជាពលរដ្ឋ​ក៏​មិន​អាច​ទទួល​បាន​នូវ​សុខ​សន្តិភាព ក៏​ដូចជា​គ្មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម មាន​ពេល​ណា​ទៅ​កសាង​ប្រទេស មាន​ពេល​ណា​ទៅ​កសាង​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​វា​រីកចម្រើន​សម្បូរ​រុងរឿង កាត់​បន្ថយ​ភាព​ក្រីក្រ វា​មាន​តែ​ការ​ភ័យ​ខ្លាច មាន​តែ​ការ​ក្រាប​លូន​ដូច​ពី​មុន​ទៀត​ហ្នឹង ដោយសារ​ថា គណបក្ស​ហ្នឹង​យក​នយោបាយ​របស់ ប៉ុល ពត មក​អនុវត្ត​ទៅ​ហើយ»

អ្នក​តាម​ដាន​សង្គម និង​នយោបាយ មើល​ឃើញ​ថា គ្មាន​គោលនយោបាយ​របស់​គណបក្ស​ណា​មួយ​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ លើកលែងតែ​គោលនយោបាយ​របស់​ពួក​អាយស៊ីស (ISIS)។
អ្នក​តាមដាន​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី ថា រដ្ឋាភិបាល​មិន​គួរ​ប្រើ​ពាក្យ​សង្គ្រាម​ច្រំ​ដែល​ពេក​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​ធានា​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ធានា​សន្តិភាព​សម្រាប់​កម្ពុជា។ លោក មាស នី យល់​ថា ការ​បង្ហាញ​អំពី​ការ​នាំ​ប្រទេស​ចូល​ទៅ​ក្នុង​សង្គ្រាម គឺ​ជា​ការ​បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​អ្នកដឹកនាំ៖ «ប្រទេស​យើង បើ​សិន​ជា​យើង​មាន​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ ដែល​បាន​ធានា​នូវ​ឯករាជ្យ និង​យុត្តិធម៌ បើ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ ខ្ញុំ​គិត​ថា ទោះ​បី​មាន​អ្នក​ស្រែក​ច្រើន​លើស​ហ្នឹង​ទៀត​អំពី​សង្គ្រាម ក៏​សង្គ្រាម​មិន​អាច​ផ្ទុះ»

​ក្រោយ​មាន​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​នឹង​មាន​សង្គ្រាម មិន​បាន​យូរ​ប៉ុន្មាន ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ បាន​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

​អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មើល​មិន​ឃើញ​ថា គណបក្ស​ណា​មួយ​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ព្រោះ​គណបក្ស​ទាំង​នោះ​គ្មាន​អំណាច គ្មាន​កងកម្លាំង​ប្រដាប់​អាវុធ។ ជាង​នេះ​ទៅ​ទៀត លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះឆ្នោត។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ព្រមាន​ថា នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ មក ៦៨​អាសនៈ​វិញ៕


No comments:

Post a Comment