Paris Peace Accords 23 Oct. 1991

Wednesday, May 17, 2017

គណបក្ស​ ប្រឆាំង ​នៅ​តែ ​ព្រួយ​បារម្ភ​ ពី​បញ្ហា ​ទឹក​ខ្មៅ​ សម្រាប់​ បម្រើ​ ការ​បោះឆ្នោត | Opposition party still concerned about ink to be used for elections

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។

គណបក្ស​ ប្រឆាំង ​នៅ​តែ ​ព្រួយ​បារម្ភ​ ពី​បញ្ហា ​ទឹក​ខ្មៅ​ សម្រាប់​ បម្រើ​ ការ​បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១៧ ឧសភា ២០១៧ 


ទឹក​ខ្មៅ​ លាង​ មិន​ជ្រះ​ ថ្មី​ សម្រាប់ ​បម្រើ​ការ ​ដល់​ការ​ បោះឆ្នោត ដែល​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) ទើប​ទិញ​ ពី​ប្រទេស​ ឥណ្ឌា តម្លៃ​ ជាង ៧០​ម៉ឺន​ ដុល្លារ នៅ​តែ ​ធ្វើ​ឲ្យ​ គណបក្ស​ សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​ ថា ធ្វើ​ឲ្យ​ មនុស្ស​ម្នាក់​ អាច​បោះឆ្នោត ​លើស ​ពី​ម្តង​ បាន។  គណបក្ស​ ប្រឆាំង​ លើក​ឡើង ​បែប​នេះ​ ក្នុង​ពេល គ.ជ.ប. អនុញ្ញាត ​ឲ្យ​មនុស្ស ១១​នាក់​ ជ្រលក់​ ម្រាម​ដៃ​ ក្នុង​ទឹក​ខ្មៅ​ លាង​មិន​ជ្រះ ​នៅ​ថ្ងៃ ​ទី​១៧ ខែ​ឧសភា។


ក្នុង​ចំណោម​មនុស្ស ១១​នាក់​មក​ពី​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ប្រធាន​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដែល​ស្ម័គ្រ​ចិត្ត​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ ក្នុង​នោះ​តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​មក​ពី​អង្គការ​ខុមហ្វ្រែល (COMFREL) បាន​លាង​ដៃ​របស់​ខ្លួន​ជាមួយ​ថ្នាំ​អ៊ុតសក់ និង​ទឹក​ថ្នាំ​គីមី​ផ្សេង​ទៀត​ស្ទើរ​តែ​ជ្រះ​ទឹក​ខ្មៅ​ចេញ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អាច​បោះឆ្នោត​លើស​ពី​ម្តង​បាន។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ ជា​លទ្ធផល ម្រាម​ដៃ​របស់​លោក​លាង​ស្ទើរ​បាត់​ស្នាម​ប្រឡាក់ ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ណា​ដែល​មាន​បំណង​បន្លំ​ចង់​បោះឆ្នោត​លើស​ពី​ម្តង។ លោក​ថា ទឹក​ខ្មៅ​នេះ​អាច​លាង​ជ្រះ។ តំណាង​គណបក្ស​ប្រឆាំង​រូប​នេះ ទទូច​ទៅ គ.ជ.ប រៀបចំ​ទឹក​ខ្មៅ​ដើម្បី​ឲ្យ​មាន​គុណភាព​ល្អ​ជាង​ទឹក​ខ្មៅ​នេះ៖ «ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បន្ត​ទទូច​ឲ្យ គ.ជ.ប រៀបចំ និង​ធានា​នូវ​ទឹក​ថ្នាំ​នេះ ដើម្បី​ឲ្យ​អ្នក​បោះឆ្នោត​មាន​ការ​ជឿ​ទុក​ចិត្ត​បន្ថែម​ទៀត​លើ គ.ជ.ប.»

ម៉ន ផល្លា ២០១៧ ១៤៤០
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​លាង​ជម្រះ​ទឹក​ថ្នាំ​ខ្មៅ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Brach Chev

ចំណែក​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ដែល​បាន​ចូលរួម​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ និង​បាន​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ដៃ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គុណភាព​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នេះ ព្រោះ​លោក​ថា កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ អង្គការ​របស់​លោក​រង​ការ​គំរាម​ខ្លាំង ព្រោះ​ការ​វាយ​តម្លៃ​គុណភាព​ទឹក​ខ្មៅ។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និយាយ​ថា ទោះ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​មិន​អាច​ធានា​គុណភាព​បាន ១០០​ភាគរយ​ក្តី ប៉ុន្តែ​លោក​អះអាង​ថា គ.ជ.ប មាន​វិធានការ​ប្រាំ​ចំណុច​ទៀត ដើម្បី​ការពារ​មិន​ឲ្យ​ជន​ខិលខូច​អាច​បោះឆ្នោត​លើស​ពី​ម្តង​បាន៖ «ឲ្យ​តែ​ប្រភេទ​គ្រប់​គីមី​មិន​ត្រូវ​លុប​ជ្រះ​ហ្នឹង ក្មួយ​អញ្ជើញ​ទៅ​រក​ទៅ»

ប្រធាន គ.ជ.ប រូប​នេះ​ឲ្យ​ដឹង​ថា វិធានការ​ប្រាំ​ចំណុច​នោះ​រួម​មាន ពង្រឹង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត ពង្រឹង​ភារកិច្ច​របស់​លេខាធិការ​ការិយាល័យ​បោះឆ្នោត ក្នុង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​ផ្សេងៗ ណែនាំ​លេខាធិការ​ឲ្យ​ផ្ទៀងផ្ទាត់​ដល់​អ្នក​បោះឆ្នោត​ឲ្យ​គូស​លើ​ប្រអប់​លេខ​រៀង​បញ្ជី​បោះឆ្នោត រំឭក​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​ផ្ទៀងផ្ទាត់​រូប​អ្នក​បោះឆ្នោត និង​រូប​នៅ​ក្នុង​បញ្ជី​បោះឆ្នោត និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ពី​ការ​អនុវត្ត​ទោស​បញ្ញត្តិ​ទៅ​លើ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត។

គ.ជ.ប បាន​បញ្ជា​ទិញ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ពី​ប្រទេស​ឥណ្ឌា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​ទឹក​ថ្នាំ​ប្រទេស​ឥណ្ឌា គ.ជ.ប មាន​គម្រោង​សាកល្បង​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ពី​ប្រទេស​ដាណឺម៉ាក អាហ្វ្រិក​ខាង​ត្បូង កាណាដា និង​ប្រទេស​ចិន។ ប៉ុន្តែ​ដោយសារ​ពេលវេលា​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គ.ជ.ប សម្រេច​ប្រើ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​របស់​ប្រទេស​ឥណ្ឌា បម្រើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

ខណៈ​គុណភាព​ទឹក​ខ្មៅ​កំពុង​ចោទ​ជា​បញ្ហា​នៅ​ឡើយ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ព្រមាន​ដោយ​ចោទ​ប្រកាន់​បី​ចំណុច​ធំៗ ទី​១ អ្នក​ដែល​ព្យាយាម​លាង​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ក្នុង​ថ្ងៃ​បោះឆ្នោត គឺ​មាន​គំនិត​ចង់​ចូល​បោះឆ្នោត​ច្រើន​ដង។ ទី​២ មាន​គំនិត​មិន​ស្មោះ​ត្រង់ និង​ទី​៣ ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត៕

No comments:

Post a Comment