Paris Peace Accords 23 Oct. 1991

Wednesday, May 31, 2017

ពលរដ្ឋ​ ថា​ នឹង​ទៅ​ បោះឆ្នោត​ ដោយ​គ្មាន ​ការ​ភ័យខ្លាច​ ក្រោយ ​ការអំពាវនាវ ​របស់​ ព្រះមហាក្សត្រ | People say they will go to vote without fear after request of King

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

ពលរដ្ឋ​ ថា​ នឹង​ទៅ​ បោះឆ្នោត​ ដោយ​គ្មាន ​ការ​ភ័យខ្លាច​ ក្រោយ ​ការអំពាវនាវ ​របស់​ ព្រះមហាក្សត្រ

RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៧



ពលរដ្ឋ​ ម្ចាស់​ឆ្នោត​ លើក​ឡើង​ ថា, ពួកគេ ​នឹង​ប្រើ​សិទ្ធិ​ បោះ​ឆ្នោត​ ជ្រើសរើស​ អ្នកដឹកនាំ​ នៅ​តាម​ មូលដ្ឋាន ​របស់​ខ្លួន ​តាម​រយៈ​ការ​ បោះឆ្នោត​ នៅ​ថ្ងៃ​ ទី​៤ ខែ​មិថុនា ខាង​មុខ​ តាម​ឆន្ទៈ​ ដោយ​មិន​ ខ្លាច​ ការ​គំរាមកំហែង​ របស់ ​អ្នក​នយោបាយ​ ឡើយ។  ការ​អះអាង​ របស់​ ពលរដ្ឋ​ បែប​នេះ ស្រប​ពេល​ មាន​ការ​ អំពាវនាវ​ នៃ​ព្រះរាជសារ​ របស់ ​ព្រះករុណា ព្រះបាទ​សម្ដេច ​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រាប់​ពលរដ្ឋ​​ កុំ ​ឲ្យ​ចាញ់​ សម្លុត​ គណបក្ស​ នយោបាយ ​រឿង​បោះឆ្នោត។


ទោះ​មាន​ការ​លើក​ឡើង​ដដែលៗ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើ​គណបក្ស​ចាញ់​ឆ្នោត​កើត​សង្គ្រាម​បង្ហូរ​ឈាម​ប្រជាពលរដ្ឋ​ដែល​សិទ្ធិ​បោះឆ្នោត​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា ពួកគេ​មាន​ទំនុក​ចិត្ត​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។

ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​យល់​ឃើញ​ដូច​នេះ ព្រោះ​ពួកគេ​ជឿជាក់​លើ​ការ​ធានា​របស់​ស្ដេច​ផែនដី​ដែល​ទ្រង់​អំពាវនាវ​តាមរយៈ​ព្រះរាជសារ​របស់​ព្រះអង្គ​ថា ការ​បោះឆ្នោត គឺ​ជា​ការ​បោះឆ្នោត​ដោយ​សម្ងាត់​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​ការ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

កំពុង​អង្គុយ​ចាំ​ភ្ញៀវ​នៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ លោក សុខ ភួន អ្នក​រត់​ម៉ូតូឌុប​មាន​ស្រុក​កំណើត​នៅ​ស្វាយរៀង ឲ្យ​ដឹង​អាស៊ីសេរី ដឹង​ថា ថ្ងៃ​បោះឆ្នោត​លោក​នឹង​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ព្រោះ​ចង់​បាន​ជ្រើសរើស​អ្នកដឹកនាំ​ឃុំ​របស់​លោក​ដែល​លោក​ពេញ​ចិត្ត។ បុរស​មាន​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ មើល​ឃើញ​ថា ស្ថានភាព​ភាព​ស្រុក​ទេស​សព្វថ្ងៃ​គ្មាន​អ្វី​ធ្វើ​ឲ្យ​លោក​ភ័យខ្លាច​ក្នុង​ការ​បោះឆ្នោត​ឡើយ ទោះ​លោក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ក្តី។

ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ ម្នាក់​ទៀត លោក ទាន ស៊ីនឿន ចង់​ឃើញ​ព្រះមហាក្សត្រ​បន្ត​គង់​ម្លប់​ផ្ដល់​ភាព​សុខសាន្ត​ដល់​ប្រទេស​កុំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។ លោក​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​មាន​សារសំខាន់ ដូច្នេះ​លោក​យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ថែរក្សា​ស្ថិរភាព​នយោបាយ​ក្នុង​ពេល​បោះឆ្នោត។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ពេល​នេះ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​កៀក​ខិត​ចូល​មក​ដល់ និង​ស្រប​ពេល​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ញឹកញយ​ប្រកាស​ថា សង្គ្រាម​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ មាន​គណបក្ស​នយោបាយ ១២ ចូលរួម​ប្រកួត​ ក្នុង​នោះ​មាន​តែ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​ព្រមាន​ម្ចាស់​ឆ្នោត​ថា សង្គ្រាម​នឹង​កើត​មាន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​កិច្ចការ​បោះឆ្នោត​យល់​ថា សម្ដី​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត និង​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សាធារណជន។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​អះអាង​ថា បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ ព្រោះ​បក្ស​ប្រឆាំង​គ្មាន​ទ័ព និង​គ្មាន​អាវុធ​ទេ។ ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​មិន​ព្រម​ទៅ​ណា​ឆ្ងាយ​ពី​សង្វៀន​នយោបាយ​នោះ និយាយ​ថា លោក ហ៊ុន សែន គឺ​គ្រាន់​តែ​ព្រមាន​ក្រុម​បក្ស​របស់​ខ្លួន​ដែល​ចង់​ចេញ​ពី​គណបក្ស​ប៉ុណ្ណោះ។

ទាក់ទង​សារ​ព្រមាន​របស់​លោក ហ៊ុន សែន អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ថ្លែង​សារ​នេះ​ក្នុង​តួនាទី និង​ការងារ​ជា​នាយករដ្ឋមន្ត្រី មិន​ស្ថិត​នៅ​ក្នុង​សកម្មភាព​ឃោសនា​ឡើយ។ ឯ​ការ​ចាត់​វិធានការ​នេះ​ទៀតសោត លុះណាតែ​មាន​គណបក្ស​នយោបាយ​ប្ដឹង​ទាស់​ក្នុង​អំឡុង​ពេល​ឃោសនា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​ជា​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដើម្បី​ដឹកនាំ​ឃុំ-​សង្កាត់។ គណបក្ស​ណា​មាន​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នៅ​តាម​មូលដ្ឋាន​ទទួល​បាន​កៅអី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​ហៅ​ថា មេ​ឃុំ-​ចៅសង្កាត់។

គណបក្ស​នយោបាយ​ណា​ឈ្នះ​ឆ្នោត​បាន​ឃុំ-សង្កាត់ ច្រើន​លើសលប់ ឬ​គ្រប់គ្រង​ឃុំ​សង្កាត់ ទូទាំង​ប្រទេស​លើស​ពី ៥០​ភាគរយ អាច​នឹង​គ្រប់គ្រង​ក្បាលម៉ាស៊ីន​ព្រឹទ្ធ​សភា ពីព្រោះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ជា​ការ​បោះឆ្នោត​អសកល។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​មមាញឹក​លក់ដូរ​ភេសជ្ជៈ គឺ​លោកស្រី ផេង ស្រីលាភ ឆ្លៀត​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី ដោយ​ទឹក​មុខ​ញញឹម​ថា ប្រទេស​កម្ពុជា ដែល​កំពុង​មាន​ការ​អភិវឌ្ឍ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ដឹកនាំ​ឃុំ-សង្កាត់​ខាង​មុខ គឺ​រឹតតែ​ធ្វើ​ឲ្យ​សង្កាត់​លោកស្រី​កាន់​តែ​មាន​រីកចម្រើន​ថែម​ទៀត។ ពលរដ្ឋ​រូប​នេះ​ប្រាប់​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ដែល​ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាម​ឆន្ទៈ និង​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ គឺ​ដូច​ទៅ​នឹង​ទឹក​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​សម្រេច​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស មាត្រា​៣៤​ថ្មី ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។  ចំណែក មាត្រា​៨ ចែងថា ព្រះមហាក្សត្រ ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្ត​ភាព​ជាតិ​។ ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​។

​កាល​ពី​ខែ​មីនា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​គាបសង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​ការ​លើក​ស្ទួយ​ដល់​ការ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​ពលរដ្ឋ​ស្ដាប់​តាម​ព្រះ​សារ​របស់​ព្រះមហាក្សត្រ​ដោយ​កុំ​ខ្លាច​ការ​គំរាម​កំហែង​ពី​សំណាក់​អ្នក​នយោបាយ។

បញ្ជី​បោះឆ្នោត​ថ្មី​របស់ គ.ជ.ប បង្ហាញ​ថា មាន​ពលរដ្ឋ​ជិត ៨​លាន​នាក់ បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឆ្នាំ​២០១៧ នេះ មាន​គណបក្ស​នយោបាយ​ទាំង​១២ ចូលរួម​ប្រកួតប្រជែង ក្នុង​នោះ​មាន​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បេក្ខភាព​គ្រប់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង ១.៦៤៦​ដូច​គ្នា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ភូមិ​ឃុំ។ គណបក្ស​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទទួល​បាន​កៅអី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឬ​ហៅ​ថា មេ​ឃុំ-​ចៅ​សង្កាត់។ គណបក្ស​នយោបាយ​ណា​ឈ្នះ​ឆ្នោត​បាន​ឃុំ-​សង្កាត់​ច្រើន​លើសលប់ ឬ​គ្រប់គ្រង​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស​លើស​ពី ៥០​ភាគរយ អាច​មាន​ប្រៀប​​ក្នុង​ការ​បោះឆ្នោត​​ព្រឹទ្ធ​សភា ពីព្រោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​និង​តំណាងរាស្ត្រ​ក្នុង​តំណែង ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា៕




No comments:

Post a Comment