អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងក្នុងកម្មវិធីបាឋកថាសាធារណៈមួយនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ |
អ្នករាយការណ៍ ពិសេស អ.ស.ប. ថា អ្នកការពារ សិទ្ធិមនុស្ស ជាច្រើន កំពុង ប្រឈម ហានិភ័យ
RFA / វិទ្យុ អាស៊ី សេរី | ២៩ ឧសភា ២០១៧
អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក ស្ថានភាព អ្នកការពារ សិទ្ធិមនុស្ស ធ្វើទស្សនកិច្ច ក្រៅផ្លូវការ នៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ ទី២៧ ដល់ថ្ងៃ ទី៣០ ឧសភា។ ទស្សនកិច្ច ក្រៅផ្លូវការនេះ ធ្វើឡើង ស្របពេល អ្នកការពារ សិទ្ធិមនុស្ស មួយចំនួន កំពុង ជាប់ឃុំឃាំង ក្នុងពន្ធនាគារ ដោយសារ ការបំពេញ មុខងារ របស់ខ្លួន។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងទៅកាន់តំណាងអង្គទូត និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើននាក់ថា អ្នកការពារសិទ្ធិមនុស្សជាច្រើននៅលើពិភពលោក កំពុងប្រឈមនឹងហានិភ័យខ្លាំង តាមរយៈការធ្វើទុក្ខបុកម្នេញ ការយាយី និងការវាយប្រហារតាមគ្រប់រូបភាព។
លោកបញ្ជាក់ថា ការវាយប្រហារមកលើអ្នកការពារសិទ្ធិមនុស្ស ធ្វើឡើងតាមរយៈការបង្កើត និងប្រើប្រាស់ច្បាប់ដែលមានលក្ខណៈរឹតត្បិតសេរីភាព និងការទាញភ្ជាប់អ្នកការពារសិទ្ធិមនុស្សទៅនឹងរឿងនយោបាយ។ លោកបន្តថា មានអ្នកការពារសិទ្ធិមនុស្សជាច្រើន ត្រូវបានរដ្ឋាភិបាលលាបពណ៌ថាជាក្រុមប្រឆាំង ហើយមិនអនុញ្ញាតឲ្យមានការជួបប្រជុំណាមួយនៅតាមទីសាធារណៈឡើយ។
លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងបែបនេះក្នុងកម្មវិធីបាឋកថាសាធារណៈមួយនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នៅព្រឹកថ្ងៃទី២៩ ឧសភា។
ដោយសារតែនេះមិនមែនជាដំណើរទស្សនកិច្ចផ្លូវការ លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងថា លោកមិនអាចវាយតម្លៃ ឬអត្ថាធិប្បាយអ្វីឡើយជុំវិញបញ្ហាសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជា ឡើយ ព្រោះលោកត្រូវការសិក្សាឲ្យបានស៊ីជម្រៅជាងនេះ។ លោកបានជួបជាមួយអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក្រុមគ្រួសារអ្នកការពារសិទ្ធិមនុស្សមួយចំនួនដែលកំពុងជាប់ឃុំ និងមន្ត្រីទូត ហើយលោករំពឹងថា នឹងអាចជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការណាមួយនៅពេលខាងមុខ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា គ្មានកាតព្វកិច្ចអ្វីដែលរដ្ឋាភិបាលត្រូវអញ្ជើញលោក មីស៊ែល ហ្វស (Michel Forst) មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នោះទេ ព្រោះអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សមានអ្នកតំណាងនៅកម្ពុជា រួចហើយ។ លោកបន្តថា វត្តមានរបស់លោក មីស៊ែល ហ្វស (Michel Forst) មិនមានន័យអ្វីឡើយចំពោះការអនុវត្តច្បាប់ទៅលើអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ឃើញផ្ទុយពីលោក ផៃ ស៊ីផាន។ អ្នកស្រីបញ្ជាក់ថា វត្តមានរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្សនេះ មានសារសំខាន់យ៉ាងខ្លាំង ព្រោះវាបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការសហប្រជាជាតិ ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បើទោះបីជានេះជាដំណើរទស្សនកិច្ចផ្ទាល់ខ្លួនក៏ដោយ។ ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចនេះ គឺចំពេលដែលវិស័យសិទ្ធិមនុស្សនៅកម្ពុជា រងការយាយីកាន់តែខ្លាំង ហើយមានមន្ត្រីសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារផងដែរ។
អ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំរួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដោយពួកគេរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ចំណែកសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី វិញ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ១៤លានរៀល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ដែលប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
ការឃុំខ្លួនមុនសវនាការលើអ្នកការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងលើលោក នី ចរិយា ព្រមទាំងការកាត់ទោសអ្នកស្រី ទេព វន្នី ដោយតុលាការកម្ពុជា នេះ ទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា អ្នកការពារសិទ្ធិមនុស្សគួរតែទទួលបានការការពារ ការលើកទឹកចិត្ត និងការឲ្យតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ព្រោះកិច្ចការងាររបស់ពួកគេ គឺជួយឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គម ដែលមិនគួរជាការវាយប្រហារ ការយាយី ការធ្វើទុក្ខបុកម្នេញ ឬការបៀតបៀនដល់អាយុជីវិតនោះឡើយ៕
No comments:
Post a Comment