Paris Peace Accords 23 Oct. 1991

Sunday, May 28, 2017

[Vietnamization: Border, Elections, Svay Rieng] សមាជិក ​បន្ទប់​ ស្ថានការណ៍ ​ត្រូវ​ បាន​ហាមឃាត់​ មិន​ ឲ្យ​បង្រៀន​ អំពី​ នីតិវិធី​ សង្កេតការណ៍​បោះឆ្នោត

ផែនទី​ខេត្ត​ស្វាយរៀង។
ផែនទី​ខេត្ត​ស្វាយរៀង។

សមាជិក ​បន្ទប់​ ស្ថានការណ៍ ​ត្រូវ​ បាន​ហាមឃាត់​ មិន​ ឲ្យ​បង្រៀន​ អំពី​ នីតិវិធី​ សង្កេតការណ៍​បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ២៧ ឧសភា ២០១៧



សមាជិក​ បន្ទប់​ ស្ថានការណ៍​ សម្រាប់​ ការ​បោះឆ្នោត​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ ស្រុក ​រមាសហែក ខេត្ត​ ស្វាយរៀង ចុះទៅ ​ហាមឃាត់​ មិន​ឱ្យ​បន្ត​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​បោះឆ្នោត​ទៅ​ដល់​អ្នក​សង្កេត ការណ៍​បោះឆ្នោត​រយៈពេល​ខ្លី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។ ការ​ចុះ​ទៅ​ហាមឃាត់​នេះ ដោយសារ​អាជ្ញាធរ​បញ្ជាក់​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នោះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ត្រី​ថ្នាក់​ខេត្ត​ជាមុន។


មន្ត្រី​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត និង​ជា​អ្នក​សម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ម៉ៃ ទិត្យ រៀបរាប់​ថា មាន​ប៉ូលិស​ប៉ុស្តិ៍​ចំនួន​ពីរ​នាក់ បាន​ចុះ​ទៅ​ហាមឃាត់ និង​នាំ​ខ្លួន​លោក​ឱ្យ​ទៅ​ជួប​ជាមួយ​អធិការ​ស្រុក ស្រប​ពេល​លោក​កំពុង​ត្រៀម​ចុះ​ទៅ​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​នៅ​ថ្ងៃ​បោះឆ្នោត​ទៅ​ដល់​អ្នក​សង្កេតការណ៍​រយៈពេល​ខ្លី​ចំនួន ៣២​នាក់ នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​​២៨ ឧសភា។
លោក​បន្ត​ថា គម្រោង​ចុះ​បង្រៀន​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ បន្ទាប់ពី​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដល់​អធិការ​ស្រុក​រមាសហែក ហើយ​លោក​អធិការ​ឈ្មោះ សំ សំអុល បាន​ឱ្យ​លោក​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ខាង​សាលាស្រុក និង​សាលាខេត្ត​ជា​មុន​សិន។ លោក​អធិការ​រូប​នេះ ក៏​បាន​ចាត់​ទុក​សកម្មភាព​បង្រៀន​របស់​លោក​ថា រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ ថ្វី​ត្បិត​លោក​បកស្រាយ​ថា សកម្មភាព​នោះ មិន​ជាប់​ពាក់​នឹង​រឿង​នយោបាយ ហើយ​ជា​ការងារ​ដែល​មាន​កិច្ច​សហការ​ជាមួយ គ.ជ.ប ក្ដី៖ «គេ​សួរ​ខ្ញុំ​ថា មក​ហ្នឹង​មាន​លិខិត​ស្នាម លិខិត​បេសកកម្ម លិខិត​អនុញ្ញាត​ពី​សាលា​ខេត្ត សាលាក្រុង​ដែរ ឬ​អត់​បាន​ចុះ​មក​បង្រៀន​ហ្នឹង? ប៉ុន្តែ​ខ្ញុំ​បាន​មាន​លិខិត​បេសកកម្ម​ពី​កន្លែង​ការងារ​របស់​ខ្ញុំ ពី​ក្រសួង​មហាផ្ទៃ និង​ឯកសារ​មេរៀន ប៉ុន្តែ​គាត់​ថា ជា​ឯកសារ​ចេញ​ពី​ស្ថាប័ន​ទេ មិន​មែន​ចេញ​ពី​ខេត្ត​ទេ»
មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​អ្នកសង្កេតការណ៍​រយៈពេល​ខ្លី ដែល​លោក​ត្រូវ​បង្រៀន​នោះ គឺ​សុទ្ធតែ​មាន​ការ​ទទួល​ស្គាល់​ជា​អ្នក​សង្កេតការណ៍​ពី គ.ជ.ប ហើយ​ថ្វី​ត្បិត​មាន​ការ​ហាមឃាត់​យ៉ាង​នេះ​ក្ដី លោក​នឹង​រិះរក​វិធីសាស្ត្រ​ចុះ​បង្រៀន​ដល់​សមាជិក​ឱ្យ​ទាល់តែ​បាន ស្រប​ពេល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។
លោក ម៉ៃ ទិត្យ ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​ស្រុក​រមាសហែក បែប​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រមូលផ្ដុំ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ស្រុក​រមាសហែក លោក សំ សំអុល បញ្ជាក់​ថា ពុំ​មាន​ការ​រារាំង​អ្វី​ឡើយ ប៉ុន្តែ​លោក​ថា គ្រាន់​តែ​ធ្វើ​តាម​ច្បាប់​ប៉ុណ្ណោះ ព្រោះ​រាល់​កិច្ចការ​របស់​សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់ តែង​តែ​មាន​ការ​អនុញ្ញាត​ជាមុន​ពី​អាជ្ញាធរ ហើយ​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បាន​ឡើយ៖ «អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ត្រួតពិនិត្យ ហើយ​អត់​មាន​ឯកសារ ខ្ញុំ​ឱ្យ​ទៅ​ធ្វើ​ឯកសារ ទៅ​ដល់​អាជ្ញាធរ​ខេត្ត អ៊ីចឹង​គេ​នឹង​ឱ្យ​ធ្វើ​ហើយ ហើយ​មិន​មាន​ការ​រារាំង​អី​ទេ»
ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ផ្អែក​តាម​ច្បាប់​បោះឆ្នោត មុន​នឹង​ចុះ​ទៅ​បង្រៀន​ទៅ​ដល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​គឺ​ទាល់​តែ​មាន​លិខិត​អនុញ្ញាត​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ឬ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ជា​មុន​សិន ព្រោះ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ច្បាប់​ពុំ​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​គ្នា​លើស​ពី ១០​នាក់​ឡើយ។
មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អាជ្ញាធរ​ធ្វើ​ការ​រារាំង​ចំពោះ​សកម្មភាព​ចុះ​បង្រៀន​អ្នក​សង្កេតការណ៍​ដោយ​មាន​លិខិត​អនុញ្ញាត​ពី គ.ជ.ប ថ្នាក់​ខេត្ត និង​ជាតិ​ដូច្នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ៖ «បើ​អត់​មាន​កាត​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត និង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អ៊ីចឹង​នៅ​ពេល​ចុះ​ទៅ​បង្រៀន​សង្កេតការណ៍ ទៅ​ដល់​ពលរដ្ឋ​ជា​អ្នក​សង្កេតការណ៍ ទាល់​តែ​មាន​លិខិត​អនុញ្ញាត​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សិន»
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក នុត បូពិណ្ណារ័ត្ន យល់​ឃើញ​ថា ប្រសិនបើ​សកម្មភាព​ចុះ​បង្រៀន​អំពី​នីតិវិធី​គ្រាន់​តែ​ទាក់ទង​នឹង​ការ​សង្កេតការណ៍​បោះឆ្នោត ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ អាជ្ញាធរ​គួរ​តែ​មាន​ការ​អនុញ្ញាត៕

No comments:

Post a Comment