Paris Peace Accords 23 Oct. 1991

Wednesday, May 10, 2017

[Vietnamization: Environmental destruction, Logging, Military, Border] របាយការណ៍៖ វៀតណាម លួចនាំឈើ ខុសច្បាប់ ពីកម្ពុជា រាប់រយពាន់ ម៉ែត្រគូប | Report: Vietnam secretly transports hundreds of thousands meter cube of illegal log from Cambodia

odian logs in yard of Son Dong Company, Gia Lai Province, Vietnam, March 2017 (c) EIA

របាយការណ៍៖ វៀតណាម លួចនាំឈើ ខុសច្បាប់ ពីកម្ពុជា រាប់រយពាន់ ម៉ែត្រគូប

| ៨ ឧសភា ២០១៧

របាយការណ៍ ទីភ្នាក់ងារ បរិស្ថាន អន្ដរជាតិ មួយ រកឃើញ ថា, រដ្ឋាភិបាល វៀតណាម បានលួចលាក់ នាំចូលឈើ ខុសច្បាប់ ពីកម្ពុជា រាប់រយពាន់ ម៉ែត្រគូប ដើម្បី ជម្រុញកំណើន សេដ្ឋកិច្ច របស់ខ្លួន។

របាយការណ៍ ចំនួន ១០ ទំព័រ របស់ ទីភ្នាក់ងារ ស៊ើបអង្កេត ផ្នែកបរិស្ថាន (EIA) ដែលមាន មូលដ្ឋាន នៅទីក្រុង ឡុងដ៍ ក្រោមចំណងជើង ថា «ជនល្មើស មុខដដែល៖ ជំនួញឈើ ខុសច្បាប់ របស់ វៀតណាម» ដែលនឹងត្រូវ ចេញផ្សាយ តែ ប៉ុន្មានថ្ងៃ មុនពេល វៀតណាម ចុះកិច្ចព្រមព្រៀង ជាមួយ សហភាព អឺរ៉ុប ថា ខ្លួន នឹងឈប់ នាំចេញ ឈើខុសច្បាប់ រកឃើញ ថា,  នៅចន្លោះ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមិនា ឆ្នាំ២០១៧ ទំហំឈើ ប្រមាណ ៣០ម៉ឺន មែត្រគូប ត្រូវ បានលួចលាក់ នាំចេញ និងធ្វើឲ្យ ស្របច្បាប់ ពីប្រទេសក ម្ពុជា ទៅវៀតណាម ខណៈ ដែលកម្ពុជា បានចេញ បម្រាម ហាមឃាត់ ការនាំចេញ ឈើ ក្នុងតំបន់ ការពារ ទៅក្រៅប្រទេស។


ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានអះអាងថា ចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំ២០១៦ សកម្មភាពលួចកាប់ឈើខុសច្បាប់បានកើតឡើងខ្លាំងនៅតំបន់ការពារក្នុងខេត្តរតនគីរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ហើយបើគិតជាប្រាក់សំណូកគឺលើសពី១៣លានដុល្លារអាមេរិក។

បើតាមរបាយការណ៍ សកម្មភាពលួចកាប់ និងនាំចូលឈើខុសច្បាប់នេះ គឺដោយសារការឃុបឃិតគ្នា និងសូកប៉ាន់រវាងអាជ្ញាធរប្រទេសទាំងពីរ ដោយអង្គការអន្ដរជាតិមួយនេះអះអាងទៀតថា ឈ្មួញវៀតណាមបានសូកប៉ាន់មន្ដ្រីខ្មែររាប់លាន់ដុល្លារ ដើម្បីចូលកាប់ឈើក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា។

អង្គការបរិស្ថានអន្ដរជាតិនេះលើកឡើងទៀតថា បើតាមកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប គឺវៀតណាមមិនអាចនាំចូលឈើខុសច្បាប់ទៀតទេ ប៉ុន្ដែផ្ទុយទៅវិញ វៀតណាមបានបំពានគោលការណ៍នេះដោយថា «មន្ដ្រីសន្ដិសុខ និងរដ្ឋវៀតណាម បែរជាចេញកូតាផ្ដល់ភាពស្របច្បាប់ក្នុងសេដ្ឋកិច្ចវៀតណាមទៅវិញ ដោយជួយសម្រួលការលួចកាប់ឈើខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ទោះបីកម្ពុជា បានប្រកាសថាឈប់ធ្វើជំនួញឈើគ្រប់ប្រភេទជាមួយវៀតណាមហើយក៏ដោយក្ដី»

ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានលើកឡើងបន្តថា ការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាមក្នុងបទល្មើសព្រៃឈើខុសច្បាប់ ដែលមានទឹកប្រាក់រាប់លានដុល្លារដូចនេះ គឺសហគមអន្ដរជាតិនិងសហភាពអឺរ៉ុបមិនអាចទទួលយបានទេ និងទទូចឲ្យវៀតណាមបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។

របាយការណ៍របស់ EIA បញ្ជាក់បន្ថែមថា ចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ និងខែមីនាឆ្នាំ២០១៧នេះ ការលួចកាប់ឈើមួយត្រូវបានប្រតិបត្តិការយ៉ាងល្អនៅក្នុងខេត្តរតនគិរី ហើយដឹកនាំចេញដោយឆ្លងកាត់ព្រំដែនចូលទៅក្នុងខេត្ត Gia Lai របស់វៀតណាម ខណៈមានការគាំទ្រដោយអភិបាលខេត្តនេះ។
VOD បានទាក់ទងស្នងការរងនគរបាលខេត្តរតនគីរីលោក ចៅ នាង ប៉ុន្ដែពេលសួរពីសកម្មភាពកាប់ឈើខុសច្បាប់នេះ លោកបែរជាថាកំពុងជាប់រវល់។

ចំណែកអភិបាលខេត្តរតនគីរីលោក ថន សាវុន ក៏ឆ្លើយថា លោកកំពុងជាប់ប្រជុំដូចគ្នា។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិញ កំពុងប្រជុំ មានឮខ្ញុំបើក  speaker (សំឡេងចេញក្រៅ) ថាកំពុងប្រជុំ លោកនៅតែតេរហូត តេអត់ឈប់អញ្ចឹង ងាប់ខ្ញុំ»

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ជា សំអាន ថា លោកមិនទាន់ហ៊ានសន្និដ្ឋានថារបាយការណ៍នេះអាចបង្ហាញពីភាពត្រឹមត្រូវកម្រិតណាទេ ប៉ុន្ដែលោកថា ក្រុមការងារក៏កំពុងពិនិត្យរបាយការណ៍នេះដែរ។

លោកថា៖ «ការងារហ្នឹង អាហ្នឹងគេទេណា…ប៉ុន្ដែកាន់ខាងយើងកំពុងតែពិនិត្យរបាយការណ៍ហ្នឹង វាយ៉ាងម៉េច ប៉ុន្ដែការនាំចេញអាផ្លូវការហ្នឹង វាមិនសន្ធឹកសន្ធាប់ប៉ុណ្ណឹងទេ ប៉ុន្ដែតួលេខ និងការជឿទុកចិត្តបានកម្រិតណា ខ្ញុំអត់ទាន់ដឹងទេ ចាំមើល ពិនិត្យមើលសិន»

បើតាមរបាយការណ៍ដដែលនេះ ក្រៅពីកម្ពុជា វៀតណាមក៏បានចូលកាប់ឈើ និងនាំចូលឈើខុសច្បាប់ពីប្រទេសឡាវរាប់រយពាន់ម៉ែត្រគូបផងដែរ ខណៈរដ្ឋាភិបាលឡាវក៏ចេញបម្រាមហាមឃាត់ការនាំចេញឈើទៅក្រៅប្រទេស។
កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា តាមការបង្គាប់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ​​បានសម្រេចបង្កើតគណៈកម្មាធិការចំរុះមួយ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថជាតិ លោក ​​​សៅ សុខា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាលពីពេលនោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅលោក សៅ សុខា បាញ់គ្រាប់រ៉ុក្កែតពីលើឧទ្ធម្ភាគចក្រ នៅកាន់អ្នកលួចកាប់ឈើផងដែរ។

ភ្លាមៗនោះ នៅពាក់កណ្តាលខែមករាឆ្នាំ២០១៦ រដ្ឋាភិបាកម្ពុជា បានប្រកាសថា ខ្លួនបានលុបបំបាត់ការកាប់ឈើខុសច្បាប់ទូទាំងប្រទេស ហើយក៏គ្មានការនាំឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទេ។

ពាក់ព័ន្ធករណីនេះដែរ VOD បានទាក់ទងទៅមេបញ្ជាការកងរាជអាវុធហត្ថជាតិ លោក ​​​សៅ សុខា ប៉ុន្ដែជំនួយការរបស់លោកថា លោកកំពុងជាប់រវល់ប្រជុំ។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស លោក អ៊ូច ទ្បេង យល់ថា របាយការណ៍អង្គការអន្ដរជាតិនេះ បង្ហាញភាពត្រឹមត្រូវដែរ ដោយលោកសង្កេតឃើញថា ព្រៃឈើនៅកម្ពុជាគឺកំពុងតែអស់ទៅ។ លោកថា សកម្មភាពចូលកាប់ឈើ និងនាំចេញទៅក្រៅប្រទេស កំពុងកើតមានយ៉ាងគគ្រឹកគគ្រែងនៅខេត្ដមណ្ឌលគីរី និងរតនគីរី ហើយដែលត្រូវបានដឹកនាំចេញទៅវៀតណាម។

លោកថា៖ «កាន់តែអស់ទៅ ព្រោះជាក់ស្ដែងយើងឃើញហើយ ទោះបីជារដ្ឋាភិបាលគាត់ប្ដេជ្ញាចិត្តថា អត់មានការនាំឈើចេញក៏ដោយ តែនៅពេលនេះគឺថាមានការបង្ហាញ​ពីរបាយការណ៍ផ្លូវការថា មានការនាំចេញយ៉ាងគគ្រឹកគគ្រែងដដែល ហើយផ្ទុយទៅវិញ គឺគេមិនគោរពច្បាប់ទាល់តែសោះ»

លោកក៏បានរិះគន់ចំណាត់ការទប់ស្កាត់បទល្មើសព្រៃឈើរបស់រដ្ឋាភិបាលថា ហាក់ពុំមានប្រសទ្ធិភាពទេ ដោយលោកលើកហេតុផលថា ព្រោះការមិនគោរពច្បាប់ និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ៕

No comments:

Post a Comment